Ad Code

ចាន់ ប៊ុន​លាភ ជម្រះបញ្ជី​ជាមួយ Chhuok chhai នៅ​សង្វៀន​TV5



អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា គឺ​ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជា​អ្នក​ប្រដាល់​ថៃ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​TV5 Knock Out Series by K.Cem ent នៅលើ​សង្វៀន​TV5 ព្រែកកំពឹស នា​យប់​ថ្ងៃ​សៅរ៍ទី​២២​ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ។

អ្នក​ប្រដាល់​ជើងចាស់ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្តល់​ឪ​កាស​អោយ​ជួប​ជម្រះបញ្ជី​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Chhuok Chhai ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ។​

Chhuok Chhai ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុ​ជាច្រើន​នាក់ ដែល​ក្នុង​នោះគេ​វាយ​ឈ្នះ​ចាន់ ប៊ុន​លាភ​ចំនួន​២​លើក ដែល​លើក​ទី​១​គេ​ឈ្នះ​ប៊ុន​លាភ​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី ០៥ វិច្ឆិកា ២០១៧​និង​លើក​ទី​២ ឈ្នះ​ប៊ុន​លាភ ក្នុង​ទឹក​ទី​៤ នា​ថ្ងៃទី​១០​មិថុនា​២០១៨ ។ ប៉ុន្តែ​យ៉ាងណា Chhuok Chhai គេ​ក៏​ធ្លាប់​ចាញ់​អ្នក​ប្រដាល់​ខ្មែរ​ច្រើន​នាក់​ដែរ ក្នុងការ​មក​ប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ ។

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៤​លើក ក្នុងនោះ​វាយ​ឈ្នះ​៦៥​លើក ចាញ់​១៦​នេះ និង ស្មើ​០៣​លើក ហេតុនេះ​មិនធម្មតា​នោះឡើយ ។

ចាន់ ប៊ុន​លាភ គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង​ជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ប៊ុន​លាភ​នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ និង​ចាញ់​កម្ពស់ Chhuok Chhai តែប៉ុណ្ណោះ ។​ចាន់ ប៊ុន​លាភ មាន​ប្រវត្តិ​ប្រកួត​មិនតិច​ក្រោម​១០០​លើក​នោះទេ ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ វាយ​ចាញ់​Phich Nam Ek​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៦​សីហា​២០១៨ ។

ជា​លើក​ទី​២៨​របស់​ចាន់ ប៊ុន​លាភ ដែល​ឡើង​ប្រកួត​ជាមួយ​ថៃ ។ គេ​មិន​ហ៊ាន​អះអាង​មុន​ថា ប៊ុន​លាភ​ឈ្នះ​ក្នុង​ការប្រកួត​នេះ​ទេ ។ ចាំមើល តើ​ប៊ុន​លាភ អាច​សងសឹក​យកឈ្នះ Chhuok Chhai បានសម្រេច​ឬ​អត់ ?​សម្រាប់​ការជួបគ្នា​លើក​ទី​៣​នេះ ។

ចំពោះ ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ត្រូវគេ​ផ្តល់​ឪ​កាស​ម្តងទៀត អោយ​ជួប​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ។ ពួកគេ​ជួប​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

សូត្រ ខេ​វិ​ន បាន​វាយ​ចាញ់​ផាន រះ ដោយ​ពិន្ទុ​ចំនួន​២​លើក​ហើយ ។ តែ​យ៉ាងណា​ខេ​វិ​ន គេ​នៅតែ​មិន​អស់ចិត្ត​ចំពោះ​ការ​ចាញ់​នេះ ។​និយាយ​រួម ខេ​វិ​ន​ចាញ់​ដោយសារតែ​កម្លាំង​កាយសម្បទា​ខ្សោយ​ជាង​ផាន រះ ប៉ុណ្ណោះ ឯ​ទិច​និ​ច​និង​ស្នៀត​ប្រដាល់​គេ​មិន​ចាញ់​នោះឡើយ ។ ដូច្នេះ​ចាំមើល ការជួប​សងសឹក​លើក​ទី​២​នេះ សូត្រ ខេ​វិ​ន គេ​សងសឹក​ផាន រះ បានសម្រេច​ឬ​អត់ ? ។

ពុទ្ធ ម៉ា​ណូយ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​តាំង តាក់ អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែរ ។

តាំង តាក់ មិន​ធ្លាប់​ដែល​ប៉ះ​ជាមួយ​ពុទ្ធ ម៉ា​ណូយ​ទេ​កន្លងមក ។​អ្នក​ប្រដាល់​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ វាយ​ខ្លាំង ទម្ងន់ដៃ​ខ្លាំង ទាត់​ក៏​ខ្លាំង​ដែរ ។​តែ​តាំង តាក់ អន់​ខ្សោយ​ខាង​ល្បិចកល ដោយ​ប្រើតែ​កម្លាំង​ពេក ធ្វើអោយ​ឆាប់​ចុះខ្សោយ​កម្លាំង​នៅពេល​ប្រកួត​ចុង​ទឹក ។ ចាំមើល រវាង​តាំង តាក់ និង​ពុទ្ធ ម៉ា​ណូយ តើ​អ្នកណា​ឈ្នះ​? ។​

ផង់ សា​ម៉ា​ឡេ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មា​ជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែរ​។​ពីរ​នាក់​នេះ ពុំ​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក ។ ពីរ​នាក់​នេះ សុទ្ធតែ​វាយ​ខ្លាំង​ដូចគ្នា ហេតុនេះ​មិនដឹងថា​នរណា​ជា​អ្នកឈ្នះ​នោះទេ សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ ?៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu