ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០១៨នេះ ពោលគឺក្រោយពីទទួលបានគម្រោងពីក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានធ្វើការជួសជុល និងកែលម្អផ្លូវខូច នៅតាមខណ្ឌក្នុងរាជធានីភ្នំពេញ ឡើងវិញបានចំនួន១៥ខ្សែ ដែលមានប្រវែង៤៦៣៨០ ម៉ែត្រ ដើម្បី ចូលរួមកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរាជធានីភ្នំពេញបានកាន់តែភាពល្អប្រសើរឡើង។
នេះបើតាមការបញ្ជាក់អោយដឹងពីលោក គឹម វិបុល ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ កញ្ញានេះ ដោយលោកបានបញ្ជាក់ថា សម្រាប់គម្រោងផែនការរួម ក្នុងឆ្នាំ២០១៨នេះ មន្ទីរ អភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញទទួលបានពីក្រសួង លើការងារជួសជុល និងកែមលម្អផ្លូវខូច ក្នុងរាជធានីភ្នំពេញបានចំនួន១៥ខ្សែ។
លោកប្រធានមន្ទីរបន្តថា ក្នុងចំណោមផ្លូវទាំង១៥ខ្សែនេះ មាន៤ខ្សែ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ ដែលមានប្រវែង១៤.៨៦០ម៉ែត្រ។ ចំណែក១០ទៀត ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅនេះដែរ ដែលមានប្រវែង ៣ម៉ឺនម៉ែត្រ និង១ខ្សែទៀត ជាផ្លូវជួសជុលបន្ទាន់ ស្ថិតនៅក្នុងខណ្ឌដង្កោ មានប្រវែង១៥២០ ម៉ែត្រ ដែលផ្លូវទាំងអស់នេះ សុទ្ធសឹងជាផ្លូវដីក្រាលក្រួសក្រហម។
លោក បានបន្ថែមឲ្យដឹងទៀតថា បច្ចុប្បន្ន ផ្លូវដីគ្រួសក្រហមទាំងអស់នេះ មន្ទីរ ធ្វើការថែទាំជាលក្ខណៈខួប និងលក្ខណៈប្រចាំ លើផ្លូវលំ ដែលក្រសួងបានសម្រេចឲ្យធ្វើការថែទាំ។
លោក ប្រធានមន្ទីរ បានបញ្ជាក់ថា ក្រៅពីគម្រោងជួសជុល និងកែលម្អ ផ្លូវខូច ក្នុងរាជធានីភ្នំពេញ តាមរយៈក្រសួងអភិវឌ្ឍន៍ផ្តល់ឲ្យនេះ មន្ទីរ អភិវឌ្ឍន៍ជនបទរាជធានី ក៏បានទទួល ការអនុវត្តនូវគម្រោងជួសជុលអណ្តូងទឹក ការងារទឹកស្អាត និងបង្គន់អនាម័យ ពីក្រសួងបន្ថែមទៀត ដើម្បី ធ្វើយ៉ាងណា ចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។
លោក បន្តថា អនុវត្តតាមការដឹកនាំរបស់ក្រសួង អភិវឌ្ឍន៍ជនបទ និងការណែនាំពីអភិបាលរាជធានី មន្ទីរ បានចូលរួមចំណែក ពីផ្នែកគ្រប់ភាគីពាក់ព័ន្ធ សប្បុរសជន អង្គការជាតិ និងអន្តរជាតិនានា ក្នុងជំហររឹងមាំ ដើម្បី រួមចំណែកអភិវឌ្ឍន៏ រាជធានីភ្នំពេញឲ្យមានការរីកចម្រើនបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments