ភ្នំពេញ ៖ សៀវភៅ ភ្នំដងរែក ទីពុំអាចភ្លេច ជាស្នាដៃនិពន្ធរបស់លោកវេជ្ជបណ្ឌិត គួច ម៉េង លី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េង លី ជេ គួច អេឌ្យូខេសិន ដែលសៀវភៅនេះ បានរៀបរាប់ពីប្រវត្តិពិតរបស់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលបានស្លាប់ បណ្តាលមករបបអាវខ្មៅ ប៉ុល ពតនៅភ្នំដងរែក។
សៀវភៅនេះ មានកម្រាស់២៥០ទំព័រ ទំហំ១៣x១៩.៥ ដោយបានបោះពុម្ពផ្សាយចំនួន៣០០០ក្បាល ដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យម៉េង លី ជេ គួច នៅខែឧសភាឆ្នាំ២០១៨។ សៀវភៅនេះ បាននិយាយពីកម្រងជីវិតពិតរបស់ក្រុមគ្រួសារលោក វេជ្ជបណ្ឌិត គួច ម៉េង លី ដែលបានរត់ភៀសខ្លួនចេញពីខេត្តបាត់ដំបង ទៅកាន់ជំរំនៅជាយដែន កម្ពុជា ថៃ បំណងភៀសខ្លួនទៅកាន់ប្រទេសទី៣ ក្នុងបុព្វហេតុស្វែងរកសេរីភាព ដើម្បីជីវិត។
ការរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់ខ្មែរក្រហម និងការវាយប្រយុទ្ធគ្នារបស់កងទ័ពរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ជំរុញអោយក្រុមគ្រួសារ របស់លោកវេជ្ជបណ្ឌិត គួច ម៉េង លី បានទៅដល់ជាយដែនកម្ពុជា ថៃ និងស្នាក់នៅក្នុងជំរំបណ្តោះអាសន្នឈ្មោះ ណង ចាន់ ស្ថិតនៅភូមិណង ចាន់ ឃុំណង ចាន់ ស្រុកគោកស៊ូង ខេត្តស្រះកែវប្រទេសថៃ។ ជាអកុសល ការស្នាក់នៅជំរំនោះ ប្រហែលមួយសប្តាហ៍ ក៏ត្រូវទាហាន ប៉ារ៉ា ថៃដឹកជញ្ជូនឆ្ពោះទៅទម្លាក់ជ្រោះភ្នំដងរែក ផ្ទុយពីក្តីរំពឹងថា បានទៅកាន់ប្រទេសទី៣ នៃឋានសេរីភាព និងសន្តិភាព។ ទីភ្នំដងរែកនេះហើយ ដែលក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត គួច ម៉េង លី ក៏ដូចជាជនភៀសខ្លួនរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវទាហានប៉ារ៉ា ថៃចាប់បង្ខំអោយដើរទំលាក់ជ្រោះ មរណៈដ៏សែនចោត និងមហាប្រល័យ។ មហាប្រល័យក៏ព្រោះតែនៅផ្នែកខាងក្រោយនៃជ្រោះគឺពោរពេញទៅដោយគ្រាប់មីន ដែលគ្រាប់មីនទាំងនោះ បើតាមតួលេខ បានឆក់យកជីវិតជនភៀសខ្លួនប្រហែល៣០០០នាក់ និងជាង២០០០នាក់ទៀតបានបាត់ខ្លួន ហើយដែលជនភៀសខ្លួនទាំងនោះប្រហែល៩០ភាគរយត្រូវបានគេតក់សម្គាល់ឃើញថា មានជំងឺវិបល្លាសស្មារតី ឆាប់ភ័យខ្លាច តក់ស្លុតនិងបាក់ស្បាត។
សភាពនៃដំណើរលាត់ជ្រោះមរណៈដ៏សែនប្រល័យ ទីជ្រលងជ្រោះភ្នំដែលសម្បូរដោយគ្រាប់មីនបង្កៃ ដំណើរឆ្លងកាត់គំនរសាកសពរដូករណែល ការបង្ខំឲ្យផឹកទឹកដងអូរ ដែលមានខ្មោចអណ្តែតស្ពីង និងមានខ្លាញ់រលើម ការរើសចំណីពីខ្មោច សម្រែកនៃក្តីសោកសង្រេង កើតចេញពីការនិរាសព្រាត់ប្រាសក្រុមគ្រួសារសាច់ញាតិ សភាពរងទុក្ខវេទនាបណ្តាលមកពីការអត់អាហារ អាកាសធាតុនិងស្ថានភាពផ្លូវមិនអំណោយផល ការវង្វេងក្នុងព្រៃឬស្សី សភាពដេកក្នុងទឹក ការដើរសុំទានគេ បូករួមនឹងជីវិតពីកុមារភាពនិងការឆ្លងកាត់របបអាវខ្មៅដោយអន្លើ នៃយុវភាពរបស់លោកវេជ្ជបណ្ឌិត គួច ម៉េង លី និងក្រុមគ្រួសារផងនោះ ត្រូវបានលាតត្រដាងតាមរយៈ សៀវភៅដែលមានចំណងជើងថា ភ្នំដងរែក ទីពុំអាចភ្លេចនេះ។
លោកវេជ្ជបណ្ឌិត គួច ម៉េង លី ក្នុងពិធីសម្ពោធសៀវភៅ ភ្នំដងរែក ទីពុំអាចភ្លេច កាលពីព្រឹកថ្ងៃទី១៩ កញ្ញានេះ បានបញ្ជាក់អោយអ្នកព័ត៌មានដឹងថា ការនិពន្ធនិងបង្កើតអោយមានសៀវភៅនេះឡើង ក្នុងគោលបំណងដើម្បីអោយកូនខ្មែរយើងបានដឹងពីប្រវត្តិពិតរបស់កម្ពុជា ដែលត្រូវបានបំផ្លិចបំផ្លាញ និងកាប់សម្លាប់មនុស្សដោយសារសង្គ្រាម។ សង្គ្រាមនេះហើយ បានធ្វើអោយប្រទេសកម្ពុជាយើងដើរថយក្រោយរាប់សិបឆ្នាំ។ លោកបន្តថា តម្លៃសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលយើងត្រូវរួមគ្នារក្សាអោយបានគង់វង់៕
Source: Kampuchea Thmey Daily
0 Comments