Ad Code

ជនសង្ស័យ​ម្នាក់​ជំនាញ​២​មុខ​លក់​គ្រឿងញៀន និង​ឆក់​ត្រី​ត្រូវបាន​នគរបាល​បង្ក្រាប​បញ្ជូនទៅ​សាលាដំបូង​ខេត្ត



បន្ទាយមានជ័យ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ការិយាល័យ ការពារ​និង​អន្តរាគមន៍ និង​កម្លាំង​នគរបាល​ស្រុក​អូរជ្រៅ បាន​ចុះ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់​ជំនាញ​២​មុខ​លក់​គ្រឿងញៀន និង​ឆក់​ត្រី រួម​ទាំង​ដកហូត​វត្ថុតាង​មួយចំនួន នៅវេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។



លោក​វរសេនីយ៍ត្រី ង៉េ​ង សុជា នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មាន ឈ្មោះ​ពេ​ត សា​រ៉ុ​ម ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។



លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត ក៏បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ នៅ​នឹង​ផ្ទះ​របស់​ជនសង្ស័យ រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​ម្សៅ​ ពណ៌​ស​ក្រាម ចំនួន​២​កូន​ថង់​ទម្ងន់​១១,១០​ក្រាម កាំភ្លើងខ្លី​ជ័រ​ម៉ា​កឡុក​១​ដើម ទូរស័ព្ទដៃ​១​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១ ដែកកេះ​២ ដាវ​សា​ម៉ូ​រ៉ៃ ១ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត និង​ក្រដាស​វេ​លុយ​ថ្លៃ​ទិញ​ថ្នាំ​ចំនួន​២​សន្លឹក​ ជន​នេះ​ជា​មុខសញ្ញា​ប្រើប្រាស់​និង​ជួញដូរ​គ្រឿង និង​ជា​មុខសញ្ញា ឆក់​ត្រី​យ៉ាងសកម្ម​ផង​ដែរ​។



បើ​តាម​ចម្លើយ​សារភាព របស់​ជនសង្ស័យ បាន​និយាយ​ថា ថ្នាំញៀន​ទាំងនេះ គឺ​គេ ទិញ​មកពី​មនុស្សម្នាក់​នៅ​ថៃ ក្នុង​១​ថង់​នេះ តម្លៃ​៥០​ម៉ឺន​រៀល ចំពោះ​លុយកាក់​គឺ​គេ​វេ​តាម​វី​ង និង​ទ្រូ​ម៉ា​នី រួច​យក​ថ្នាំ​មក​លក់​ចែកចាយ​បន្ត​ក្នុងភូមិ​ចំពោះ​សកម្មភាព​របស់​គេ​ទើបតែ​ជា​លើក​ទី​១ ទេ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​។

លោក​អា​ត់​ ខែម​ បាន​បញ្ជាក់​ថា ​ក្រោយពី​បាន​ចំលើយ​របស់​ជនសង្ស័យ​ហើយ​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ ប្រឆាំង​គ្រឿង​ញៀន កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu