Ad Code

ជប៉ុន​ជម្លៀស​មនុស្ស​ចេញពី​ព្រលាន​យន្តហោះ​ធំ​ បន្ទាប់ពី​ព្យុះ​ទីហ្វុង​បង្ក​ការខូចខាត



ព្រលាន​យន្តហោះ​ដ៏​ធំ​មួយ​ ដែល​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ពេល​ព្យុះ​ទី​ហ្វុ​ង​ដ៏​សាហាវ​មួយ​វាយប្រហារ​ផ្លូវ​ចូល​តែមួយគត់​របស់​ខ្លួន​នោះ​គឺ​បាន​ជម្លៀស​មនុស្ស​ចេញ​កាលពី​ថ្ងៃ​ពុធ​ ខណៈ​ប្រទេស​ជប៉ុន​ជួបប្រទះ​នឹង​ការ​បំផ្លិចបំផ្លាញ​ ដែល​បង្កឡើង​ដោយ​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ។

ទូក​ជាច្រើន​បាន​ដឹក​អ្នកដំណើរ​ដែល​ជាប់គាំង​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Kansai បន្ទាប់ពី​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​បង្ខំ​ឲ្យ​ចំណាយពេល​មួយ​យប់​នៅក្នុង​កន្លែង​ដែល​លិច​ទឹក​។​
មនុស្ស​យ៉ាងតិច​១០​នាក់​បាន​ស្លាប់​និង​រាប់រយ​នាក់​ទៀត​រងរបួស​ដោយ​សារ​ព្យុះ​ទី​ហ្វុ​ង Jebi ខណៈដែល​វា​បាន​រាលដាល​ទៅដល់​តំបន់​ផលិតកម្ម​ធំៗ​នៅ​ជុំវិញ​ទីក្រុង​អូ​សា​កា​ដែលជា​ទីក្រុង​លំដាប់​ទី​២​របស់​ប្រទេស​ជប៉ុន​ដែល​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផ្ទះសម្បែង​។​

ល្បឿន​ខ្យល់​រហូតដល់​២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​បំ​ប៉ើង​ដំបូលផ្ទះ បំបះ​រថយន្ត​ដឹកទំនិញ​នៅលើ​ស្ពាន​និង​បំ​ប៉ើង​នាវា​ដឹក​ប្រេង​ទម្ងន់​២,៥០០​តោន​មួយគ្រឿង​ឲ្យ​ទៅបុក​ស្ពាន​មួយ​ដែលជា​ផ្លូវ​នាំទៅ​ព្រលានយន្តហោះ​ដែលជា​ច្រក​ផ្លូវ​អន្តរជាតិ​ដ៏​សំខាន់​និង​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ជាតិ​។​

ការខូចខាត​ដល់​ស្ពាន​នេះ​បាន​បណ្តាល​ឲ្យ​ផ្លូវ​ទៅ​កោះ​សិប្បនិម្មិត​ត្រូវបាន​កាត់ផ្តាច់​ហើយ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ប្រមាណ​៣,០០០​នាក់​និង​បុគ្គលិក​បន្ថែមទៀត​ត្រូវ​ជាប់គាំង​ពេញ​មួយ​យប់​។​

ផ្លូវ​ក្រោម​ដី​ត្រូវបាន​ជន់​លិច​ខណៈដែល​រលក​ខ្ពស់​បាន​បោក​ចូលក្នុង​ព្រលានយន្តហោះ​កាលពី​ថ្ងៃ​អង្គារ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​បង្គោល​ភ្លើង​ត្រូវ​ដួលរលំ​និង​ជន់​លិច​អគារ​នោះ​។​

គិត​ត្រឹម​ថ្ងៃ​ពុធ មនុស្ស​រាប់រយ​នាក់​ត្រូវបាន​គេ​ដឹក​ទៅ​ទីក្រុង Kobe តាម​ទូក​ដែល​ជួល​ពិសេស​ប៉ុន្តែ​មនុស្ស​ជាង​ពីរពាន់​នាក់​ទៀត​នៅតែ​កំពុង​រង់ចាំ​ការជួយ​សង្គ្រោះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ការចង្អុលបង្ហាញ​នៅឡើយ​ទេ​ថា​តើ​នៅពេលណា​ទើប​ព្រលានយន្តហោះ​ដែល​ដំណើរការ​ជាង​៤០០​ជើងហោះហើរ​ក្នុង​មួយថ្ងៃ​មួយ​នេះ​អាច​នឹង​បើក​ឡើងវិញ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Yoshihide Suga បាន​និយាយថា អ្នកស្លាប់​ដោយសារ​ព្យុះ​នេះ​មាន​ចំនួន​១០​នាក់​ហើយ​៣០០​នាក់​បាន​រងរបួស៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu