Ad Code

ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ជា​ខួប​២០​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើ​ឃាដ​លើ​សម្ដេច​តេ​ជោ ហ៊ុន សែន



ភ្នំពេញ ​៖ ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ គឺជា​ខួប​២០​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើ​ឃាដ​លើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រឹត្តិការណ៍​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៥២​នាទី​ព្រឹក ថ្ងៃទី​២៤ ខែ​កញ្ញា ​ឆ្នាំ​១៩៩៨ ដែល​ពេលនោះ មាន​គ្រាប់​រ៉ុក្កែត បេ​៤០ មួយ​គ្រាប់​ក្នុងចំណោម​៤​គ្រាប់ បាន​ហោះ​សំដៅ​រថយន្ត​របស់​សម្តេច តែ​មិនបាន​ត្រូវ​ទេ ហើយ​បាន​ហោះ​ទៅបុក​ផ្ទះ​ប្រជាជន​នៅ​ម្ខាង​ផ្លូវ ធ្វើអោយ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​ត្រូវរបួស​ជា​ទម្ងន់។

ស​ម្តេច​តេ​ជោ ហ៊ុន សែន លើក​​​ឡើង​ថា ការរៀបចំ​ធ្វើ​ឃាដ​លើ​ស​ម្តេច​នាពេលនោះ ​ត្រូវបាន​ធ្វើឡើង​ស្របពេល​នៃ​ការប្រជុំ​សភា​នីតិកាល​ទី​២ ដែល​ត្រូវ​ប្រជុំ​នៅ​ព្រះរាជដំណាក់​នាទី​ក្រុង​សៀមរាប ក្រោម​ព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ ហើយ​ប្រសិនបើ​ពេលនោះ​គ្រាប់​បេ​៤០​ទាំង​៤​គ្រាប់ ផ្ទុះ​ព្រម​គ្នា​ទាំងអស់ ឬ​ព្រឹក​នោះ មិនមាន​ភ្លៀង​ធំ​ទេនោះ ប្រហែលជា​ជីវិត​របស់​សម្តេច​ត្រូវ​ចប់​ហើយ​។ សម្តេច​បញ្ជាក់ថា “​ប្រសិនបើ​ខ្ញុំ​ស្លាប់​នាពេលនោះ តើ​នឹង​មានរឿង​អ្វី​កើតឡើង​ក្រោយពេល​ខ្ញុំ​ស្លាប់ នៅក្នុង​ក្រុង​សៀមរាប ? បន្ទាប់មក តើ​សង្គ្រាម​អាច​បញ្ចប់​បាន​តាមរយៈ​នយោបាយ ឈ្នះ​-​ឈ្នះ ដូច​ពេល ហ៊ុន សែន នៅរស់ ឬទេ​?​នេះ​ជា​ចម្លើយ ដែល​ត្រូវ​ឆ្លើយ​សម្រាប់​សំណួរ​ទាំងពីរ​ខាងលើនេះ”។

ជាមួយគ្នា​នោះ សម្តេច​តេ​ជោ បាន​អរគុណ​ទេវតា ដែល​ថែរក្សា​អង្គរវត្ត ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងអស់ ដែល​ជួយ​ការពារ​នា​ពេល​នោះ។ ស្តេច​ជឿ​ច្បាស់​ណាស់​ថា អ្នក​ជួយ​ជីវិត​នា​ពេល​នោះ គឺ​តាមផ្លូវ​ងងឹត គឺ​គុណបុណ្យ ទេវតា​ទាំង​ភូមិ​ទេវតា រុក្ខទេវតា អាកាស​ទេវតា បារមី​ព្រះអង្គ​ចេក ព្រះអង្គ​ចម បារមី​ដែល​តាម​ថែរក្សា​សម្តេច​ជាប្រចាំ​កន្លងមក​បាន​ជួយ​ជីវិត​អោយ​រស់​បាន​២០​ឆ្នាំ​កន្លង​មក​នេះ ដែល​ធ្វើអោយ​សម្តេច​បាន​ដឹកនាំ​ប្រទេស​ចេញពី​សង្គ្រាម​មកកាន់​សន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ។

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​ទៀត​ថា សម្តេច​បាន​អហោសិកម្ម​អោយ​អ្នក ដែល​ចង់​សម្លាប់​សម្តេច​នៅ​សៀមរាប​រួចហើយ បើទោះ​បីជា​សម្តេច​មាន​ពន្លឺ​ក្នុង​ការ​ស្រាវជ្រាវ​ក៏ដោយ តែ​អ្នក​ត្រូវ​ដឹង​ថា ពេលណា​សម្តេច​នៅ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី សម្តេច​មិន​អោយ​ពួកគេ​ធ្វើ​អ្វីៗ​បានសម្រេច​ទេ មិន​អោយ​ពួកគេ​ធ្វើ​រដ្ឋប្រហារ ឬ​ធ្វើ​បដិវត្ត​ពណ៌​បានទេ​។ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ សម្តេច​ត្រូវ​ការពារ​សន្តិភាព និង​ការពារ​ជីវិត​ប្រជាជន​កម្ពុជា​អោយ​ខាន​តែ​បាន៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu