Ad Code

មន្ទីរ​សុខាភិបាល​ខេត្ត​ ប្រកាសឱ្យ​ប្រជាពលរដ្ឋ​ប្រយ័ត្ន​ជំងឺ​ឆ្លង​នៅ​រដូវ​ទឹក​ស្រក



ស្ទឹងត្រែង​ ៖ ​តប​តាម​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​ស្ដីពី​ការ​បង្ការ​បញ្ហា​សុខភាព​ក្រោយ​ទឹកជំនន់​ស្រក​ទៅវិញ​ នៅ​ថ្ងៃ​០៥​ ខែ​កញ្ញា​-​ឆ្នាំ​២០១៨​នេះ មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​ប្រកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រយ័ត្ន​ចំពោះ​ជំងឺ​ឆ្លង​ព្រោះ​នៅ​រដូវ​ទឹកជំនន់​ស្រក​ទៅ អាច​នឹង​មាន​ជំងឺ​រាតត្បាត​មួយចំនួន​កើតមានឡើង​ដូចជា​ជំងឺរាក​-​ជំងឺគ្រុនឈាម​-​ជំងឺ​កមរមាស់​-​និង​ជំងឺ​ព្រូន​ជាដើម។

លោក​វេជ្ជបណ្ឌិត​ទ​ន ​វុទ្ធី ​អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​ប្រធាន​ក្រុម​អន្តរាគមន៍​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​ថា ​៖​ បញ្ហា​ទាំងនេះ​សូម​សាធារណជន​ទាំងអស់​លើកកម្ពស់​ការ​បង្ការ​ជំងឺ​ឆ្លង ព្រោះថា​ពេល​ទឹក​ស្រក​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ របស់របរ​ប្រើប្រាស់​មួយចំនួន​ក៏​មាន​ការខូចខាត​ ហើយ​អ្វីៗ​ត្រូវ​ផ្លាស់ប្តូរ ​​យើងត្រូវ បង្ការ​ជំងឺឆ្លង​នៅ​រដូវ​ទឹក​ស្រក​ទៅ​នេះ។

​លោក​វេជ្ជបណ្ឌិត​បង្ហាញ​ថា​ ៖​ ជំងឺ​ទាំងនេះ​យើង​អាច​បញ្ចៀស​វា​បាន​គ្រាន់តែ​បងប្អូន​ប្រជាពលរដ្ឋ​យើង​អនុវត្ត​នូវ​វិធានការ ការ​ថែរក្សា​សុខភាព ​ដែល​មន្ត្រី​សុខាភិបាល​បាន​ណែនាំ​ដូចជា​ចំណីអាហារ​ត្រូវ​មាន​អនាម័យ សំអាតខ្លួន​​​ប្រាណ គេង​ដាក់​មុង ​​បរិភោគ​ទឹក​ឆ្អិន និង​រៀប​សំអាត​​​បង្គន់​អនាម័យ​ឡើងវិញ​។​

លោកស្រី​ប៊ុត​ដា​នាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រះ​ឬ​ស្សី​ក្រុង​ស្ទឹងត្រែង​បាន​បញ្ជាក់ថា ​៖ នៅពេល​ទឹក​ស្រក​ទៅនេះ ​ពួកគាត់​ក៏​ព្រួយបារម្ភ​ខ្លាច​កើត​ជំងឺ​ឆ្លង​ផ្សេងៗ​ដែរ​ព្រោះ​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ ដោយសារតែ​ទឹក​ជំនន់​បំផ្លិចបំផ្លាញ។

លោកស្រី​នូ​ថង​ដាំ​នៅ​សង្កាត់​ស្រះ​ឬ​ស្សី​នេះដែរ​ បាន​អះអាងថា ​៖​ ភារកិច្ច​រក្សា​សុខភាព​ប្រជាពលរដ្ឋ​បាន​អនុវត្តតាម​ការណែនាំ​គ្រប់​មធ្យោបាយ ​ដែល​មន្ត្រី​សុខាភិបាល​បាន​ផ្សព្វផ្សាយ​កន្លងមក មិន​ធ្វេសប្រហែស​ទេ។

លោកស្រី​ថា ​៖ ​ទោះជា​យ៉ាងណា​ពួកគាត់​ជា​អ្នកស្រែ​ចំការ តែងតែ​ព្រួយបារម្ភ​ចំពោះ​កូនចៅ​តូច​ព្រោះ​នៅ​តាម​មូលដ្ឋាន ពេល​រដូវ​ទឹក​ឡើង​ច្រើន​ប្រឈម​នឹង​ជំងឺ​គ្រុនចាញ់​ឬ​គ្រុនឈាម​ឬ​គ្រុនផ្តាសាយ​ផ្សេងៗ​ទៀត​។

​សូមបញ្ជាក់ថា​ ៖​ ករណី​ទាំងនេះ​មន្ត្រី​សុខាភិបាល​បាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រសិនបើ​មាន​បញ្ហា​សុខភាព​សូម​លោកអ្នក​ទៅពិនិត្យ​ និង​ព្យាបាល​ឱ្យ បាន រួសរាន់​ និង​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ផ្ទះ​លោកអ្នក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu