Ad Code

មា​ជ សុខ​រ៉ា ជួប​ថៃ Phat Cha ឯ ហេង វិឆ័យ ជួប​បារាំង NASER នៅ​SEATV



មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ និង ហេង វិឆ័យ អ្នក​ប្រដាល់​នៃ​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​អ្នករៀបចំ​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​។ ទាំង​២​គូ​នេះ នឹង​ប្រកួត​គ្នា​នាយប់​ថ្ងៃ​សៅរ៍​ទី​០៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៨ នៅលើ​សង្វៀន​Ganzberg Top Fighter របស់​SEA-TV ។​

មា​ជ សុខ​រ៉ា គេ​នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phat Cha ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គ​.​ក្រ ។ អ្នក​ប្រដាល់​ថៃ ដែល​មា​ជ សុខ​រ៉ា ត្រូវ​តស៊ូ​ជាមួយ​នោះ ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ ដែលមាន​ប្រវត្តិ​ប្រកួត​៦៥​លើក ដោយ​វាយ​ឈ្នះ​៥៦​លើក ចាញ់​០៩​លើក មិនដែល​ស្មើ ខ​ណះ​ដែល​សុខ​រ៉ា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​លើក ឈ្នះ​៥២​លើក​ចាញ់​០៥​លើក និង​ស្មើ​០៣​លើក ។​
Phat Cha គេ​មក​ប្រកួត​លើកចុងក្រោយ​នៅ​សង្វៀន​SEATV​នេះ គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង មាស ច័ន្ទ​មាន ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ក្នុង​ទឹក​ទី​៣ ដោយ​ដាល់​ពោះ​ច័ន្ទ​មាន​អោយ​សន្លប់​លើ​រេញ​។​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ផ្លែ​ល្អ​ពិសេស​កណ្តាប់ដៃ​ហើយ​ជង្គង់​និង​ទាត់ ក៏​ល្អ​ដែរ ។

តែ​សម្រាប់​លើក​នេះ មិនដឹងថា Phat Cha អាច​យកឈ្នះ​មា​ជ សុខ​រ៉ា បាន​ទៀត​ឬក៏​អត់​នោះទេ​? ព្រោះ​មា​ជ សុខ​រ៉ា ការប្រកួត​ចុងក្រោយ​នៅក្នុង​ស្រុក គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​បារាំង​Kevin ក្នុង​ទឹក​ទី​២ ហើយ​ប្រកួត​ចុងក្រោយ​ជាមួយ​អ្នក​ប្រដាល់​ថៃ​Khun Krong Thap ដោយ​ពិន្ទុ ។

ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​មា​ជ សុខ​រ៉ា និង​Phat Cha នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ព្រោះថា​អ្នក​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ប៉ះគ្នា​នោះទេ ។​

ចំពោះ អ្នក​ប្រដាល់​ជើងចាស់​ហេង វិឆ័យ ក្លិប​អេ​ភូ​ថង​កីឡា នឹងត្រូវ​ជួប​ជម្រះបញ្ជី​ជាមួយ​អ្នក​ប្រដាល់​បារាំង​ឈ្មោះ NASER ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម​។ ជា​លើក​ទី​២​ហើយ ដែល​វិឆ័យ​បាន​ជួប​អ្នក​ប្រដាល់​ស្បែក​ខ្មៅ​អឺរ៉ុប​នេះ ។​កាលពី​ជួបគ្នា​លើក​មុន​(១៤​កក្កដា​២០១៨) ពួកគេ​ទាំងពីរ វាយ​ស្មើ​ពិន្ទុ​គ្នា ។

ហេង វិឆ័យ ជា​អ្នក​ប្រដាល់​ជើងចាស់ ធ្លាប់​ហែល​ឆ្លងកាត់​ប្រកួត ជាមួយ​ថៃ​ប៉ុន្មាន​លើក​ដែរ​ហើយ​។ យ៉ាងណា ប៉ះ​ជាមួយ​អ្នក​ប្រដាល់​បារាំង វិឆ័យ​លែង​ហ៊ាន​មើលស្រាល​ហើយ ។​Naser មានកំនត់​ត្រា​ប្រកួត​ទើបបាន​៣០​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​១៨​លើក និង​ចាញ់​១២​លើក​។

អ្នក​ប្រដាល់​បារាំង​រូបនេះ ថ្វីត្បិតតែ​មានកំនត់​ត្រា​ប្រកួត​តិច តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ មាន​បច្ចេកទេស​វាយ​ល្អ ដែល​មិនអាច​មើលស្រាល​បាន ។ Naser កាលពី​ថ្ងៃទី​១១​សីហា​នៅលើ​សង្វៀន​SEATV​នេះ គេ​បាន​វាយ​ចាញ់​ជើងចាស់​ន​ន់ ជំនិត ដោយ​ពិន្ទុ តែ​មុននឹង​ចាញ់​នោះ គេ​បាន​វាយ​ជំនិត​អោយ​អាជ្ញាកណ្តាល​រាប់​៨​ក្នុង​ទឹក​ទី​១​ដែរ ។​ដូច្នេះ​Naser​មិនធម្មតា​នោះឡើយ​។​វិឆ័យ ក៏​នៅតែ​ប្រឈម​ការលំបាក​ត្រង់​ចាញ់​កម្ពស់​អ្នក​ប្រដាល់​បារាំង​នោះ ដោយ​NASER មាន​កម្ពស់​រហូតដល់​១,៧៣​ម៉ែត្រ ខ​ណះ​ដែល​ខ្លួនគេ​កម្ពស់​តែ​១,៧១ ម៉ែត្រ ។ ដូច្នេះ​ចាំមើល រវាង​ហេង វិឆ័យ និង អ្នក​ប្រដាល់​បារាំង​Naser​នេះ តើន​រណា​ឈ្នះ​សម្រាប់​ជំនួប​លើក​ទី​២​នេះ​?៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu