Ad Code

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ដំណើរការ​ប្រជុំ​រដ្ឋសភា​ដំបូង ដោយ​រលូន​នេះ គឺជា​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ



ភ្នំពេញ​ ៖ ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា សម័យប្រជុំ​លើកដំបូង និង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​តាម​កម្ម​វិធី​គ្រោងទុក​នេះ គឺជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុងការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ពង្រឹង​នីតិរដ្ឋ ដែលជា​សិទ្ធិ​សម្រេច​ដ៏​ពេញលេញ​របស់​ប្រជាជន​កម្ពុជា ជា​ម្ចាស់​ជោគវាសនា​របស់​ប្រទេសជាតិ​ខ្លួន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើកឡើង​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ ២០១៨ និង​ស្រប​ពេលដែល​រដ្ឋសភា​បើក​កិច្ចប្រជុំ​ដំបូង​។ លោក​ថ្លែង​យ៉ាងនេះ​ថា ថ្ងៃ​ពុធ ១០ រោច ខែ​ស្រាពណ៍​ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ ២០១៨ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដ៏​មាន​សារសំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​តាម​កម្មវិធី ដែល​បាន​គ្រោងទុក ក្រោម​ព្រះរាជា​ធបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​វត្តមាន​ជា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​របស់​បណ្តា​ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត បណ្តា​ប្រទេស ដែលមាន​ចំណងទាក់ទង​ការទូត​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​និវេសនដ្ឋាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

តាម​លោក សុខ ឥសាន “​ការប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៦ នៅថ្ងៃនេះ បាន​ដំណើរការ​តាម​កម្មវិធី​លំដាប់លំដោយ ជា​បន្តបន្ទាប់ ក្រោម​ការដឹកនាំ​របស់​សម្តេច​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​នៃ​រដ្ឋសភា និង​មាន​តំណាងរាស្ត្រ​ជាប់ឆ្នោត​៥​រូប ដែល​មាន​អាយុ​តិច​ជាង​គេ ជា​លេខាធិការ​កត់ត្រា។

តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង​១២៥​រូប ត្រូវ​បាន​ប្រកាស​សុពល​ភាព​ដោយ​ប្រធាន​អង្គប្រជុំ តាម​សេចក្តី​សម្រេច​ផ្លូវការ​របស់ គ​.​ជ​.​ប។ បន្ទាប់មក​អង្គប្រជុំ បាន​អនុម័ត​លើ​ខ្លឹមសារ​នៃ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ដោយ​សម្លេង​ឯកច្ឆន្ទ។ នៅ​រសៀល​ថ្ងៃ​ដដែល តំណាងរាស្ត្រ​ទាំ​១២៥​រូប បាន​ទៅធ្វើ​សច្ចាប្រណិធាន​ស្បថ​នៅ​ព្រះបរមរាជវាំង ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ព្រះសង្ឃរាជ​ទាំងពីរ​គណៈ ប្រកបដោយ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់​ក្រៃលែង​”​។​

លោក សុខ ឥសាន បញ្ជាក់ទៀតថា ដំណើរការ​ប្រជុំ​ដំបូង​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​តាម​កម្ម​វិធី​គ្រោងទុក​នេះ គឺជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ពង្រឹង​នីតិរដ្ឋ ដែលជា​សិទ្ធិ​សម្រេច​ដ៏​ពេញលេញ​របស់​ប្រជាជន​កម្ពុជា ជា​ម្ចាស់​ជោគវាសនា​របស់​ប្រទេសជាតិ​ខ្លួន​។​

សូម​បញ្ជាក់​ថា សម័យប្រជុំ​លើកដំបូង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨​ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃ​បណ្តា​ប្រទេស​នានា​ប្រចាំ​កម្ពុជា​ផងដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu