Ad Code

ណាហ្គា​វើ​លដ៍ ផ្តល់ប្រាក់​រង្វាន់​ជូន​ដល់​អត្តពលិក​ឈ្នះ​មេដាយ​កីឡា​ទ្វីបអាស៊ី



ភ្នំពេញ​ ៖​ ដើម្បី​អបអរ​ដល់​ការ​បំបែក​ឯតទគ្គ​កម្ម​រប​ស់​ប្រទេស​កម្ពុជា​ក្នុងការ​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​ឆ្នាំ ២០១៨ ក្នុងប្រទេស​ឥណ្ឌូនេស៊ី ណាហ្គា​វើ​លដ៍ បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​ពិសេស​មួយ​នៅថ្ងៃនេះ​ដើម្បី​ផ្តល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ដែល​បាន​យក​មេដាយ​មក​ជូន​ជាតិ។ ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២​។​

ពិធី​ប្រគល់​នេះ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​០៥​ខែកញ្ញា​ឆ្នាំ​២០១៨​ដោយមាន​ការចូលរួម​ពី​លោក​បណ្ឌិត​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) មន្ត្រី NO CC អត្ត​ព​លិ​ក និង​គណៈ​គ្រប់គ្រង​របស់​ណាហ្គា​វើ​លដ៍​ក្រោម​បរិយាកាស​ដ៏​រីករាយ​បំផុត​។
កញ្ញា ខាន់ ចេ​សា កីឡាការិនី​វិញ្ញាសា​ជឺ​ជី​តស៊ូ​មេដាយមាស​វ័យ ១៦ ឆ្នាំ​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៤៩ កី​ឡូ​ក្រាម និង​លោក សាលី អ៊ូ​មើ​ត កីឡាករ​មេដាយមាស​វិញ្ញាសា​ម៉ូតូ​ទឹក Ski Modified ទទួលបាន ១០.០០០ (​មួយ​ម៉ឺន​)​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ​ពី​ណាហ្គា​វើ​លដ៍ ។ ជាមួយគ្នានេះដែរ​ណាហ្គា​វើ​លដ៍ ក៏បានផ្តល់ ៣.០០០ (​បី​ពាន់​)​ដុល្លារ​អាមេរិក​បន្ថែម​ដល់​អ៊ូ​មើ​ត​ផងដែរ​សម្រាប់​មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា​ម៉ូតូ​ទឹក Runabout 1100 Stock ដែល​គាត់​បានឈ្នះ ។ ណាហ្គា​វើ​លដ៍ ក៏បានផ្តល់​ទឹកប្រាក់​បន្ថែមចំនួន ១.៥០០ (​មួយ​ពាន់​ប្រាំ​រយ​)​ដុល្លារ​អាមេរិក​ដល់គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផងដែរ​សម្រាប់​មេដាយ​ទាំង ៣ គ្រឿង​ដែល​អត្ត​ព​លិ​ក​របស់​យើង​បានឈ្នះ។

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​នេះ នាយក​គ្រប់គ្រង​ណាហ្គា​វើ​ល​ដ៍លោក Pern Chen បាន​មានប្រសាសន៍ថា “​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង​ដែល​បានទទួល​ស្វាគមន៍​អត្តពលិក​ជ័យលាភី​របស់​យើង​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​ឆ្នាំ ២០១៨ ។ មេដាយមាស ២ គ្រឿង និង​មេដាយ​សំរឹទ្ធ ១ គ្រឿង គឺជា​លទ្ធផល​ល្អ​បំផុត​ដែល​កម្ពុជា​មិន​ធ្លាប់​ធ្វើបាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី ហើយ​ណាហ្គា​វើ​លដ៍​មាន​មោទនភាព​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ស្នាដៃ​ដ៏​ត្រចះត្រចង់​របស់​អត្ត​ព​លិ​ក​កម្ពុជា​ក្នុង​ការជួយ​ធ្វើ​ឲ្យ​លេខ​រៀង​កីឡា​របស់​កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ល្អ​ជាង​មុន​ក្នុងចំណោម​ប្រទេស ៤៥ ដែល​បាន​ចូលរួម​ប្រកួត​” ។

លោក​បន្តថា “​ស្នាដៃ​នេះ សរ​បញ្ជាក់​ឲ្យ​ឃើញថា ការ​ខឹ​ត​ខំប្រឹងប្រែង​របស់ NOCC ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ណាហ្គា​វើ​លដ៍​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា ពិត​ជាមាន​ផ្លែផ្កា​ល្អ ។ ណាហ្គា​វើ​លដ៍ ពិត​ជាមាន​កិត្តិយស​យ៉ាងខ្លាំង​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ជាមួយ​គណៈកម្មាធិកា​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិស័យ​កីឡា​នៅ​កម្ពុជា នឹង​កាន់តែ​រះ​ត្រចះត្រចង់​នៅលើ​ឆាក​អន្តរជាតិ ។​

លោក​បណ្ឌិត​ថោង​ខុន​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​ណាហ្គា​វើ​លដ៍​ដែល​បានផ្តល់​រង្វាន់​ដល់​កីឡាករ​កម្ពុជា​ដែល​ទទួលបាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​។​លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​ចា ត់​ទុក​ការផ្តល់​រង្វាន់​នេះ​គឺជា​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ដល់​កីឡាក​របស់​យើង​ឲ្យ​កាន់តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ថែមទៀត​។​

ណាហ្គា​វើ​លដ៍ គឺជា​ក្រុមហ៊ុន​ឯកជន​ទីមួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​ជាមួយ NOCC ក្នុងការ​ឧបត្ថម្ភ​គាំទ្រ​ក្រុមកីឡា​កម្ពុជា​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១១ ក្នុងប្រទេស​ឥណ្ឌូនេស៊ី និង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០១២ ក្នុង​ទីក្រុង​ឡុង​ដ៍ ។ បន្ទាប់មក ណាហ្គា​វើ​លដ៍ បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ៤ ឆ្នាំ​សហការ​ជាមួយ NOCC ក្នុង​យុទ្ធនាការ​នៃ​ដំណើរ​ឆ្ពោះទៅរក​មេដាយមាស​ដែល​បានធ្វើ​ឲ្យ​វិស័យ​កីឡា​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ធំៗ រួមមាន ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី និង​ព្រឹត្តិ ការ ណ៍​កីឡា​ស៊ី​ហ្គេម ជាដើម​។

លើសពីនេះ ណាហ្គា​វើ​លដ៍ ក៏បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​កីឡាប្រដាល់​សេរី​ខ្មែរ តេ​ន្នី​ស បាល់ទាត់ ក្បាច់គុន​ចម្រុះ និង​កីឡា​ផ្សេងទៀត​ជាច្រើន ព្រមទាំង​បាន​ជួយ​លើកកម្ពស់​កិត្តិនាម​របស់​កម្ពុជា​នៅលើ​ឆាក​ជាតិ តំបន់ និង​អន្តរជាតិ​ផងដែរ​តាមរយៈ​ការប្រកួត​កីឡា ។

គួរ​រំឭក​ផងដែរ​ថា ចាប់តាំងពី​ឆ្នាំ ២០១៦ ណាហ្គា​វើ​លដ៍​បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​កីឡា​កម្ពុជា​នៅក្នុង​សណ្ឋាគារ​របស់ខ្លួន​ដែល​ផ្តល់រ​ង្វាន់​ដល់​អត្ត​ព​លិ​ក គ្រូបង្វឹក និង​អ្នកសារព័ត៌មាន​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​វិស័យ​កីឡា​ផងដែរ ។

គួរ​បញ្ជាក់ថា​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាលប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu