Ad Code

ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​បារាំង​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ការស្ទង់មតិ



ការស្ទង់មតិ​មួយ​បានបង្ហាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រជាប្រិយភាព​របស់លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ បន្ទាប់ពី​ការលាលែង​តំណែង​របស់​រដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយ​ម្នាក់ ​និង​រឿងអាស្រូវ​ពាក់ព័ន្ធ​អង្គរក្ស​របស់​គាត់​កាលពី​រដូវក្តៅ។

​ការស្ទង់មតិ​របស់ YouGov សម្រាប់​កាសែត Le Huff Post និង CNEWS បាន​រកឃើញថា មាន​អ្នក​ត្រូវ​ស្ទាបស្ទង់​មតិ​ត្រឹមតែ​២៣​ភាគរយ​ប៉ុណ្ណោះ​ដែល​បានលើកឡើង​ពី​ការពេញចិត្ត​លោក Macron នៅក្នុង​ខែកញ្ញា​នេះ​ពោលគឺ​ធ្លាក់ចុះ​ពី​២៧​ភាគរយ​បើ​ធៀប​ទៅនឹង​ខែ​មុន​។​

ប្រជាប្រិយភាព​របស់លោក Macron មាន​កម្រិត​ទាប​នៅក្នុង​ការស្ទង់មតិ​ភាគច្រើន​ប៉ុន្តែ​ការស្ទង់មតិ​របស់ YouGov បាន​ចាត់ទុកថា វា​អាក្រក់​ជាង​ការស្ទង់មតិ​ដទៃទៀត​ហើយ​បានបង្ហាញ​ពី​អត្រា​ដ៏​អន់​ខ្សោយ​នៅ​ទូទាំង​វិសាលភាព​នយោបាយ​។​

អតីត​ធនាគារិក​រូបនេះ​បាន​បង្កើត​យុទ្ធសាស្ត្រ​ជំរុញ​សេដ្ឋកិច្ច​លើ​ការ​សន្យាថា វា​នឹង​ជួយ​ជំរុញ​កំណើន​និង​ការងារ​ប៉ុន្តែ​អ្នកបោះឆ្នោត​ជាច្រើន​បាន​ត្អូញត្អែរថា គោលនយោបាយ​របស់គាត់​ភាគច្រើន​ផ្តល់​ផលប្រយោជន៍​ដល់​តែ​ក្រុមហ៊ុន​និង​អ្នកមាន​ប៉ុណ្ណោះ​។​

គាត់​បានទទួល​បញ្ហា​កាលពី​សប្តាហ៍​មុន​ដោយសារតែ​ការលាឈប់​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែលជា​អតីត​សកម្មជន​និង​ជា​ពិ​ធិ​ករ​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​។​

នៅក្នុង​ខែកក្កដា ភាពជា​អ្នកដឹកនាំ​របស់គាត់​ត្រូវបាន​គេ​ធ្វើតេស្ត​នៅពេល​រឿងអាស្រូវ​មួយ​បាន​ផ្ទុះឡើង​ខណៈដែល​វីដេអូ​បាន​បង្ហាញថា អង្គរក្ស​កំពូល​របស់គាត់​បាន​វាយ​ដុំ​អ្នក​តវ៉ា​ក្នុង​ទិវា May Day ។​

ទន្ទឹមនឹង​នេះដែរ ទិន្នន័យ​សេដ្ឋកិច្ច​អន់ថយ​បានលើកឡើង​ជា​សំណួរ​ថា​តើ​គាត់​មាន​រូបមន្ត​ត្រឹមត្រូវ​សម្រាប់​កំណើន​ដែរឬទេ​ខណៈដែល​ការស្ទាក់ស្ទើរ​លើ​កំណែទម្រង់​ប្រមូល​ពន្ធ​បានធ្វើ​ឲ្យ​គាត់​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​។​

គួរ​បញ្ជាក់ថា ការស្ទង់មតិ​របស់ YouGov ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ២៩-៣០ ខែសីហា​ជាមួយនឹង​មនុស្ស​ចំនួន​១,០៩៩​នាក់​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu