Ad Code

កូរ៉េ​ទាំងពីរ​ ព្រមព្រៀងគ្នា​រៀបចំ​ជំនួប​កំពូល​នៅ​ខែកញ្ញា​ក្នុង​ទីក្រុង ព្យុងយ៉ាង



ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក គីម ជុង​អ៊ុន នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន នៅឯ​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ក្នុង​ខែកញ្ញា​នេះ ​ដើម្បី​ពិភាក្សា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​កូរ៉េខាងត្បូង​លោក Chung Eui-yong បាន​ឲ្យ​ដឹងថា នេះ​ជា​ជំនួប​លើក​ទី​៣​ក្នុងឆ្នាំនេះ​រវាង​មេដឹកនាំ​ទាំងពីរ ​ដែល​នឹង​ពិភាក្សា​អំពី​វិធានការ​ជាក់ស្តែង​ដើម្បី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​ចាប់ពី​ថ្ងៃទី​១៨​ដល់​ថ្ងៃទី​២០​ខែកញ្ញា​។

កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​បានសម្រេច​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​កាលពី​ថ្ងៃ​ពុធ​របស់លោក Chung ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ដែល​នៅ​ទីនោះ​លោក​បាន​ជួប​លោក គីម ហើយ​បានប្រគល់​លិខិត​ផ្ទាល់ខ្លួន​មួយ​ពី​លោក មូ​ន​។​

យោងតាម​ប្រេសិត​រូបនេះ​បាន​ឲ្យ​ដឹងថា មេដឹកនាំ​កូរ៉េខាងជើង​បាន​និយាយថា លោក​មាន​ឆន្ទៈ​សហការ​ជាមួយ​ទាំង​ទីក្រុង​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​ស្តីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

លោក Chung បាន​និយាយថា ក្នុងអំឡុង​កិច្ចប្រជុំ មេដឹកនាំ​កូរ៉េខាងជើង​បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ចេញពី​ឧបទ្វីប​កូរ៉េ​ក៏ដូចជា​បំណង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាមេរិក​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​នេះ​ផងដែរ​។​

ដំណើរ​ទស្សនកិច្ច​រប​ស់​បេសកជន​កូរ៉េខាងត្បូង​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​បានកើត​ឡើង​ចំពេល​មាន​ឧបសគ្គ​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ខណៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋអាមេរិក​ក្នុងការ​រុះរើ​ឃ្លាំង​អាវុធ​បាន​ជាប់គាំង​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ​។​

ក្នុង​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គីម​បាន​ប្តេជ្ញា​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយគ្លេអ៊ែរ​ទាំងស្រុង​ចេញពី​ឧបទ្វីប​កូរ៉េ​ប៉ុន្តែ​កិច្ចព្រមព្រៀង​របស់​ពួកគេ​មាន​ភាព​លម្អិត​តិចតួច​ណាស់​ស្តីពី​អត្ថន័យ​និង​វិធី​ដែល​វា​នឹងត្រូវ​សម្រេចបាន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu