ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ឯងបំរុង Luong Cuong អគ្គស្នងការនយោបាយកងទ័ពវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
ក្នុងជំនួបសម្តែងការគួរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាលោកឧត្ដមសេនីយ៍ឯកបម្រុង លឿង គឿង ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រីវៀតណាមជូនចំពោះសម្ដេចតេជោ និង បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោចំពោះលទ្ធផលនៃការបោះឆ្នោតដែលបានទទួលបានជោគជ័យយ៉ាងត្រចះត្រចង់និងទទួលបានការដឹកនាំបន្តទៀតរបស់សម្ដេចតេជោ។ លោក លឿង គឿង បានបន្តថា នេះជាលើកទីមួយហើយដែលលោកបានដឹកនាំគណៈប្រតិភូអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមមកកាន់ព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា លោក លឿង គឿង បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរថា លោកបានជួបពិភាក្សាការងារជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក៏បានធ្វើទស្សនកិច្ចនៅកងពលតូចលេខ ៧០ ព្រមទាំងបានជួបពិភាក្សាការងារជាមួយលោកនាយឧត្ដមសេនីយ៍ នាង ផាត ដែលក្នុងនោះបានរួមគ្នាវាយតម្លៃពីស្ថានភាពនយោបាយលើពិភពលោក ស្ថានភាពនយោបាយក្នុងតំបន់ ក៏ដូចជាការវាយតម្លៃពីសក្ដានុពល និង ការប្រឈមទាំងឡាយនិងរួមគ្នាពង្រឹងមិត្តភាពដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរជាពិសេសតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ការផ្លាស់ប្ដូរព័ត៌មាន ការអភិវឌ្ឍធន ធានមនុស្ស និង ការផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំងពីរ។
តាមរយៈជំនួបនេះ សម្ដេចអគ្គមហាសេនាបតីតេជោបានសម្តែងនូវការចូលរួមសោកស្ដាយចំពោះមរណភាពរបស់លោកប្រធានរដ្ឋវៀតណាម ត្រាន់ ដាយក្វាង និងបានថ្លែងអំណរគុណជូនចំពោះលោក លឿង គឿង ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រីវៀតណាមជូនចំពោះសម្ដេច ហើយក៏បានថ្លែងអំណរគុណចំពោះការអបអរសាទរលទ្ធផលនៃបោះឆ្នោតផងដែរ។សម្ដេចក៏បានអរគុណចំពោះរបាយការណ៍ និងក៏បានគាំទ្រនិងលើកទឹកចិត្តដល់ការអនុវត្តលើអ្វីដែលបានសម្រេចហើយអោយទទួលបានជោគជ័យ។
ឆ្លៀតឱកាសនោះដែរ សម្ដេចក៏បានថ្លែងអំណរគុណជូនចំពោះប្រជាជននិងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកជួយដល់កម្ពុជា ក្នុងនេះ សម្ដេចបានមានប្រសាសន៍ថា ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជាមិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែករបស់វៀតណាមបានឡើយ៕
Source: Kampuchea Thmey Daily
0 Comments