Ad Code

រដ្ឋបាល​ព្រៃឈើ​ខេត្ត​ សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​បង្ក្រាប​ទូក​ដឹក​ឈើ​ធ្នង់​ជាង​២​ម៉ែត្រគូប



ស្ទឹងត្រែង​ ៖ ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ឃាត់​ទូក​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន ៣២​ដុំ​ស្មើនឹង ប្រមាណ​២​ម៉ែត្រគូប និង​បាន​រឹបអូស​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចំណែក​អ្នកបើកបរ​ទូក​បានរ​ត់​គេចខ្លួន។

ករណីនេះ​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​និង ៣០ នាទី​ថ្ងៃទី ០៤​ខែកញ្ញា​ឆ្នាំ ២០១៨​ត្រង់​ចំណុច ភូមិ ហាង​ខូ​សួន​ សង្កាត់​សាមគ្គី​ ក្រុង​ខេត្តស្ទឹងត្រែង​។​

លោក​ហ៊ុន ​សំអឿន​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​បាន​ឲ្យ​ដឹងថា​ ៖ ​មន្ត្រី​ជំនាញ​តែង​សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​បង្ក្រាប​បទល្មើស​ខុសច្បាប់​ ជាពិសេស​នៅ​រដូវ​ទឹក​ឡើង​នេះ​ ក្រុម​ឈ្មួញ​តែងតែ​លួចលាក់​ដឹកឈើ​ទាំងថ្ងៃទាំងយប់​ ខ្លះ​ប្រើ​រថយន្ត​ខ្លះ​ប្រើ​ទូក។

លោក​នាយរង​សង្កាត់​បន្ត​ថា​ ករណី​បង្ក្រាប​នេះ ដោយមាន​ការ​សហការ​ផ្តល់​ព័ត៌មាន​​បងប្អូន​ប្រជាពលរដ្ឋ​យើង ពី​បទ​ល្មើស​ដឹកឈើ​តាម​ផ្លូវទឹក​ ហើយ​កម្លាំង​ជំនាញ​ក៏បាន​ចុះ​ល្បាត​ប្រទះឃើញ​នៅតាម​ដង​ទន្លេមេគង្គ​ចំណុច ភូមិ ហាង​ខូ​សួន ​សង្កាត់​សាមគ្គី​ ទើប​រឹបអូស​យក​មក​រក្សាទុក។

លោក​នាយ​រង​បន្ត​ថា ​៖ ​នេះ​ជា​លើក​ទី​១​នៅក្នុង​ខែកញ្ញា​នេះ ​បន្ទាប់ពី​នៅ​ខែសីហា​យើង​បង្ក្រាប​បាន​២​លើក​រួចមក​នោះ។

បច្ចុប្បន្ន​ឈើ​និង​វត្ថុតាង​មាន​ទូក​មួយ​ និង​ម៉ាស៊ីន​២​គ្រឿន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu