ភ្នំពេញ ៖ ដោយមើលឃើញពីភាពខ្វះខាត និងដើម្បីសម្រួលដល់ការសិក្សារបស់ក្មេងៗជាច្រើនរយនាក់ស្ថិតនៅសាលាដូងនាទឹកដីគិរីរម្យតារាសម្តែងនិងពិធីការិនីកញ្ញា ឌួង ហ្សូរីដា បានប្រកាសប្រមូលជំនួយមានសម្ភារៈសិក្សានិងថវិកាមួយចំនួនយកទៅចែកជូននិងប្រគល់ជូនសាលាដូងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
កញ្ញា ឌួង ហ្សូរីដា បានលើកឡើងថា នាងខ្ញុំ ហ្សូរីដា និង ក្រុមការងារ នៃគម្រោង “Proud To Be Cambodia” by Mudhita នឹងធ្វើដំណើរទៅលាលាដូងនៅគិរីរម្យដើម្បីយកមូលនិធិដែលបានពីការលក់ផលិតផលក្នុងហាង មុទិតា និងសម្ភារៈសិក្សា កាបូបផ្សេងៗទៅប្រគល់ជូនសាលាដូង “៤,៨០០,០០០រៀល” និង សម្ភារៈសិក្សានិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា ៖ ភួយ មុង កន្ទេល ខ្នើយ ចាន ឆ្នាំង ស្លាព្រា ចាស់ៗដែលយើងប្រើហើយទៅប្រគល់ជូនសិស្សក្រីក្រដែលកំពុងរៀននិងស្នាក់នៅសាលាដូងលើភ្នំគិរីរម្យ។
ពិធីការិនីកញ្ញា ឌួង ហ្សូរីដា បន្តទៀតថា ប្រសិនបើលោកអ្នកមានសៀវភៅរឿងនិទានចាស់ៗ និងសៀវភៅអប់រំផ្សេងៗ កុំព្យូទ័រ Laptop ចាស់ៗដែលឈប់ប្រើហើយ ក៏អាចយកទៅបរិច្ចាគក្មេងៗដើម្បីរៀនបន្ថែមនៅលើភ្នំ ជៀសផុតពីភាពល្ងង់ខ្លៅនិងបញ្ឈប់ការសុំទានពីភ្ញៀវទេសចរណ៍ដើម្បីរស់តែគេអាចប្រើប្រាស់គំនិតច្នៃប្រឌិតពួកគេច្នៃរបស់ផ្សេងៗដើម្បីលក់យកថវិកាចិញ្ចឹមខ្លួនវិញ។
តារាស្រីពោពេញដោយវោហារស័ព្ទមិនចេះរឹងស្ងួតកញ្ញាឌួង ហ្សូរីដាបានបញ្ជាក់បន្ថែមពីគម្រោងមួយចំនួនរបស់សាលាដែលកំពុងត្រូវការនិងខ្វះខាតថាសាលាមានបំណងសាងសង់ផ្ទះបាយសម្រាប់ក្មេងៗដោយខ្លួនឯងផ្ទាល់ដោយចំណាយថវិកាប្រហែល១៥០០ដុល្លារទៀត។ ប្រសិនលោកអ្នកចាប់អារម្មណ៍បរិច្ចាគ ឬចូលរួមជាមួយយើងខ្ញុំអាចទាក់ទងមកលេខ ៖០៩៧ ២៩ ២៩ ៧២៩។
តាមរយៈការបង្ហាញសកម្មភាពមនុស្សធម៌ជួយដល់កុមារតាមសហគមន៍របស់ពិធីការិនីចាស់វស្សាកញ្ញា ឌួង ហ្សូរីដា ខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការគាំទ្រនិងលើកសរសើរចំពោះទឹកចិត្តនៃការចូលរួមចែករំលែកអំពើល្អជួយដល់សង្គមបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments