ប្រទេសជាប់ទន្លេមេគង្គទាំង៥គឺមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាមនឹងត្រៀមបញ្ជូនក្រុមជម្រើសជាតិក្រោមអាយុ១៧ឆ្នាំ (U17) ចូលរួមប្រកួតក្នុងពានរង្វាន់ JENESYS 2018 Japan-Mekong U-17 Football Exchange Tournament នៅប្រទេសជប៉ុន ដើមខែតុលា ខាងមុខនេះ ខណៈមានក្រុមចំនួន៣ទៀតរបស់ម្ចាស់ស្រុកក៏ចូលរួមដែរ។
យោងតាមការបញ្ជាក់នៅលើវិបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) បានលើកឡើងថា ក្រុម U-17 កម្ពុជាស្ថិតក្នុងពូល A មានជម្រើសជាតិជប៉ុនវ័យក្រោម១៧ឆ្នាំ,មីយ៉ាន់ម៉ា និងវៀតណាម ខណៈពូល Bមាន U17 ថៃ ក្រុមយុវជនរបស់សាលា Japan High School Team, Japan Youth Team និងជម្រើសជាតិវ័យក្រោម១៧ឆ្នាំឡាវ។ ចំណែកកាលបរិច្ឆេទប្រកួតចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៨ ដោយប្រើប្រាស់ទីលាន២គឺកីឡដ្ឋាន National Training Center J-Village ក្នុងតំបន់ Futaba ខេត្តFukushima។
យោងតាមការកំណត់របស់គណៈកម្មការប្រកួតក្រុមទាំងអស់អនុញ្ញាតឲ្យយកកីឡាករវ័យ១៧ឆ្នាំចុះក្រោម ក្នុងមួយក្រុមមានកីឡាករចុះឈ្មោះ២០នាក់។ ក្រុមទាំង៨បែងចែកជា២ពូល ក្នុងមួយពូលមាន៤ក្រុម។ ការប្រកួតធ្វើឡើងក្នុងលក្ខណៈវិលជុំដើម្បីរក២ក្រុមដែលមានពិន្ទុខ្ពស់ជាងគេឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ តែម្តង។
ក្រុម U17កម្ពុជា កំពុងតែដឹកនាំដោយលោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកសាលាបាល់ទាត់ជាតិបាទី ក្រោមអាយុ១៦ឆ្នាំ។ លោកទើបតែដឹកនាំក្រុមមកពីប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសម៉ាឡេស៊ី ក៏ដូចជាប្រកួតក្នុងពានរង្វាន់ជើងឯកអាស៊ាន 2018 AFF U16 Championship នៅប្រទេសឥណ្ឌូណេស៊ី ផងដែរ ខណៈក្រុមនេះបានធ្លាក់ចេញត្រឹមវគ្គជម្រុះតាមពូលប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments