Ad Code

សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ស្នើ​ឲ្យ គ​.​ជ​.​ប ប្តូរ​ថ្ងៃ​បោះឆ្នោត​ពី​ខែកក្កដា មក​ខែ​ណា​ដែលមាន​អំណោយផល​ល្អ​ពី​ធម្មជាតិ



ភ្នំពេញ​ ៖ ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ដឹកនាំ​ដោយ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជាមួយ​គណៈប្រតិភូ​សមា​គម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដឹកនាំ​ដោយ​លោក​បណ្ឌិត ហេង វ៉ាន់ដា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ការិយាល័យ​កណ្ដាល​ថ្មី​របស់ គ​.​ជ​.​ប ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។



ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ គ​.​ជ​.​ប នៅក្នុង​ជំនួប​នោះ លោក​បណ្ឌិត ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​លើកឡើង​ថា សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បាន​សង្កេតឃើញ​ជា​រួម​ថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​គ្រប់​កម្រិត រួមទាំង​អគ្គលេខាធិការដ្ឋាន ពិត​ជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ ច្បាប់បោះឆ្នោត លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​កម្ពុជា ប្រតិទិន​ការងារ បច្ចេកទេស បទពិសោធន៍ និង​ជំហរ​អព្យាក្រឹត យុត្តិធម៌ ស្អាតស្អំ និង​តម្លាភាព ហើយ​ដំណើរការ​បោះឆ្នោត​វិញ ពិតជា​ប្រព្រឹត្តិ​ដោយ​រលូន តម្លាភាព សេរី និង​យុត្តិធម៌។



នៅក្នុង​ឱកាស​នោះ សមាគម​ក៏បាន​ដាក់​របាយការណ៍​ពិស្តារ ប្រកបដោយ​វិជ្ជាជីវៈ អំពី​ការសង្កេត​ការណ៍​របស់​ខ្លួន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៨ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ជូន គ​.​ជ​.​ប ផងដែរ​។ ទន្ទឹម​នឹង​នេះ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដល់ គ​.​ជ​.​ប ដូចជា ទី​១- គួរ​បង្កើន​កញ្ចប់​ថវិកា​ជូន​មន្ត្រី​កម្រិត​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត ដើម្បី​ជ្រើស​បាន​នូវ​មន្ត្រី ដែល​មាន​សមត្ថភាព​បង្គួរ ដែលមាន​ការយល់ដឹង​ស្រាប់​ពី​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​… ទី​២- គួរ​បណ្តុះបណ្តាល​បច្ចេកទេស​បោះឆ្នោត​ឲ្យ​បាន​ស្ទាត់​សមស្រប​ល្មម ទី​៣- គួរ​មាន​ឯកសណ្ឋាន ដើម្បី​មាន​ភាពងាយស្រួល​ដល់​ការបម្រើ​សេវា ទី​៤- គួរ​ជ្រើសរើស ឬ​រៀបចំ​ការិយាល័យ​បោះឆ្នោត​ឱ្យមាន​បរិស្ថាន​ល្អ និង​សុវត្ថិភាព ជៀសវាង​គ្រាន់តែ​ប្រើ​បោះតង់​ដូច​មាត់ទន្លេ​ជាដើម​…​។​ល​។ ទី​៥- គួរ​ប្តូរ​ថ្ងៃ​បោះឆ្នោត​ពី​ខែកក្កដា មក​ខែ ដែល​អំណោយផល​ពី​កត្តា​ធម្មជាតិ​។



ឆ្លើយតប​ទៅនឹង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ការងារ​សង្កេតការណ៍​បោះឆ្នោត របស់​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែល​បណ្តុំ​ដោយ​បណ្ឌិត បញ្ញា​វ័​ន្ត​នៅ​ទូទាំង​ប្រទេស ហើយ គ​.​ជ​.​ប ទទួលយក​អនុសាសន៍​ទាំងនេះ ទៅ​ពិចារណា​ស្វែងរក​នូវ​ភាព​កែលម្អ​ឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ការបោះឆ្នោត​ខាងមុខ ព្រមទាំង​សន្យា​បន្ត​សហការ​ជាមួយ​សមាគម​នេះ។

​នា​ឱកាស​នោះ​ផង​ដែរ លោក​ប្រធាន​បាន​បញ្ជាក់​ថា “​ខ្ញុំ​មាន​ទិសដៅ​ច្បាស់លាស់​របស់ខ្ញុំ​ក្នុង​ការរៀបចំ​ស្ថាប័ន គ​.​ជ​.​ប ដែល​ជា​ស្ថាប័ន​ជាតិ​កំពូល​ឲ្យ​ទៅ​ជា​ស្ថាប័ន​មួយ ដែល​ទទួល​បាន​នូវ​ការគោរព និង​ស្រលាញ់​ពី​គ្រប់​ភាគី​ទាំងអស់​" ។ ទី​១. ត្រូវ​បន្ត​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការបោះឆ្នោត​ខាងមុខ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។ ទី​២. ត្រូវ​បន្ត​ធ្វើ​ការកែទម្រង់ ទាំង​ការគ្រប់គ្រង​ស្ថាប័ន និង​ធនធានមនុស្ស និយាយ​ឲ្យ​ចំ គឺ​ទិសដៅ​សម្រាប់ គ​.​ជ​.​ប ដ៏​ល្អ​មួយ​។ ទី​៣. បញ្ជ្រាប​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត ចូល​ទៅ​ក្នុង​កម្មវិធីសិក្សា ដែល​ចំណុច​នេះ គ​.​ជ​.​ប ធ្លាប់​បាន​រៀប​ចំ​ផ្សព្វផ្សាយ​អំពី​លទ្ធិប្រជាធិបតេយ្យ​ដល់​គរុ​សិស្ស គរុ​និស្សិត និង​សាស្ត្រាចារ្យ​នៅ​តាម​តំបន់​ចំនួន​៥ រាជធានី ខេត្ត រួចមក​ហើយ គឺ​ខេត្តតាកែវ រាជធានី​ភ្នំពេញ ព្រៃវែង កំពង់ចាម និង​ខេត្តបាត់ដំបង ហើយ​ដែល​ក្នុង​មួយ​ខេត្តៗ មាន​គរុ​សិស្ស គរុ​និស្សិត និង​សាស្ត្រាចារ្យ​ចូលរួម​យ៉ាងច្រើន​កុះករ ដោយមាន​ការ​សហការ​ពី​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​។



សូម​បញ្ជាក់​ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង ចំណែក​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែលមាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០៣​ជា​សមាជិក និង​បាន​ចាត់​បញ្ជូន​សមាជិក​រប​ស់​ខ្លួន​ចំនួន​២៥៩៥​នាក់ ដែល​ជា​និស្សិត សាស្ត្រាចារ្យ បញ្ញវ័ន្ត ចូលរួម​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត​ទាំង​២៥ រាជធានី​-​ខេត្ត​ទូទាំងប្រទេស ជា​លក្ខណៈ​ចល័ត និង​អចល័ត នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu