Ad Code

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​ជំរុញ​ឲ្យ​កសិករ​តាម​បណ្តា​ខេត្ត​នីមួយៗ​រួមគ្នា​បង្កើត​សហភាព​កសិករ​នៅ​ទូទាំងប្រទេស



ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ បាន​ជំរុញ​ឲ្យ​កសិករ​តាម​បណ្តា​ខេត្ត​នីមួយៗ​ពង្រីក​ពី​សហគមន៍​កសិករ​ទៅជា​សហភាព​កសិករ​វិ​ញ​ ដើម្បី​ធានា​តម្លៃ​កសិផល​នៅលើ​ទីផ្សារ​ឲ្យ​បាន​ខ្ពស់​លើក​ស្ទួយ​ដល់​សេដ្ឋកិច្ច​កសិករ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។

លោក ម៉ៅ មិនា ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អគ្គនាយដ្ឋាន​កសិកម្ម​បាន​មាន​ប្រសាសន៍​ថា ​ការបង្កើត​សហភាព​កសិករ​នេះ​ គឺ​ដើម្បី​ឲ្យ​កសិករ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រៀបចំ​ផែនការ​ច្បាស់លាស់ មានលទ្ធភាព​ចុះ​កិច្ចសន្យា ​ជាមួយ​បណ្តា​ក្រុមហ៊ុន​សម្រាប់​ទិញ​ផលិតផល​នៅពេល​កសិករ​ប្រមូល​ផល​បាន ក៏​ដូច​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​កសិកម្ម​ក្នុង​ការចុះទៅ​ធ្វើការ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ថ្មីៗ​ដល់​សហគមន៍​ផងដែរ​។

ថ្លែង​ក្រោយ​ពិធី​សម្ពោធ​ពិព័រណ៍​និង​សន្និសីទ​អន្តរជាតិ​ធំ​បំផុត​ស្តី​ពី កសិកម្ម ចិញ្ចឹមសត្វ ជលផល​និង​នេសាទ​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​៥ ខែកញ្ញា​ ឆ្នាំ​២០១៨ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោក​ក៏បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​នៅ​ទូទាំង​ប្រទេស​រួមគ្នា​ប្រមូល​ផ្តុំ​ចងក្រង​សហគមន៍​កសិករ​នីមួយៗ​បង្កើត​ទៅជា​សហភាព​ក​សិ​ករ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ​ដើម្បី​ជួយ​ឲ្យ​កសិករ​មាន​ភាពរឹងមាំ​ក្នុង​ការ​ចរចា​តម្លៃ​កសិផល​ជាមួយ​អាជីវករ ងាយស្រួល​ការ​ផ្គត់ផ្គង់​ទៅតាម​តំរូវការ​ទីផ្សារ​និង​ទទួល​បាន​នូវ​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត​ លើ​ការ​ដាំដុះ​ដំណាំ​កសិកម្ម​ជាដើម។

ចំណែក​លោក គិត​សេង អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​អំពាវនាវ​ឲ្យ​កសិករ​ចងក្រង​ជា​សមាគម​ ឬ​ សហគមន៍​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​កសិករ​អាច​ទំនាក់ទំនង​គ្នា​ពី​ផែនការ​បច្ចេកទេស​ការ​ដាំ​ដុះ​និង​ទីផ្សារ​កសិផល​ឲ្យ​បាន​ច្បាស់លាស់​សម្រាប់​ជួយ​គាំទ្រ​ដល់​កសិករ​នៅ​តាម​សហគមន៍​នីមួយៗ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន ខណៈ​បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ប្រទេស​មាន​សហគមន៍​កសិករ​រហូតដល់​ទៅ​៨៥៧​សហគមន៍​។

លោក​បាន​បន្ត​ថា « ឧទាហរណ៍​ថា បើ​គេ​ធ្វើជា​កុង​ត្រាក់​ហ្វា​ម​មីង​ធ្វើ​ផលិតកម្ម​តាម​កិច្ចសន្យា​ចង​ជា​សហគមន៍​ម៉ា​ស្រុក​មាន​៥​ពាន់​ទៅ​១​ម៉ឺន​ហិកតា​ផលិត​ទំនិញ​ឲ្យ​បាន​ច្រើន​ទៅ​ងាយស្រួល​សម្រាប់​អ្នក​វិនិយោគ​ក៏ដូចជា​អ្នក​យកទៅ​កែច្នៃ​ផលិតផល​កសិកម្ម​ដែល​នឹង​ជួយ​ឲ្យ​សហគមន៍​នីមួយៗ​កាន់​តែ​មាន​ភាពរឹងមាំ​ថែមទៀត​»​។

លោក សឿ សា​ខន ប្រធាន​សហគម​អភិវឌ្ឍន៍​កសិកម្ម​កំពង់ប្រាសាទ​នៅ ខេត្តកណ្តាល​បាន​គាំទ្រ​ការបង្កើត​សហភាព​កសិករ​នេះ​ព្រោះ​បាន​ជួយ​ដល់​កសិករ​ទទួលបាន​នូវ​ចំណេះដឹង​ទាក់ទិន​នឹង​បច្ចេកទេស​ថ្មីៗ​ក្នុង​ការដាំដុះ​ដូចជា​ការប្រើប្រាស់​ជី ផ្តល់​ពូជ​ដល់​កសិករ​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​និង​អាច​លក់​ស្រូវ​បាន​ក្នុង​តម្លៃ​ខ្ពស់​ផងដែរ​។

លោក លីម សុ​បញ្ញា តំណាង​ក្រុមហ៊ុន វី​អេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​ជា​អ្នក​រៀបចំ​ការ​តាំងពិព័រណ៍​បាន​ជំរុញ​ឲ្យ​ពាណិជ្ជករ​ក៏ដូចជា​កសិករ​ចូលរួម​នៅក្នុង​ពិព័រណ៍​អន្តរជាតិ​សម្រាប់​វិស័យ​កសិកម្ម បសុសត្វ វារីវប្បកម្ម និង​នេសាទ​ឧស្សាហកម្ម​នេះ​ឲ្យ​បាន​ច្រើន​ដើម្បី​ទទួល​បាន​នូវ​ចំណេះដឹង​ពី​បច្ចេកទេស​ថ្មីៗ​ពី​វិស័យ​កសិកម្ម ការ​ចិញ្ចឹម​សត្វ​និង​វារីវប្បកម្ម​ពី​អ្នកជំនាញ​ក្នុងស្រុក​និង​បរទេស​ដើម្បី​ពង្រឹង​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

គួរ​បញ្ជាក់​ថា ​ពិព័រណ៍​និង​ស​ន្និ​សិទ្ធ​អន្តរជាតិ​ស្តី​ពី​កសិកម្ម ចិញ្ចឹមសត្វ ជលផល​និង​នេសាទ​នៅ​ប្រទេស​កម្ពុជា​នេះ​មាន​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​ដោយមាន​ស្តង់​ចូលរួម​ជាង​៦០​និង​មាន​ផលិតផល​ជាង​១០០​ម៉ាក​បង្ហាញ​ផលិតផល​អំពី​វិស័យ​កសិកម្ម សត្វ​ចិញ្ចឹ​ម និង វារីវប្បកម្ម​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu