ភ្នំពេញ ៖ អនុវត្តតាមផែនការយុទ្ធសាស្ត្ររៀបចំហេដ្ឋារចនាសម្ព័ន្ធនានាតភ្ជាប់ទៅបណ្ដាខេត្តភាគខាងត្បូង រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងណាស់ ទាំងការកសាងផ្លូវ លូ ប្រឡាយ រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីអោយតំបន់មួយចំនួន ដែលបានកាត់ចូលរាជធានីភ្នំពេញមានភាពស្រស់ស្អាត សមជារាជធានី ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែងសម្រាប់ពេលនេះ នៅរង្វង់មូលដីក្រហម ខណ្ឌដង្កោ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនារង្វង់មូលនេះឡើងវិញ រួមនឹងការដាក់រូបសំណាកអោយសក្ដិសមទៅនឹងរង្វង់នេះផងដែរ ដោយគិតមកដល់ថ្ងៃទី១១ កញ្ញានេះ រង្វង់មូលដីក្រហម ខណ្ឌដង្កោ បានឈានដល់ការស្ទូចដំឡើងរូបសំណាកស្ត្រីបីកួរស្រូវធ្វើអំពីថ្មភក់ ដាក់នៅលើរង្វង់មូលនេះហើយ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងដែរថា រង្វង់មូលដីក្រហម ខណ្ឌដង្កោ មកដល់ពេលនេះ បានឈានដល់ការស្ទូចដំឡើងរូបសំណាកស្ត្រីបីកួរស្រូវធ្វើអំពីថ្មភក់ ដាក់នៅលើរង្វង់មូលនេះហើយ។
លោកបញ្ជាក់ថា រូបសំណាកស្ត្រីបីកួរស្រូវនេះ មានកម្ពស់ សរុបមាន៧ម៉ែត្រ៨តឹក ក្នុងនោះតួ រូបសំណាកស្ត្រីបីកួរស្រូវមានកម្ពស់៥ម៉ែត្រ៨តឹក និងតួខឿន កម្ពស់២ម៉ែត្រ។ លោកបន្តបញ្ជាក់អោយដឹងទៀតថា ការដ្ឋានស្ថាបនារង្វង់មូលរូបសំណាកស្ត្រីបីកួរស្រូវនេះ បានចាប់ផ្តើមកសាង កាលពីអំឡុងខែមិថុនា ហើយគ្រោងបញ្ចប់នៅចុងខែតុលាឆ្នាំ២០១៨ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកសាងរូបសំណាក ជាច្រើនដាក់នៅតាមរង្វង់មូល និងនៅសួនច្បារក្នុងរាជធានីភ្នំពេញ ហើយរូបសំណាកទាំងនោះពិតជាទទួលបាននូវការកោតសរសើរ និងពេញចិត្ត ពេញថ្លើមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ៕
Source: Kampuchea Thmey Daily
0 Comments