ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសម្ដែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធយុវជនទូទាំងប្រទេសចិននិងសហភាពសហព័ន្ធយុវជនកម្ពុជាដែលមានលោកហ៊ុន ម៉ានីជាប្រធាន។
ការស្វាគមន៍នេះ ធ្វើឡើង ខណៈពេលទទួលជួបជាមួយគណៈប្រតិភូសហព័ន្ធយុវជនទូទាំងប្រទេសចិន ដែលដឹកនាំដោយ លោក ហើ ជុនកិ (He Junke) បានសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ៍ ២កើត ខែភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានលើកឡើងអំពីទំនាក់ទំនងមិត្តភាព កម្ពុជាចិនមានប្រវត្តិដ៏យូរលង់តាំងពីបុរាណកាលមកជា ពិសេស រវាងអតីតអ្នកដឹកនាំនៃប្រទេសទាំងពីរ គឺសម្តេចនរោត្តម សីហនុ និងលោកប្រធាន ម៉ៅ សេទុង រួមទាំងបណ្តាថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរ ក្នុងជំនាន់ក្រោយៗ ដែលបានបន្តថែរក្សាមតកនេះ ហើយខិតខំពូនជ្រុំចំណងមហាមិត្តភាពកម្ពុជាចិន ឱ្យបន្តរីកចម្រើនឥត ឈប់ឈរ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ និងបានឈានរហូតមកដល់សព្វថ្ងៃ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ប្រទេសទាំងពីរ(កម្ពុជា-ចិន) បានគាំទ្រគ្នាទៅវិញទៅមក ដោយជំនះបានគ្រប់ឧបសគ្គដើម្បីសុខសន្តិភាព និងវិបុលភាព។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយគាំទ្រចិនតែមួយហើយកម្ពុជាសូមអបអរសាទរជាមួយនឹងការរីកលូតលាស់ឥតឈប់ឈរ នៃសង្គមសេដ្ឋកិច្ច របស់ចិន ដែលបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក និងសូមសរសើរប្រទេសចិនដែលបាន ដើរតួនាទីយ៉ាងសំខាន់ជាក្បាល ម៉ាស៊ីនសេដ្ឋកិច្ច សម្រាប់អូសទាញសេដ្ឋកិច្ចពិភពលោកទាំងមូល និងជាតុល្យភាពអំណាចមួយដ៏រឹងមាំ ដើម្បីរក្សាសន្តិភាពក្នុពិភពលោក។
កម្ពុជាសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់ដ៏ធំធេងរបស់បក្សកុម្មុយនិស្តចិន ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈ ការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាលដែលកម្ពុជាត្រូវការជំ នួយដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ឋាមពល ធារាសាស្ត្រ កសិកម្ម ពាណិជ្ជកម្ម និងសង្គមកិច្ច ជាដើម។ លើសពីនេះចិនបានបញ្ជូនអ្នកវិនិយោគ និងអ្នកទេសចរណ៍ មកធ្វើពាណិជ្ជកម្ម និងមកទស្សនាកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments