កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានគំរាមចាប់ខ្លួននិងដាក់ទណ្ឌកម្មចៅក្រមនិងមន្ត្រីដទៃទៀតនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រសិនបើខ្លួនចាត់វិធានការចោទប្រកាន់ជនជាតិអាមេរិកណាដែលបម្រើការនៅក្នុងប្រទេសអាហ្វហ្គានីស្ថានពីបទឧក្រិដ្ឋកម្មសង្គ្រាម។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Bolton បានហៅស្ថាប័នសិទិ្ធមនុស្សដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះថា “គ្មានការទទួលខុសត្រូវ” និង “គ្រោះថ្នាក់ទាំងស្រុង” ចំពោះសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងសម្ព័ន្ធមិត្តដទៃទៀតហើយបាននិយាយថា ការស៊ើបអង្កេតណាមួយលើយោធាអាមេរិកទាំងអស់នឹងជាការស៊ើបអង្កេតគ្មានហេតុផលនិងមិនយុត្តិធម៌។
លោក Bolton បានឲ្យដឹងថា “ប្រសិនបើតុលាការចោទប្រកាន់យើង អ៊ីស្រាអែលឬសម្ព័ន្ធមិត្តអាមេរិកដទៃទៀតនោះ យើងនឹងមិនអង្គុយស្ងៀមទេ”។
លោកបានបន្តថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនដាក់ទណ្ឌកម្មហិរញ្ញវត្ថុនិងចោទប្រកាន់ព្រហ្មទណ្ឌទៅលើមន្ត្រីនៃតុលាការនេះប្រសិនបើពួកគេចាត់វិធានការប្រឆាំងជនជាតិអាមេរិក។
លោក Bolton និយាយទៀតថា “យើងនឹងហាមឃាត់ចៅក្រមនិងរដ្ឋអាជ្ញារបស់ពួកគេពីការចូលក្នុងសហរដ្ឋអាមេរិក។ យើងនឹងដាក់ទណ្ឌកម្មលើមូលនិធិរបស់ពួកគេនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិកហើយយើងនឹងកាត់ទោសពួកគេនៅក្នុងប្រព័ន្ធឧក្រិដ្ឋកម្មរបស់អាមេរិក”។
លោក Bolton បានធ្វើអត្ថាធិប្បាយបែបនេះក្នុងសុន្ទរកថាមួយនៅទីក្រុងវ៉ាស៊ីនតោនទៅកាន់អង្គការសង្គមសហព័ន្ធដែលជាសមាគមដ៏មានឥទ្ធិពលនៃអ្នកអភិរក្សច្បាប់។
លោក Bolton បានចង្អុលទៅសំណើរបស់រដ្ឋអាជ្ញារនៃតុលាការ ICC ក្នុងខែវិច្ឆិកាឆ្នាំ២០១៧ឲ្យបើកការស៊ើបអង្កេតលើបទឧក្រិដ្ឋសង្គ្រាមដែលប្រព្រឹត្តដោយមន្ត្រីស៊ើបការណ៍សម្ងាត់និងយោធាអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាពិសេសលើការរំលោភបំពានអ្នកជាប់ឃុំឃាំង។
ICC បានការពារខ្លួនដោយកត់សម្គាល់ថា ខ្លួនមានការគាំទ្រពីរដ្ឋជាសមាជិកចំនួន១២៣ប្រទេសហើយថា សូម្បីតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានរកឃើញផងដែរថា វាសំខាន់ហើយស្នើសុំឲ្យមានការស៊ើបអង្កេតអំពីអំពើប្រល័យពូជសាសន៍នៅទីក្រុង Darfur នៃប្រទេសស៊ូដង់៕ AFP
Source: Kampuchea Thmey Daily
0 Comments