Ad Code

ដំណឹង​វិវត្តន៍​ពី​កីឡាករ​សំខាន់ៗ​៦​នាក់​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង កំពុងតែ​ញាំញី​ដោយសារ​របួស



ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​បាត់​ឱកាស​ក្នុងការ​ដណ្តើមយក​ជើង​ឯក​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) និង​ទាំង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) នៅ​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​ ខណៈ​សមាជិក​ជាច្រើន​នៅក្នុង​ក្រុម​នេះ​កំពុង​តែមាន​បញ្ហា​សុខភាព​។



យោងតាម​ការ​បញ្ជាក់​ពី​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ​ថា​ កីឡាករ​សំខាន់ៗ​ចំនួន​៦​នាក់​កំពុង​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​របួស​ដោយ​ក្នុង​នោះ​កីឡាករ ជា សំណាង ដែល​ជា​ប្រធាន​ក្រុម​អាច​ត្រលប់​មក​ហ្វឹកហាត់​បាន​ធម្មតា ក្រោយ​អាក់ខាន​ការប្រកួត​មិត្តភាព​កន្លងមក​ដោយសារ​បញ្ហា​របួស​ប្រអប់ជើង​។ ចំណែក​កីឡាករ រស់ គង់​សំរេច វិញ​អាច​ត្រលប់​ចូល​ហ្វឹកហាត់​បាន​វិញ​ហើយ​ដែរ ក្រោយ​សម្រាក​ព្យាបាល​របួស​ប្រេះ​ឆ្អឹង​ជើង​កាលពី​ដើមរដូវ​កាល​កន្លងមក​។

ដោយឡែក​កីឡាករ ហេង គីម​ហុង បាន​ត្រលប់​ចូល​ហ្វឹកហាត់​វិញ​ដូចគ្នា ប៉ុន្តែ​ពុំទាន់​អាច​ធ្វើ​ការប្រកួត​ណាមួយ​បាន​ឡើយ​។ ចំពោះ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម មិនទាន់​ច្បាស់​ថា​អាច​លេង​បាន​នៅ​សប្តាហ៍​នេះ​រឺ​យ៉ាងណា​ដោយសារ​បញ្ហា​របួស​ក្រលៀន​។ ងាក​មក​មើល​ខ្សែប្រយុទ្ធ សុក សំណាង កំពុង​សម្រាក​ព្យាបាល​វះកាត់​នៅ​វៀតណាម ត្រង់​របួស​ឆ្អឹង​ដែល​ត្រូវ​សម្រាក​រហូតដល់​រយៈពេល​៥​ខែ​។ សម្រាប់​កីឡាករ សំអឿន ពិដោរ ត្រូវ​សម្រាក​រហូតដល់​រដូវ​កាល​ក្រោយ បន្ទាប់ពី​របួស​ដាច់​ស​រ​សៃ​ពួរ​ជង្គង់​។



លោក Conor Nestor ដែល​ជា​គ្រូបង្វឹក​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុងតែ​ឈឺក្បាល​រឿង​ដឹកនាំ​ក្រុម​ទទួល​បាន​ចំណាត់ថ្នាក់​មិនសូវ​បាន​ល្អ​ប្រចាំ​រដូវ​កាល​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២០​លើក ឈ្នះ​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក​មាន​២៧​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះ​អាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​។

នៅក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ដំណាក់កាល​២​ថ្មីៗ​នេះ ក្លិប​បាន​ដោះដូរ​កីឡាករ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដើម្បី​ត្រៀម​ជើង​ទី​២​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨ ហើយ​តាមរយៈ​ការដោះដូរ​កីឡាករ​នេះ​គ្រូបង្វឹក​កាន់​អាជ្ញា​ប័ណ្ណ UEFA A License រូបនេះ​រំពឹងថា ​ក្រុម​នឹងមាន​គុណភាព​មួយកម្រិត​ថែមទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu