Ad Code

នាយករង​សាលា​មិត្តភាព មានគំនិត​ជីក​ស្មៅ ត្រូវ​ជីក​ទាំង​ឫស



បាត់ដំបង ៖ លោក សោម សុវត្ថិ នាយករង​សាលា​មិត្តភាព ដែល​កន្លងមក​ធ្លាប់មាន​រឿងអាស្រូវ​កើតឡើង​មិនចេះចប់ មិនចេះហើយ​នោះ កំពុង​ពង្រីក​មហិច្ឆតា​របស់ខ្លួន ដោយ​ដំឡើង​សាច់ដុំ ក្នុងការ​កម្ចាយ​បុគ្គលិក​នៅក្រោម​ឱវាទ​របស់ខ្លួន ដោយ​គេ​ហាក់​មានគំនិត​គុំគួន និង ប្រើ​ទ្រឹស្តី​មួយ គឺ « ជីក​ស្មៅ ត្រូវ​ជីក​ទាំង​ឫស »។​

​គួរ​បញ្ជាក់ដែរថា បើតាម​ប្រភព​ច្បាស់ការ គឺ​បាន​លើកយក​ប្រវត្តិ លោកនាយក​រង សាលា​មិត្តភាព មក​បញ្ជាក់ថា គេ​គឺជា​បុគ្គល​មួយរូប​ដែល​ល្មោភ​អំណាច​ជាទីបំផុត ព្រោះ​គេ​បាន​ប្រមូលផ្តុំ​កំលាំង​នៅក្នុង​សាលា​ដើម្បី​ប្រើ​វិធីសាស្ត្រ​វាយ​ផ្តួលរំលំ អតីត នាយិកា​ជឹ​ង ស៊ិ​រី​ដា រហូត​ធ្លាក់​ចេញ​ពី​តំណែង ទើប​បុគ្គល​ល្មោភ​អំណាច​រូបនេះ ស្ទុះ​រត់​ជើង​ពីរ​ជើង​បី ដើម្បី​រក​ខ្សែ​វល្លិ​តោង​រហូត​បានក្លាយ​ជានា​យក​រង នាពេល​បច្ចុប្បន្ន និង​កំពុងតែ​រក​ខ្សែកាប​ធំៗ ដើម្បី​ជួយ​យឹតយោង​ឡើងទៅ​កាន់ ជា​នាយក​ស្របច្បាប់ ដែល​សាលា​នេះ​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង។

ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា មិនតែប៉ុណ្ណោះ លោក សោម សុវត្ថិ ជា​មនុស្ស​ឆ្អិន​ក្បាលស៊ី​ក្បាល ឆ្អិន​កន្ទុយស៊ី​កន្ទុយ ហើយ​ឆាប់​ភ្លេច​កំណើត ព្រោះ​ក្រោយពី​បានសម្រេច​ជោគជ័យ​រួចមក គេ​បានរៀបចំ​ពិធីជប់លៀង​មួយ​នៅក្នុង​សាលា ជាមួយនឹង​បុគ្គលិក​សិក្សា​ទាំងអស់ ដែល​បាន​ចូលរួម​ផ្តិតមេដៃ ស្នើសុំ​ដក​នាទី​របស់​អតីត នាយិកា សាលា។

​ធាតុពិត​ឆ្កែ​កន្ទុយ​ខ្វៀន​នៅតែ​ខ្វៀន​ដដែល ព្រោះ​ករណី​ដែល​គេ​បាន​ចោទប្រកាន់​ទៅ នាយិកា ថា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដូចជា កេងប្រវ័ញ្ច​ទៅលើ​ថវិកា PB និង SIG ព្រមទាំង​បានកំណត់​អោយ​បង្កើត​បរិមាណ សិស្ស​ខ្មោច យ៉ាងច្រើន​ផងដែរ នៅក្នុង​ថ្នាក់​ នីមួយៗ នោះ​ត្រូវបាន​លោក សោម សុវត្ថិ យកមកអនុវត្ត​បន្ត​ដដែល ហើយ​ចាប់ផ្តើម​ប៉ែង​ចោល នូវ​លោកគ្រូ អ្នកគ្រូ​ណា ដែលមាន​គំនិត​មិន​យល់ស្រប​ជាមួយ​ខ្លួន។

ជាក់ស្តែង​នាពេល​បច្ចុប្បន្ននេះ បើទោះបីជា​អង្គភាព ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យិនទៀង ដឹកនាំ​ប្រតិភូ ចុះទៅ​ដល់​សាលា ព្រមទាំង​បាន​រកឃើញ​នូវ​កំហុស​ដែល​ពាក់ព័ន្ធ​មួយចំនួន​ក៏ដោយ ក៏​បុគ្គល​រូបនេះ នៅតែ​ព្យាយាម​ចងអាឃាត​ទៅលើ​គ្រូៗ​មួយចំនួន​ដដែល ដែល​គេ​បាន​តាម​កម្ចាយ​អស់​គ្រូ​មួយចំនួន​ហើយ ដោយ​គ្រូ​ខ្លះ​បាន​ចាក​ចេញពី​សាលា​នេះហើយ។

ទោះបីជា​យ៉ាងនេះ​ក្តី ក៏​លោក សោម សុវត្ថិ នៅតែ​បន្ត​ពង្រីក​មហិច្ឆតា​របស់ខ្លួន ដោយ​ប្រើប្រាស់​វិធី « ជីក​ស្មៅ ត្រូវ​ជីក​ទាំង​ឫស » ព្រោះ​នៅវេលា​ម៉ោង ៨ និង ៣០ នាទី ព្រឹក​ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ​លោក​នាយករង បាន​ដឹកនាំ​កំលាំង​មួយក្រុម ចុះ​ទៅ​រុះរើ​តូប របស់​ប្រជាពលរដ្ឋ​សម្រាប់​លក់ដូរ នំ ចំណី និង​បាយ កំប៉ិកកំប៉ុក នៅក្នុង​សាលា ដែលជា​កម្មសិទ្ធិ​របស់​ឈ្មោះ ណាក់ សូ​រី​ដា ត្រូវជា​កូនស្រី​របស់​គ្រូ​ដែល​ត្រូវបាន​ចាកចេញ​ពីសា​លា​នេះ រីឯ​តូប​ចំនួន ៨ តូប​ទៀត គេ​មិនបាន​ប៉ះពាល់​ឡើយ ដែល​ទង្វើ​នេះ​វា​ហាក់បីដូចជា​ធ្វើ​ទៅតាម​កំហឹង ឬក៏​តាមបែប​គំនុំ។

ជុំវិញ​បញ្ហា​នេះ លោក​ចៅសង្កាត់ ស្លា​កែ​ត បាន​លើកឡើងថា មុននេះ​មួយថ្ងៃ ឃើញ​លោកនាយ​ករង ទៅសុំ​ច្បាប់​អនុញ្ញាត​រុះរើ​តូប​នេះដែរ ប៉ុន្តែ​លោក​មិនបាន​អនុញ្ញាតអោយ​ទេ ព្រោះ​វា​អាច​ខុស​នឹង​ផ្លូវច្បាប់ ដោយសារតែ​យើង​មិនបាន​ជូនដំណឹង​ទៅដល់​ប្រជាពលរដ្ឋ​អោយ​បានដឹង​ជាមុន ដោយ​បច្ចុប្បន្ននេះ នារី​រងគ្រោះ​ដែលជា​ម្ចាស់​តូប លក់ដូរ​តាំងពី​ឆ្នាំ ២០១៥ មក​នោះ បាន និង កំពុង​ដាក់ពាក្យ​ប្តឹង​នៅ​សាលាសង្កាត់​ហើយ ដើម្បីអោយ​ផ្លូវច្បាប់​ជួយ​រក​យុត្តិធម៌៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu