Ad Code

ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង និង​​ដំឡើង​ឋានន្តរស័ក្តិ ដល់​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​៣​រូប



ភ្នំពេញ​ ៖ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់​តែងតាំង និង​ដំឡើង​ឋានន្តរស័ក្ដិ នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​៣​រូប តាម​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នេះ​បើតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​។​

បើតាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កូនប្រុស​ច្បង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ខណៈ​នាយទាហាន​ចំនួន​២​រូប​ទៀត ក៏ត្រូវ​បានតែងតាំង​ឲ្យ​កាន់តំណែង​ជា​ថ្នាក់ដឹកនាំ​កងទ័ព​ផងដែរ​។​

ក្នុង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែកញ្ញា​ឆ្នាំ​២០១៨ ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​តែងតាំង និង​ដំឡើង​ឋានន្ដរស័ក្ដិ​នាយទាហាន​៣ រូប គឺ​ទី​១, តែងតាំង និង​ដំឡើង​ឋានន្ដរស័ក្ដិ គឺ​លោក​ឧត្តមសេនីយ៍ វង្ស ពិ​សេន ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ដំឡើង​ឋានន្តរស័ក្ដិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ ទី​២, នាយ​ឧ​ត្ត​ម​សេនី​យ៍ ឥត សារ៉ាត់ ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន និង​ទី​៣, លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ធ្វើជា​មេបញ្ជាការ​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​

សូមបញ្ជាក់ថា មុន​ការតែងតាំង​នេះ លោក​ឧ​ត្ត​ម​សេនី​យ៍ វង្ស ពិ​សេន គឺ​មេបញ្ជាការរង និង​ជា នាយសេនាធិការ កង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ មុន​ការតែងតាំង​នេះ លោក​គឺជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មុន​ការតែងតាំង​នេះ លោក​គឺជា​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu