Ad Code

បុរស​ជនជាតិ​ទំពួន​ម្នាក់ សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​មិនដឹង​មូលហេតុ នៅ​ស្រុក​អូរ​ជុំ



រតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់ បានសម្រេច​ចិត្ត​ចងក​បញ្ចប់ជីវិត​ដោយ​ខ្លួនឯង​មិនដឹង​មូលហេតុ។

ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៥៣​នាទី​ព្រឹក​ ថ្ងៃ​ពុធ ១០​រោច ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ចម្ការ​ស្វាយចន្ទី​ខាងក្រោយ​ផ្ទះ​ប្រមាណ​២០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ការ​ម៉ែន​ធំ ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ។

នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា ​ប្រជា​ការពារ​ភូមិ​រាយការណ៍​មក​ថា មាន​ករណី​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​ខាងក្រោយ​ផ្ទះ​ប្រមាណ​២០០​ម៉ែត្រ​ប៉ុណ្ណោះ។

នគរបាល​បាន​បន្ត​ថា ជនរងគ្រោះ​មានឈ្មោះ ត្វេ​ត ញី អាយុ ៥៥​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​ចងក​នឹង​ខ្សែ​អង្រឹង​ជាប់​នឹង​ដើម​ស្វាយចន្ទី​។ មូលហេតុ ខណៈ​ជនរងគ្រោះ​ពីមុន​ធ្លាប់​ផឹកស្រា​ស្រវឹង​ ហើយ​ដើរ​បាត់​ពី​ផ្ទះ​អស់​រយៈ​ពេល​១​ខែ​មក​ហើយ ទើប​វិល​មកវិញ ស្រាប់តែ​ស្រវឹង​លើក​នេះ​រត់​ទៅ​ចងក​សម្លាប់​ខ្លួនឯង​តែម្តង។

ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក ​ចុះទៅ​ដល់​កន្លែង​កើតហេតុ​ត្រួតពិនិត្យ​នឹង​ធ្វើ​កោសល្យវិច័យ​លើ​សព​ឃើញ​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែន​រឿង​អ្វី​នោះឡើយ។

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​បានធ្វើ​កោសល្យវិច័យ​រួចមក ក៏​ធ្វើ​លិខិត​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​បងប្អូន​ជនជាតិដើម​ភាគតិច​ផងដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu