Ad Code

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចាត់ទុក​និវត្តជន​ថា ​ជា​បុគ្គល​គ្រួសារ​តែមួយ



ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​លោកជំទាវ​ នៅ​ព្រឹក ថ្ងៃ​សៅរ៍​នេះ​បាន​ជួប សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​និវត្តជន ដែលជា​អតីតមន្ត្រី​បម្រើការ​នៅក្នុង​ក្របខ័ណ្ឌ​ក្រសួង​ព័ត៌មាន​ចំនួន ៣៧៦​នាក់។

ក្នុង​ឱកាស​នេះ ​លោក​រដ្ឋមន្ត្រី​បាន​ចាត់ទុក មន្ត្រី​ចូលនិវត្តន៍​ទាំងនេះ​ថា ​នៅតែ​ជា​គ្រួសារ​តែមួយ​របស់​ក្រសួង​ព័ត៌មាន ដដែល។ លោក​ខៀវ កាញារីទ្ធ បាន​បន្តថា អស់លោក លោកស្រី​ខ្លះ​បាន​ចូលរួម​បម្រើការ​ការងារ តាំងពី​គ្រា​ដ៏​លំបាកលំបិន​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩។ អស់លោក លោកស្រី ពិតជា​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​សម្រាប់​ប្រទេសជាតិ​នៅក្នុង​វិស័យ​ព័ត៌មាន ដែល​លោក លោកស្រី​ទាំងអស់​មិន​ត្រូវ​បាន​បំភ្លេច​ចោល​សោះឡើយ។

ក្នុង​ឱកាស​នេះ ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មានបាន​សុំ​ឲ្យ​មន្ត្រី​វ័យក្មេង ដែល​កំពុង​បម្រើការ​នៅ​ក្របខ័ណ្ឌ​ក្រសួង​ព័ត៌មាន​ទាំងអស់ សុំ​ការ​ចែករំលែក​បទពិសោធន៍​​​ការងារ​ពី​មន្ត្រី​ចូលនិវត្តន៍ ដែល​យើង​អាច​ហៅ​ពួកគាត់​ថា ​ជា​អ្នក​ជើងចាស់​នៅក្នុង​វិស័យ​ព័ត៌មាន ដើម្បី​ឲ្យ​ការ​បំពេញ​ការងារ ប្រចាំថ្ងៃ​របស់​យើង​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត។

ក្នុងឱកាស​នោះដែរ ​លោក​រដ្ឋមន្ត្រី និង​លោកជំទាវ​ក៏បានផ្តល់​ជូន​នូវ​អំណោយ លើកទឹកចិត្ត ដល់​និវត្តជន​ទាំង ៣៧៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល អង្ករ និង​សម្ភារៈ​មួយចំនួន ព្រមទាំង​បាន​អញ្ជើញ​ពួកគាត់​ទទួលទាន​អាហារ​សាមគ្គី​មួយ​ពេល​ផងដែរ។

តំណាង​និវត្តជន លោក មី វ៉ាត បាន​សម្តែង​នូវ​ក្តី​គោរព​ចំពោះ​សណ្តាន​ចិត្ត​ដ៏​ល្អ​របស់ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ​ដែល​តែង​បានគិត​គូរ​ដល់​សុខទុក្ខ​ចំពោះ​មន្ត្រី រាជ​ការដែល​កំពុង​បម្រើ​កា​រងារ ក៏ដូចជា​មន្ត្រី​ចូលនិវត្តន៍ ដោយ​រដ្ឋមន្ត្រី និង​លោកជំទាវ​តែងតែបាន​ចាត់ទុក ទាំងអស់គ្នា គឺជា​សមាជិកគ្រួសារ​តែមួយ​របស់​ក្រសួង​ព័ត៌មាន៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu