Ad Code

ចាប់​សត្វព្រៃ​បន្តិចបន្តួច​យក​ទៅ​ព្រលែង ​ឯ​សត្វព្រៃ​ក្នុង​ហាង​ផឹកស៊ី​ក្នុង​ក្រុង​សៀមរាប​ហាក់​ស្ងាត់​ឈឹង



សៀមរាប ​៖ ​សត្វព្រៃ​ ប្រមាណ​ជិត​២០០​ក្បាល ដែល​មាន​ចំនួន​៤​ប្រភេទ​នោះ ត្រូវ​បាន​ឈ្មួញ​ដឹក​យក​មក​ជួញដូរ​តាម​ហាង​ផឹកស៊ី​នៅ​កណ្ដាល​ក្រុង​ទេសចរណ៍​សៀមរាប។ ប៉ុន្តែ​សំណាងល្អ​បាន​ជួយសង្គ្រោះ ដោយ​ក្រុម​មន្ត្រី​ជំនាញ។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ ធ្វើឡើង​នៅ​ថ្ងៃទី​៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក្នុងភូមិ​មណ្ឌល​១ ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៥​នេះ​ថា ប្រតិបត្តិការ​នេះ ​មាន​កម្លាំង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បាគង និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី សហការ​​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​ ព្រមទាំង​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ ​បាន​ធ្វើ​ការ​ចាប់​ឃាត់​សត្វព្រៃ នៅ​ចំណុច​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ខាងលិច​រង្វង់​មូល​ស្ពានថ្ម ហើយ​ធ្វើការ​ដោះ​លែង​ចូល​ព្រៃ​ធម្មជាតិ នៅ​ថ្នាល​បណ្តុះ​កូនឈើ​ស្ពាន​អង្គរ។

សមត្ថកិច្ច​បន្ត​ថា សត្វព្រៃ​ដែល​បាន​បង្ក្រាប​នោះ​រួមមាន ​៖​ គ្រលីងគ្រលោង​រស់​ចំនួន​៣​ក្បាល​,​សារិកាកែវ​ក្របី​រស់​ចំនួន​៦០​ក្បាល​,​លលកទ្រាំង​រស់​ចំនួន​១១២​ក្បាល​, លលក​បាយ​រស់​ចំនួន​៤២​ក្បាល។ ក្នុង​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​ពុំបាន​ដាក់​ទោសទណ្ឌ​ ឬ​ពិន័យ​ទៅលើ​ឈ្មួញ​ ដែល​ជា​ម្ចាស់​សត្វព្រៃ​នោះទេ​។ ប៉ុន្តែ​បានធ្វើ​កិច្ចសន្យា បញ្ឈប់​រាល់​សកម្មភាព ការ​ជួញដូរ​សត្វព្រៃ​ទាំងនេះ​ជា​បន្តទៀត។

ទោះជា​យ៉ាងនេះ​ក្តី​ក្រុមអ្នកតាមដាន​បទល្មើស​សត្វព្រៃ​បាន​បង្ហាញ​ថា បច្ចុប្បន្ន​នេះ ​សត្វព្រៃ​ជាច្រើន​ប្រភេទ ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​យក​មក​លក់​នៅ​តាម​ហាង​ផឹកស៊ី​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ​ និង​ម្តុំ​ក្រោយ​ស្តា​ត​ចាស់ ព្រមទាំង​ហាង​ផ្សេងៗ​ជាច្រើន​ទៀត​។​ ទង្វើ​បែបនេះ​គេ​ដាក់​ការ​សង្ស័យ​ថា​ សមត្ថកិច្ច​ជំនាញ​ខ្លះ​អាច​ជាប់​ពាក់ព័ន្ធ​ នឹង​បទល្មើស​ទាំងនេះ​យ៉ាង​ត្រជាក់ត្រជុំ​ហើយ​ទើប​មិន​មាន​ការ​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​បែបនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu