Ad Code

ឃាត់​ខ្លួន​ឃាតក​​ម្នាក់ ក្រោយពេល​ប្រទះឃើញ​សព​អណ្ដែត​ក្នុង​ស្ទឹង​សង្កែ



បាត់ដំបង ​៖ ​ជនដៃដល់​ម្នាក់ ដែលជា​ឃាតក​សម្លាប់​មនុស្ស ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់​បាន​ខ្លួន​ភ្លាមៗ បន្ទាប់ពី​មាន​ការ​ភ្ញាក់ផ្អើល​ដោយសារតែ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ទឹក​ក្នុង​ស្ទឹង​សង្កែ មិនបាន​ប៉ុន្មាន​ម៉ោង​ផង។

ការ​ប្រទះឃើញ​សព​នេះ គឺ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ​២០១៨នៅ​ចំណុច​មុខ​វត្ត​កែវ ក្នុង​ក្រុម​ទី​១៨ ភូមិ​កំពង់​សំបួរ ​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដោយមាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ និង​ប្រជាពលរដ្ឋ​សហការ​គ្នា​ស្រង់​សព​បុរស​នេះ​ឡើង​ពី​ទឹក មក​ដាក់​នៅ​លើ​ច្រាំង​ស្ទឹង​ដើម្បី​អោយ​កម្លាំង​ជំនាញ បច្ចេកទេស​វិទ្យាសាស្ត្រ និង​កោសល្យវិច័យ​ចុះទៅពិនិត្យ។

ជនរងគ្រោះ​មានឈ្មោះ ធឿន មករា ហៅ ស៊ុយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ដោយ​កម្លាំង​ជំនាញ​បាន​លើក​ឡើង​ថា សព​នេះ អាច​ស្លាប់​មកពី​ការ​លង់ទឹក និង​បន្ទាប់ពី​មានការ​ប៉ះទង្គិច​នឹង​វត្ថុ​រឹង​អ្វីមួយ​នៅ​លើ​ផ្ទៃមុខ ​( អាច​មកពី​អំពើ​ហិង្សា ដោយមាន​ស្ថាន​ទម្ងន់ )។

តាម​ការ​អះអាង​ពីសា​ក្សី​មួយចំនួន​បាន​និយាយ​ថា កាលពី​យប់​ថ្ងៃទី​៣ ខែកញ្ញា នៅ​ម្តុំ​ផ្ទះ​ជនរងគ្រោះ​រស់នៅ មានការ​ផឹកស៊ី​ រហូត​ដល់ពេល​រំលង​អធ្រាត្រ ក៏​ស្រាប់តែ​ឮ​សំឡេង​ដូចជា​មនុស្ស​ដេញ​វ៉ៃ​គ្នា រហូតដល់​មាត់​ស្ទឹង ដោយមាន​ទាំង​សំឡេង​ស្រែក​អោយ​គេ​ជួយ​ថែមទៀត។​

ក្រោយពី​មានការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ អ៊ុច សុខុន រួចមក លោក ស្នងការរង​ជេ​ត វណ្ណ​នី បាន​ចាត់តាំង​លោក អូន ហ្វៃ នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ លោក​នាយរង សេង លុច ដើម្បី​ចុះ​សហការ​ជាមួយ​នឹង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់ មក​សាកសួរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ចាន់ សុ​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំ​ណើត​​នៅ​ខេត្តកោះកុង ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង បាន​សារភាព​ថា នៅ​យប់​នោះ​ពិតជា​មានការ​ផឹក​ស៊ីមែន ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​៩ យប់ ពួកគេ​ក៏បាន​បែកផ្លូវ​គ្នា​ទៅ​ដេក​រៀងៗ​ខ្លួន​អស់​ទៅ។

ជនសង្ស័យ​ដែលជា​ឃាតក​​បាន​បន្តថា ប៉ុន្តែ​បាន​ប្រហែល​កន្លះ​ម៉ោង ឈ្មោះ​ស៊ុយ (​ជនរងគ្រោះ​) បាន​ដើរមក​សួររក​ស្រា​ផឹក​ទៀត ដោយ​ខឹង​ដេក​មិនបាន​ខ្លួន​ក៏បាន​ដេញ​ធាក់​រហូតដល់​មុខ​វត្ត​ដើម្បី​អោយគេ​ទៅ​ដេក​វិញ មិនតែប៉ុណ្ណោះ គឺ​នៅ​ម៉ោង​១ រំលង​អធ្រាត្រ​ គេ​ក៏បាន​ដើរមក​ស្រែក​ឡូឡា​ទៀត ដោយសារតែ​ខឹង​ខ្លាំងពេក ខ្លួន​ក៏បាន​ស្រ​វ៉ា​ចាប់​អំបែង​ពាង​ប៉ុនកដៃ ដេញ​រហូតដល់​មាត់​ស្ទឹង ហើយក៏​បាន​វ៉ៃ​ទៅលើ​ផ្ទៃមុខ​ចំនួន ២ អំបែង​នោះ​បណ្តាលអោយ​គេ​ដួល​ទៅក្នុង​ទឹក រួចខ្លួន​ក៏បាន​ឡើងមក​ដេក​វិញ​ជាធម្មតា ប៉ុន្តែ​ស្អែក​ឡើង​ក៏​នៅតែ​មិនឃើញ​ជនរងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញ​ឡើយ ទើប​ខ្លួនគេ​គិតថា ប្រហែលជា​គេ​អស់​អាយុ​ត្រឹម​ហ្នឹងហើយ​មើលទៅ ប៉ុន្តែ​នៅ​ថ្ងៃទី ៥ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី បាន​លើក​ឡើង​ថា ពិតជា​មានរឿង​បទល្មើស​ឧក្រិដ្ឋ​កើតឡើង​ផ្ទួនៗ​គ្នា​មែន ប៉ុន្តែ​ក៏ត្រូវ​បាន​កម្លាំង​បំបែក​បាន​ទាំងអស់ ដូចជា​រឿង​បាញ់​សម្លាប់​នៅ​ស្រុក​បាណន់ រឿង​រំលោភ​សម្លាប់​នៅ​ស្រុក​សង្កែ និង​ចុងក្រោយ​រឿងនេះ​តែម្តង​បច្ចុប្បន្ន​ជនសង្ស័យ​ដែលជា​ឃាតករ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រៀបចំ​ឯកសារ​ ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ចំណែក​សព​ក៏ត្រូវ​បាន​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu