Ad Code

សង្ស័យ​ងងុយដេក រថយន្ត​តូច​បើក​ទៅបុក​រថយន្ត​ធំ ពេញទំហឹង​ធ្លាក់ចូល​ស្នាមភ្លោះ​ទាំង​២​គ្រឿង​បណ្តាល​ឲ្យ​របួសធ្ងន់​៤​នាក់



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង រវាង​រថយន្ត​តូច​បើក​ទៅបុក​រថយន្ត​ធំ​ក្នុង​ទិសដៅ​ផ្ទុយគ្នា​នៅ វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៦​ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ទីប្រជុំជន លើផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងកើត​ផ្លូវ​ចូល​ភូមិ​អញ្ចាញ ប្រហែល ១០០​ម៉ែត្រ ស្ថិត​ក្នុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ ចរាចរណ៍​ជើងគោក​បាន​ឲ្យ​ដឹង​ថា​អ្នក​បើករថយន្ត​តូច​ឈ្មោះ សឹម សុ​ភ័​ណ្ឌ​ណា​រិ​ទ្ធិ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ អ្នក​រួម​ដំណើរ​៣​នាក់​១.​ឈ្មោះ ស៊ុត ប៊ុនធឿន ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២​ឈ្មោះ នួន រិទ្ធី ភេទ​ប្រុស អាយុ​២៥ ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៣​ឈ្មោះ​ស្រី ភេទ​ស្រី​អាយុ​១៨ អាសយដ្ឋាន​ក្តាប់​មិនទាន់​បាន​ទាំង​អ្នកបើកបរ​និង​អ្នក​រួម​ទាំង​ដំណើរ​របួសធ្ងន់​ទាំង​៤​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​។



ចំណែក​អ្នក​បើករថយន្ត​ធំ ឈ្មោះ​ប៉ោ សុ​ផុន អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​សន្សំ​កុសល​១ សង្កាត់បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។ ​លោកនាយ​រង​ការិយាល័យ បានបញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​រថយន្ត​តូច​ម៉ា​កវី​ហ្គោ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ បាន​បើក​ពី​ទិស​ខាង​លិចទៅ​កើត ចំណែក​រថយន្ត​ធំ ដឹកទំនិញ​ធុន​ធ្ងន់ បាន​បើក​ពី​កើ​តទៅ​លិច ដល់​ចំណុច​កើតហេតុ សង្ស័យ​អ្នក​បើក​រថយន្ត​តូច​ងងុយដេក បាន​រេ​ចង្កូត​ទៅបុក​នឹង​រថយន្ត​ធំ ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ធ្លាក់​ពីលើ​ផ្លូវជាតិ និង​អ្នក​បើក ទាំង​រួម​ដំណើរ​រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា ជប៉ុន ខេត្តបន្ទាយមានជ័យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ផង​ដែរ​។

ចំណែក​រថយន្ត​តូច​ខូច​ធ្ងន់​មួយ​កំណាត់​មុខ ចំពោះ​រថយន្ត​ធំ​ខូច​ស្រាល​។​ ក្រោយពី​កើត​ហេតុ​រួច​រថយន្ត​ទាំង​២​គ្រឿង​ នគរបាល​ចរាចរណ៍​យក​មក​រក្សាទុក​នៅ ការិយាល័យ ចរាចរណ៍ រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu