Ad Code

ក្រសួង​ការងារ​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ​ដើម្បី​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ



ភ្នំពេញ ​៖ ​ក្រសួង​ការ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ​សហគ្រាស​នានា អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ​ដើម្បី​ទៅ​ចូលរួម​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​៨ ៩​និង​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៨​ខាងមុខនេះ​។

ថ្លែង​នៅក្នុង​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ការងារ​ ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៨ ​លោក​បណ្ឌិត អ៊ិត សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កម្មករនិយោជិត​បាន​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​និយោជក​ ឬ ម្ចាស់​រោង​ចក្រ​សហគ្រាស គ្រឹះស្ថាន​ការងារ​ទាំងអស់​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​ដោយ​រក្សាទុក​ប្រាក់​ឈ្នួល​និង​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ដូច​ថ្ងៃ​ធម្មតា​និង​ត្រូវ​ខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល​ជួន​ដល់​កម្មករនិយោជិត​ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ប៉ុន្តែ​បើ​ពុំ​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ឲ្យ​បាន​ទាន់ពេល​ទេ​សូម​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទទួលបាន​ប្រាក់​បុរេប្រទាន​យ៉ាងតិច​៥០​ភាគរយ​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ។

លោក​រដ្ឋមន្ត្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ និយោជក​ឬ​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះ​ស្ថាន​ការងារ​ទាំងអស់ នឹង អនុវត្តតាម​សេចក្តី​ជូន​ដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព។

លោក កាំ​ង មូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​អ្នក​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​G M AC​ធ្លាប់​បាន​មានប្រសាសន៍ថា​សមាគម​នឹង​អនុវត្ត​ទៅតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ហើយនឹង​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តី​ជួន​ដំណឹង​នេះ​ទៅតាម​បណ្តា​រោងចក្រ​សហគ្រាស​នានា​ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករ កម្មការិនី​បាន​ឈប់សម្រាក​ទៅតាម​ការកំណត់​របស់​ក្រសួង ដោយ​មិន​កាត់​ប្រាក់​ឈ្នួល ឬ​ប្រាក់​បំណាច់​អ្វី​ទាំងអស់។

គួរ​បញ្ជាក់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៨ ទី​៩​និង​ទី​១០​ខែតុលា​ឆ្នាំ​២០១៨​ខាងមុខនេះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu