Ad Code

មេដឹកនាំ​ចិន​អបអរសាទរ​សម្តេច​តេ​ជោ​ហ៊ុន សែន​ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​សាជាថ្មី​ទៀត



ភ្នំពេញ​ ៖​ លោក លី ឃឹ ឈាង នាយករដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​សាជាថ្មី​ទៀត ​បន្ទាប់ពី​រដ្ឋ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជា​ឯកច្ឆន្ទ​ កាលពី​ថ្ងៃទី​៦​ ខែកញ្ញា​រួចមក​។

លោក លី ឃឹ ឈាង នាយករដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អះអាង​ថា ​នឹង​បង្កើន​ការ​សហការ​ជាមួយ​កម្ពុជា​ដើម្បី​ជំរុញ​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការ​បង្កើត​សហគមន៍​នៃ​អនាគត​រួមគ្នា​មួយ​រវាង​ចិន​ និង ​កម្ពុជា ​ជា​យុទ្ធសាស្ត្រ​សំដៅ​ឈាន​ទៅ​រួមចំណែក​ជា​វិជ្ជមាន​ក្នុងការ​រក្សាបាន​នូវ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​ និង ​ពិភព​លោក​។

ថ្លែង​នៅក្នុង​លិខិត​អបអរសាទរ​មួយ​កាលពី​ថ្ងៃទី​៦​កញ្ញា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាសារ​ព័ត៌មាន​ក្នុង​ស្រុក លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន​មានប្រសាសន៍ថា «​ខ្ញុំ​សូម​សំដែង​ការ​កោតសរសើរ​យ៉ាង​កក់ក្តៅ​ក្នុងនាម​រដ្ឋាភិបាល​ចិន​និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់​ជូន​ឯកឧត្តម​លោកជំទាវ​ជាថ្មី​ម្តងទៀត​ស្តីពី​ជំហរ​របស់​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី​»។



លោកនាយក​រដ្ឋមន្ត្រី​ចិន​សង្ឃឹមថា ​ក្រោម​ការដឹកនាំ​ដ៏​មុតមាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រជាជន​កម្ពុជា​នឹង​បន្ត​ការ​រីកចម្រើន​ទៅមុខ​ក្នុង​បុព្វហេតុ​នៃ​ការស្ថាបនា​ជាតិ​ហើយ​ភាគី​ចិន​មាន​សេចក្តី​រីករាយ​យ៉ាង​ជ្រាលជ្រៅ​ហើយ​ជឿជាក់​ថា ស​ម្តេច​តេ​ជោ​ហ៊ុន សែន ​នឹង​បន្ត​ដឹកនាំ​ប្រជាជន​កម្ពុជា​ដើម្បី​កសាង​ប្រទេស​ឲ្យ​មាន​វិបុលភាព​និង​រឹងមាំ​ជាង​មុន​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​មានការ​ផ្លាស់ប្តូរ​ថ្នាក់ខ្ពស់​ជា​ញឹកញាប់​ហើយ​មាន​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​និង​ការ​សម្របសម្រួល​ពហុភាគី​ជិតស្និទ្ធ​រវាង​ចិន​ និង ​កម្ពុជា ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ចិន-កម្ពុជា ​បានសម្រេច​នូវ​ការ​អភិវឌ្ឍ​ដ៏​ទូលំទូលាយ​ដែល​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រទេស​និង​ប្រជាជន​ទាំងពីរ​។

នៅក្នុង​លិខិត​ដដែល​នោះ​លោក នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ​បាន​ជួប​នឹង​ធ្វើ​កិច្ចចរចា​ជាមួយ​សម្តេច​ជាច្រើនលើក​ ហើយ​បាន​រក្សា​ទំនាក់ទំនង​ការងារ​ល្អ​និង​មិត្តភាព​ផ្ទាល់ខ្លួន​យ៉ាង​ជ្រាលជ្រៅ។

លោកនាយក​រដ្ឋមន្ត្រី​បាន​អះអាង​ទៀតថា ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ទ្វេភាគី លោក​នឹង​ភ្ជាប់​ការងារ​ជាមួយ​សម្តេច​ ដើម្បី​ជំរុញ​ឆ្ពោះ​ទៅ​មុខ​ក្នុងការ​បង្កើត​សហគមន៍​នៃ​អនាគត​រួមគ្នា​មួយ​រវាង​ចិន​និង​កម្ពុជា​ ដោយមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ដែល​បាន​រួម​ចំណែក​ជា​វិជ្ជមាន​ចំពោះ សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​និង​ពិភពលោក។

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៨​សម្តេច​តេ​ជោ​ហ៊ុនសែន​ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បោះឆ្នោត ផ្តល់​ក្តី​ទុកចិត្ត​ឲ្យ​ជា​នាយករដ្ឋមន្ត្រី​ដើម្បី​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​បន្ត​ទៀត ​ដើម្បី​ការរីកចម្រើន​សេដ្ឋកិច្ច និង​សង្គម​។

សម្តេចនាយក​រដ្ឋមន្ត្រី​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត ប្រឹងប្រែង​យក​ឲ្យ​អស់ពី​សមត្ថភាព ក្នុង​ការ​ដឹកនាំ​ស្ថាប័ន​របស់​ខ្លួន​ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​លើកកម្ពស់​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ឲ្យ​ស្របតាម​ជំនឿ​ទុកចិត្ត​ដែល​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ​កាល​ពី​ពេល​ថ្មីៗ​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu