Ad Code

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ​ជំរុញ​ឲ្យ​គណៈកម្មការ​បច្ចេក​ទេស​ទាំង​១១​បន្ត​ពង្រឹង​ការងារ​លើ​ស្ដង់ដារ​កម្ពុជា



ភ្នំពេញ ៖ ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រួម​នៅ​ទីស្ដីការក្រសួង​កាលពី​ថ្មីៗ​នេះ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​ក្រុម​គណៈកម្មការ​បច្ចេកទេស​ទាំង​១១​ បន្ត​កិច្ចប្រឹងប្រែង​បន្ថែម​ទៀត​ លើ​បញ្ហា​បច្ចេកទេស​តាម​ស្ដង់ដារ​កម្ពុជា​ពិសេស​គុណ​ភាព​ទំនិញ​និង​ផលិតផល​ផ្សេងៗ​ទៀត​។

ថ្លែង​បញ្ជាក់​បែបនេះ​ ខណៈ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២០ របស់​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដង់ដារ​ជាតិ​កម្ពុជា​តែម្ដង​។



មាន​ប្រសា​សន៍​នា​ឱកាស​នោះ​ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ទាំងអស់​ដែល​ក្នុងនោះ​មាន​គណៈកម្មការ​បច្ចេកទេស​ចំនួន​១១ បាន​ខិតខំ​បំពេញការងារ​ស្នូល​របស់ខ្លួន​សម្រេច​បាន​នូវ លទ្ធផល​គួរ​ជាទី​មោទនៈ ជាពិសេស ក្នុង​រាជរដ្ឋាភិបាល អាណ​ត្តិ​ទី​៥ កន្លង​មក​នេះ ទាក់ទង​និង​បទបញ្ញត្តិ​បច្ចេកទេស​លើ​វិស័យ​ស្តង់ដារ​កម្ពុជា គឺ​ការ​អនុម័ត​លើ​ស្តង់ដារ​ទំនិញ និង​ផលិតផល​ជាច្រើន​សម្រាប់​ជា​មូលដ្ឋាន​ផលិត ប្រើប្រាស់ នាំចេញ និង​នាំ​ចូលមក​កម្ពុជា។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​បន្ត​ថា ដោយសារ​កិច្ចប្រឹងប្រែង​របស់​មន្ត្រី​គណៈកម្មការ​ទាំងអស់​ក​ន្ល​ង​មក​ឃើញថា​ មានការ​ខិតខំ​មែន​ទើប ថ្ងៃនេះ​ក៏​មាន​ការរៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស និង​មេដាយ​មុនី​សារា​ភ័​ណ្ឌ​តាម​លំដាប់ថ្នាក់ ជូន​សមាជិក​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ និង​សមាជិក​គណៈកម្មការ បច្ចេកទេស សរុប​ចំនួន ១០៥ រូប​ផង​ដែរ ដែល​មាន ស្នាដៃ​ឆ្នើម​ក្នុងការ​អភិវឌ្ឍន៍​ស្តង់ដារ​ជាតិ ក្នុង​គោលបំណង​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​ចូលរួម​យ៉ាងសកម្ម ក្នុង​សកម្មភាព​ស្តង់ដារ​នីយកម្ម។ ក្នុង​នោះ​បន្ត​អនុវត្តន៍​ដូចជា​ទី១-​ការកែសម្រួល​ស្តង់ដារ​កម្ពុជា CS 093:2012 និង​បទប្បញ្ញត្តិ​បច្ចេកទេស CTR 008:2015 សម្រាប់​សារធាតុ​បន្ថែម លើ​ម្ហូបអាហារ ដែល​ស្តង់ដារ​នេះ ត្រូវ​បាន​អនុម័ត​ទទួល​យក​តាម​ស្តង់ដារ​អន្តរជាតិ​កូ​ដិ​ច អន្តរជាតិ។

ទី​២-​ស្តង់ដារ​អន្តរជាតិ IEC សម្រាប់​បរិក្ខា​អគ្គីសនី ប្រើប្រាស់​ក្នុង​លំនៅឋាន ចំនួន ១៥​ស្តង់ដារ មក​ធ្វើជា​ស្តង់ដារ​ជាតិ​របស់​កម្ពុជា ដើម្បី​ផ្តល់​ភាព ងាយស្រួល​ដល់​អង្គភាព​ត្រួតពិនិត្យ​ទាំងអស់​វាយតម្លៃ និង​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​បរិក្ខា​ខាងលើ ក្នុងទិសដៅ​ការពារ​អ្នកប្រើប្រាស់ ហា​នី​ភ័យ និង​បរិស្ថាន​ដែល​បង្កដោយ​បរិក្ខារ ទាំងនោះ​។

ទី​៣-​ស្តង់ដារ​អន្តរជាតិ ISO 5001:2011​ប្រព័ន្ធគ្រប់គ្រង​ថាមពល​-​ការ​តម្រូវ​ជាមួយ​ការណែនាំ​សម្រាប់​ការប្រើប្រាស់ មក​ធ្វើជា​ស្តង់ដារ​ជាតិ​របស់​កម្ពុជា ដើម្បី​ឲ្យ​ក្រុមហ៊ុន​/​អង្គភាព​ទាំងអស់​អាចអនុវត្ត​ក្នុង​ការ​គ្រប់គ្រង​ការប្រើប្រាស់​ថាមពល ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​នៃ​ការប្រព្រឹត្ត​ថាមពល​តាមរយៈ​ការប្រើប្រាស់​ឧបករណ៍ និង​បរិក្ខារ​អគ្គីសនី​ដែល​ត្រូវ​បាន​ផលិត​ឡើង​ឲ្យ​មាន​លក្ខណៈ​សន្សំសំចៃ និង​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន ការ​ចំណាយ ការប្រើប្រាស់​ធនធាន​ច្រើន ការ​បំ​ភាយ​កំដៅ និង​ការ​បំពុល​ចំពោះ​បរិស្ថាន​។ ស្តង់ដារ​នេះ ក៏​ផ្តល់​ជា​មូលដ្ឋាន​សម្រាប់​ការចេញ​វិញ្ញាបនបត្រ​លើ​ការគ្រប់គ្រង​ថាមពល​ផងដែរ​។



​ទី​៤-​ស្តង់ដារ​អន្តរជាតិ ISO ផ្នែក​វិធីសាស្ត្រ សម្រាប់​គ្រឿង​សង្ហា​រឹម ចំនួន ១១​ស្តង់ដារ មក​ធ្វើជា​ស្តង់ដារ​ជាតិ​របស់​កម្ពុជា ដើម្បី​ផ្តល់នូវ​មូលដ្ឋាន​និង​ឯកសារ​ដល់​មន្ទីរពិសោធន៍ និង​អង្គភាព​ត្រួតពិនិត្យ​ទាំងអស់​អនុវត្ត​សម្រាប់​ការវាយតម្លៃ​ចរិតលក្ខណៈ គុណភាព និង​សុវត្ថិភាព​គ្រឿង​សង្ហា​រឹម សម្រាប់​ការប្រើប្រាស់ និង​សម្រាប់​សម្របសម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​។

បន្ថែម​លើ​ការ​អនុម័ត​ទទួលយក​ស្តង់ដារ​អន្តរជាតិ ISO និង IEC អង្គប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ក៏បាន​ពិនិត្យ​ផង​ដែរ​ អំពី​លទ្ធភាព​នៃ​ការ​កែសម្រួល​បទ​ប្បញ្ញត្តិ​បច្ចេកទេស CTR 008:2015 សម្រាប់​សារធាតុ បន្ថែម​លើ​ម្ហូបអាហារ​ដោយសារ​ស្តង់ដារ CS 093:2012 បានធ្វើការ​កែសម្រួល និង​ការកំណត់ ស្តង់ដារ​អន្តជាតិ IEC ចំនួន ១៥ ស្តង់ដារ​ខាងលើ​ជា​បទ​ប្បញ្ញត្តិ​បច្ចេកទេស ដើម្បី​ពង្រឹង​ការអនុវត្ត​ស្តង់ដារ ក្នុងទិសដៅ​ធានា​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​។

ក្នុង​ឱកាស​នោះ ជាមួយ និង​ការ​បំពាក់​គ្រឿង​ឥស្សរិយយស និង​មេដាយ មុនី​សារា​ភ័​ណ្ឌ ក៏​មាន​ពិធី ប្រគល់​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ ដោយ​លោ​កកិ​ត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​ស្តីពី​ការបញ្ចប់​មុខតំណែង តែងតាំង និង​សម្រួល​ភារកិច្ច​ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ផងដែរ ដោយហេតុថា វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា ត្រូវ​ប្តូរ​មក​ជា អគ្គនាយកដ្ឋាន​ស្តង់ដារ​កម្ពុជា វិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu