បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់រត់ម៉ូតូមិនសូវកាក់កបរកស៊ីថ្នាំញៀនផ្សំត្រូវបានកម្លាំងអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនវេលាម៉ោង១ល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខសាលាពីរជាន់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាហមានជ័យ និងបានដកហូតវត្ថុតាងមួយចំនួនរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ៨កូនថង់ ស្មើ ២.៦៣ក្រាម ថ្នាំគ្រាប់រាងមូល ពណ៌ផ្កាឈូក ចំនួន ៣គ្រាប់ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ស៊េរីឆ្នាំ២០១៣ ទូរស័ព្ទដៃ ចំនួន ០១គ្រឿង ឧបករណ៍សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ក្រោយពីធ្វើការឃាត់ខ្លួនហើយ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានឈ្មោះអ៊ុំ វាសនា ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយខ្លួនបានជួញដូរគ្រឿងញៀននេះមួយរយៈមកហើយ ដោយទិញពីបុរសម្នាក់ឈ្មោះ ភ័ក្ត្រ ដើម្បីយកមកចែកចាយបន្ត។
ដោយយោងលើចម្លើយសារភាព ជនសង្ស័យខាងលើអាចត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments