សៀមរាប ៖ រថយន្តនីសាន់បុករថយន្តហ៊ីយាន់ដាយ សណ្តោងរ៉ឺម៉កក្នុងទិសដៅស្របគ្នា បណ្តាលឲ្យធ្លាក់ស្នាមភ្លោះ និងរងរបួសធ្ងន់២នាក់ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0080 បើកបរដោយឈ្មោះហុល ហូយ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ បើកបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 3A-4093 សណ្ដោងរ៉ឺម៉កពាក់ស្លាកលេខ4A-0022 បើកបរដោយឈ្មោះ បូរីភេទប្រុស អាយុ៣០ឆ្នាំ បណ្ដាលឲ្យរបួសធ្ងន់០២នាក់ (ជាអ្នកបើកបររថយន្តទាំសងខាង)។
សមត្ថកិច្ចបន្តថា ជនរងគ្រោះមានទី១.ឈ្មោះហុល ហូ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀរាប របួសធ្ងន់(ជាអ្នកបើកបររថយន្តម៉ាកនីសាន់)។ ទី២.ឈ្មោះ បូរី ភេទប្រុស អាយុ៣០ ឆ្នាំ ទីលំនៅភូមិត្របែក ឃុំអង្គរទ្រេត ស្រុកស្វាយសន្ធរ ខេត្តព្រៃវែង របួសធ្ងន់ ជាអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្ដោងរ៉ឺម៉ក។
បច្ចុប្បន្នអ្នករបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប ឯរថយន្តទាំង០២កំពុងស្ទូចយកទៅ រក្សាទុកកន្លែងប៉ូលិសស្រុក៕
Source: Kampuchea Thmey Daily
0 Comments