ភ្នំពេញ ៖ ក្រោយពីទទួលបានការណែនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងព្រះបរមរាជវាំង រួចមក រដ្ឋបាលខណ្ឌដូនពេញ បានធ្វើការប្រជុំផ្សព្វផ្សាយ ណែនាំ និងសំណូមពរ ដល់បងប្អូនអាជីវករអ្នកលក់ដូរចំណីសត្វព្រាប អ្នកលក់ផ្កាស្លាធម៌ លក់សត្វចាប និងថតរូបនៅខាងក្រោយព្រះអង្គដង្កើយ និងសួនព្រះបរមរាជវាំង មកដល់ថ្ងៃនេះមានរយៈពេល ១៥ថ្ងៃហើយ ដោយអាជ្ញាធរយើងបានណែនាំឲ្យបងប្អូនអាជីវករទៅលក់ដូរ និងបាចចំណីសត្វព្រាបនៅចំណុចការ៉ូឡាខាងមុខព្រះអង្គក្រចៅ ឬខាងជើងវេទិកាបុណ្យអុំទូកវិញ និងអ្នកលក់ផ្កានៅព្រះអង្គដង្កើ ព្រះអង្គក្រចៅ ឲ្យចូលលក់ក្នុងស្តង់ នៅខាងត្បូងព្រះអង្គដង្កើ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជូនបងប្អូននោះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០១៨នេះរដ្ឋបាលខណ្ឌដូនពេញបានសង្កេតឃើញថា បងប្អូនអ្នកលក់ចំណីសត្វព្រាប លក់ផ្កាស្លាធម៌ លក់ចាប និងសេវាកម្មថតរូប បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរបានល្អប្រសើរ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានបងប្អូនប្រជាពលរដ្ឋ និងអ្នកលក់ដូរមួយចំនួនតូច ដែលមិនបានគោរពតាមការណែនាំរបស់អាជ្ញាធរបានបន្តលក់ដូរ បាចចំណីសត្វព្រាប និងថតរូប នៅលើស្មៅសួនច្បារ ការ៉ូឡាខាងមុខព្រះបរមរាជវាំង ដដែល ហើយបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ដោយបានដើរជាន់លើស្មៅ និងមានសំរាម ឬចំណីព្រាបនៅលើការ៉ូឡា ដែលជាហេតុនាំឲ្យប៉ះពាល់ដល់អនាម័យបរិស្ថានផងដែរ ។
ដោយហេតុខាងលើរដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការណែនាំ និងអង្វរយ៉ាងទទូចដល់បងប្អូនអាជីវករ អ្នកលក់ដូរ បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានមកលេងកម្សាន្តសប្បាយ ឬគោរពបូជា នៅបរិវេណខាងមុខព្រះបរមរាជវាំង សូមមេត្តាយោគយល់ អធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យនៅជុំវិញទីតាំងខាងលើ ក៏ដូចជាទីសាធារណៈនានាក្នុងរាជធានីភ្នំពេញទាំងមូល ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពក្នុងរាជធានីភ្នំពេញរបស់យើង ប្រកបដោយភាពទាក់ទាញ៕
Source: Kampuchea Thmey Daily
0 Comments