Ad Code

លួច​លុយ​ក្រុមហ៊ុន​ទៅលេង​ល្បែង​ចាញ់​អស់​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់​ក្របួច



ភ្នំពេញ ៖ ​បុរស​កំហូច​ម្នាក់​ បាន​លួច​យក​លុយ​ពី​អតិថិជន​របស់​ក្រុមហ៊ុន ទៅលេង​ល្បែង​អស់ហើយ និង​គ្មាន​ប្រាក់​សង​ក្រុមហ៊ុន​វិញ​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន តាម​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន ហើយ​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ​នៅ​ថ្ងៃទី​៧​ខែកញ្ញា ឆ្នាំ២០១៨។

មន្ត្រី​អាវុធហត្ថ​និយាយ​ថា ជនសង្ស័យ​ឈ្មោះ អ៊ុក សុផាន់​ណា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១ ផ្លូវលំ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។ ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ម្តុំ​ស្ថានីយ​ចាក់​ប្រេង​សូ​គី​មិច ក្បែរ​អតីត​រង្វង់​មូល​ទួលគោក សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។

ការ​ចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ពាក្យ​បណ្តឹង​របស់​ជនរ​ង​គ្រោះ ដោយ​បាន​ប្តឹង​ចោទ​ប្រកាន់​ថា ជនសង្ស័យ​បាន​ប្រមូល​លុយ​ពី​អតិថិជន​របស់​ក្រុមហ៊ុន មិន​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន ម្តង​ហើយ​ម្តង​ទៀត​។​ យ៉ាងណាក៏ដោយ​មន្ត្រី​អាវុធហត្ថ​មិនបាន​បង្ហើប​ពី​ចំនួន​ទឹកប្រាក់​នោះទេ។

ចំណែក​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​យកលុយ​ពី​អតិថិជន របស់​ក្រុមហ៊ុន​ទៅលេង​ល្បែង​អស់ហើយ និង​គ្មាន​ប្រាក់​សង​ក្រុមហ៊ុន​វិញ ទើប​អាវុធហត្ថ​ចាប់ខ្លួន​តែម្តងទៅ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu