Ad Code

រដ្ឋសភា ​ផ្តល់​សុពលភាព​ដល់​សមាជិកា​សមាជិកា​ចំនួន​៣៨​រូប​ជា​ផ្លូវការ



ភ្នំពេញ ​៖ រដ្ឋសភា​ បាន​ប្រកាស​ទទួលស្គាល់​សមាជិក​សមាជិកា​ថ្មី នៃ​រដ្ឋសភា​ជាប់ឆ្នោត​ចំនួន​៣៨​រូប​ជា​ផ្លូវការ។

ការប្រកាស​នេះ ​ធ្វើឡើង បន្ទាប់ពី​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៦ ​នា​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុម័ត​ដោយ​លើកដៃ​ផ្តល់នូវ​សុពលភាព​ជូន​សមាជិក​សមាជិកា​ថ្មី នៃ​រដ្ឋសភា​ជាប់ឆ្នោត​ទាំង ៣៨​រូបនោះ​។​

សូម​ជម្រាបជូន​ថា ​៖ ការដាក់​សមាជិក​ថ្មី នៃ​រដ្ឋសភា​នាពេលនេះ គឺ​ដើម្បី​ជំនួស​ឲ្យ​សមាជិក​រដ្ឋសភា ដែល​បាន​ជាប់ឆ្នោត​កាលពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែល​បាន​ចាក​ចេញពី​រដ្ឋសភា​ទៅធ្វើជា​សមាជិក​រាជរដ្ឋាភិបាល និង​ជា​រដ្ឋលេខាធិការ​នៅតាម​ក្រសួង​ស្ថាប័ន​មួយចំនួន​សរុប​ចំនួន ៣៨​រូប​។ ចំពោះ​សមាសភាព​សមាជិក​សមាជិកា​រដ្ឋសភា ដែល​បានប្រកាស​សុពលភាព​នាពេលនេះ​មាន មណ្ឌល​ខេត្តបាត់ដំបង​ចំនួន ២​រូប មណ្ឌល​ខេត្តកំពង់ចាម​ចំនួន ៥​រូប មណ្ឌល​ខេត្តកំពង់ឆ្នាំង​ចំនួន ២​រូប មណ្ឌល​ខេត្តកំពង់ស្ពឺ​ចំនួន ៣​រូប មណ្ឌល​ខេត្តកំពង់ធំ​ចំនួន ១​រូប មណ្ឌល​ខេត្ត កណ្តាល​ចំនួន ៥​រូប មណ្ឌល​ខេត្តក្រចេះ​ចំនួន ១​រូប មណ្ឌល​រាជធានី​ភ្នំពេញ​ចំនួន ៤​រូប មណ្ឌល​ខេត្តព្រៃវែង​ចំនួន ៥​រូប មណ្ឌល​ខេត្តពោធិ៍សាត់​ចំនួន ៣​រូប មណ្ឌល​ខេត្ត​ព្រះសីហនុ ចំនួន ២​រូប មណ្ឌល​ខេត្ត​កែប​ចំនួន ១​រូប មណ្ឌល​ខេត្តតាកែវ​ចំនួន ១​រូប មណ្ឌល​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ​ចំនួន ១​រូប និង​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​ចំនួន ២​រូប​។

សូមបញ្ជាក់ថា​៖ សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​នេះ ព្រះរាជាណាចក្រ​កម្ពុជា មាន​សភាតំណាងរាស្ត្រ​ចំនួន ២៥​មណ្ឌល​ក្នុង​ទូទាំងប្រទេស ដោយមាន​អាសនៈ​តំណាងរាស្ត្រ​សរុប​ចំនួន ១២៥​រូប សុទ្ធសឹង​មក​គណបក្ស​ប្រជាជន​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu