Ad Code

បុរស​អាមេរិកាំង​ម្នាក់​ស្លាប់​នៅក្នុង​ផ្ទះសំណាក់​យីហោ​(​ហ្គោល​ឌិន​ហូ​ម​)​ព្រោះតែ​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត



ភ្នំពេញ​ ៖​ ជនជាតិ​អាមេរិកាំង​ម្នាក់​ ព្រោះតែ​ការប្រើប្រាស់​ថ្នាំញៀន​លើស​ចំណុះ​ពេក​នោះ ​បាន​បណ្តាល​ឲ្យ​គាំង​បេះដូង​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល ស្ថិតនៅ​ទីតាំង​ផ្ទះ​លេខ​១៤២​អា​៣ ផ្លូវ​លេខ​១៧២ ក្រុម​១៨ ភូមិ​៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ក្នុង​បន្ទប់​លេខ អា​១៩ ជាន់​ទី​២​នៃ​ផ្ទះសំណាក់​យីហោ​(​ហ្គោល​ឌិន​ហូ​ម​)​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ BELLOUMO ARTHURFRANKSTANLY ភេទ​ប្រុស អាយុ​២៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ៥៦៥៥៩៦៤៥៨ ស្នាក់នៅ​បណ្តោះអាសន្ន​ផ្ទះសំណាក់​កើតហេតុ​។

បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ជនរងគ្រោះ​បាន​មក​ជួល​បន្ទប់​នៃ​ផ្ទះសំណាក់​យីហោ​ហ្គោល​ឌិន​ហូ​ម ស្នាក់នៅ​ក្នុង​តម្លៃ​១​ថ្ងៃ​ចំនួន​៦​ដុល្លារ​។ លុះដល់​ថ្ងៃទី​៥ ខែកញ្ញា វេលា​ម៉ោង​១០ និង​៣០​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំណាក់ ដោយ​ដឹក​សង្សារ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រហូតដល់​ម៉ោង​១ និង​៣០​នាទី ទើប​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ត្រឡប់មកវិញ ហើយ​ឡើងទៅ​សម្រាក់​នៅ​បន្ទប់​រហូតដល់​ម៉ោង​ប្រហែលជា​ម៉ោង​៧​យប់ ជនរងគ្រោះ​បាន​ចុះ​ពី​បន្ទប់​មកក្រោម ហើយ​ជិះ​ម៉ូតូ​ចេញ​ក្រៅ​បាត់​តែម្តង​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា លុះដល់​ម៉ោង​២៣ និង​១០​នាទី​យប់ ទើប​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ត្រលប់​មកវិញ ហើយ​ឡើង​ទៅ​សម្រាក​ក្នុង​បន្ទប់​លេខ​អា​១៩ ជាន់​ទី​២​វិញ រហូតដល់​ម៉ោង​២​រសៀល​ខែ​ឆ្នាំ​ដដែល ដោយ​មិនឃើញ​ជនរងគ្រោះ​ចេញពី​បន្ទប់ ទើប​ឈ្មោះ ភ័​ក្រ ជា​បុគ្គលិក​ផ្ទះសំណាក់ បាន​ឡើង​ទៅ​គោះទ្វារ​ជាច្រើន​ដង​តែ​ពុំមាន​ការ​ឆ្លើយតប​។ ដោយមាន​ការសង្ស័យ​ក៏​បើកទ្វារ​ចូល​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ​លើ​គ្រែ ដោយ​ពុំមាន​សម្លៀកបំពាក់​ជាប់​នឹង​ខ្លួន​នោះទេ ក៏​រត់​ចុះមក​ក្រោម​វិញ​រាយការណ៍​ប្រាប់​ថៅកែ និង​សមត្ថកិច្ច​ឲ្យ​ជ្រាប​ពី​ដំណឹង​នេះ​ផងដែរ​។

តាម​ការពិនិត្យ​របស់​គ្រូពេទ្យ​កោសល្យវិច័យ និង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ការ​ស្លាប់​របស់​ជនរ​ង​គ្រោះ​ខាងលើ​នេះ ព្រោះតែ​ការប្រើប្រាស់​ថ្នាំញៀន​ប្រភេទ​ម៉​ហ្វី​ន និង​បេ​តំ​ហ្វេ​តា​ម៉ី​ន​លើស​កម្រិត​ពេក​ទើប​បណ្តាល​ឲ្យ​គាំងបេះដូង​។

បច្ចុប្បន្ន​សព​បាន​បញ្ជូន​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​។ ​ចំណែក​សំភារៈ​របស់​ជនរងគ្រោះ​បាន​ប្រគល់​ជូន​ខាង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិ​វិធី​ដើម្បី​រក្សាទុក​៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu