Ad Code

ចោរ​អស់លក្ខណ៍ ផ្អើល​អ្នក​ចុះ​មក​បត់ជើង រត់ចោល​គោ​៥​ក្បាល



​បាត់ដំបង ៖ សត្វ​គោ​ចំនួន​៥ ក្បាល ដែល​អាយុ​នៅ​ថ្លៃ​ត្រូវបាន​រួចខ្លួន​ពី​កណ្តាប់ដៃ​ចោរ​មកវិញ ហើយក៏​ជា​សំណាង​របស់​ម្ចាស់​គោ​ដែរ បន្ទាប់ពី​សត្វ​គោ​ទាំងនេះ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​លួច​យកបាន​ហើយ ប៉ុន្តែ​ត្រូវ​បាន​រួចខ្លួន​មកវិញ ដោយសារតែ​ចោរ​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ប្រជាពលរដ្ឋ​ដែល​ចុះ​មក​បត់ជើង​ក្នុង​ពេលយប់ ចំ​ពេល​ដែល​ចោរ​កំពុង​ដឹកគោ​មកដល់​ល្មម។

ការ​ភ្ញាក់ផ្អើល និង​ឆោឡោ​ឡើង​នេះ គឺ​នៅវេលា​ម៉ោង ១ រំលង​អធ្រា​ត ឈាន​ចូល​ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់​ ខេត្តបាត់ដំបង ដោយសារ​តែ​មាន​ចោរ​ចំនួន ២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​លួច​គោ​អ្នកស្រុក យ៉ាង​ស្ងៀមស្ងាត់។



​បើ​តាម​ប្រភព​នៅ​ទី​នោះ​បាន​និយាយ​ថា នៅ​ពេល​ដែល​ជនសង្ស័យ​លួច​គោ​បាន​ចំនួន​៥​ក្បាល រួចហើយ​ បាន​ដឹក​តាម​ក្រោយ​ភូមិ លុះ​មកដល់​ខាងក្រោយ​ផ្ទះ​ឈ្មោះ​ឈឿន សុខា​ហៅ​ជុក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ស្រប​ពេល​ដែល​ម្ចាស់ផ្ទះ​នោះ​បាន​ចុះមក​បត់ជើង ក៏​ពើបប្រទះ​នឹង​គ្នា ដោយមាន​ការសង្ស័យ​ទើប​ឈ្មោះ ឈឿន សុខា បាន​ស្រែកហៅ​ឪពុក គ្រាន់តែ​ឮ​ប៉ុណ្ណឹង ស្រាប់តែ​ចោរ​ទាំង២នាក់ បាន​រត់ចោល​គោ​ទាំង ៥ ក្បាល ដែល​ក្នុង​នោះ​មាន មេ​ធំ​៣​ក្បាល កូនតូច​២​ក្បាល ផងដែរ។

ក្រោយពី​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ និង​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ទាំងយប់​រួចមក ទើប​គេ​ដឹង​ថា គោ​ទាំង ៥ ក្បាល​នេះ ជា​របស់​ឈ្មោះ ចម ឃើ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម នោះដែរ។ បច្ចុប្បន្ន​គោ​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ​ហើយ ដោយឡែក​មុខសញ្ញា កម្លាំង​កំពុងធ្វើការ​ស្រាវជ្រាវ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu