អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជារិទ្ធ ភូលូ ក្លិបអាណាចក្រគុនខ្មែរ និងចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យ បានវាយឈ្នះ អ្នកប្រដាល់ថៃនិងអ្នកប្រដាល់ឡាវដោយពិន្ទុដូចគ្នា នៅក្នុងការចាប់ផ្តើមថ្ងៃដំបូង នៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៥ទម្ងន់៦១គីឡូក្រាម កាលពីយប់ថ្ងៃអាទិត្យទី០៩ កញ្ញា ២០១៨ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។
ព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវវគ្គ៥នេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប អ្នកប្រដាល់ជើងខ្លាំងថៃ៣រូប និង អ្នកប្រដាល់ឡាវ១រូប ដើម្បីវាយដណ្តើមយកខ្សែក្រវាត់របស់ភេសជ្ជៈខារ៉ាបាវក្នុងប្រភេទម្ងន់៦១គីឡូក្រាម ដែលមានទឹកប្រាក់រង្វាន់សរុបចំនួន១០,៥០០ដុល្លារ សម្រាប់អ្នកជាប់ចំណាត់ថ្នាក់ ។
អ្នកប្រដាល់ជើងខ្លាំងទាំង៤រូបរបស់កម្ពុជានោះ គឺរិទ្ធ ភូលូ ក្លិបអាណាចក្រគុនខ្មែរ - ចាន់ ប៊ុនហឿនក្លិបនិរោធមានជ័យ - ព្រឿង សុជាតិ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង ឡៅ ចិត្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ។ ចំពោះអ្នកប្រដាល់ជើងខ្លាំងថៃទាំង៣រូបវិញ មាន Nuth Kor Kesanon – Khumpichit Payaknonghin – Yodpayak Kor Adisorn និង អ្នកប្រដាល់ឡាវ Nampetch Chhor Champion ។
នៅក្នុងសន្និសីទកាសែតមុនការប្រកួតនោះ លោកហ៊ុយ សុខាប្រធានទីផ្សារក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយដែលបង្កឲ្យអ្នកប្រដាល់ទាំង ៨ រូប ត្រូវប្រជែងគ្នាយករង្វាន់ដែលអាចជួយកែប្រែជីវភាពបាន ។ លោកបន្តថា ព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវចាប់ពីវគ្គ១ដល់វគ្គ៤ បានប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ អ្នកស្នេហាវិស័យកីឡាប្រដាល់ ដូច្នេះហើយទើបក្រុមហ៊ុនសម្រេចបង្កើតអោយមានព្រឹត្តិការណ៍នេះឡើងជាលើកទី៥ទៀត ។
លោកហ៊ុយ សុខា បានបញ្ជាក់អោយដឹងទៀតថា ខារ៉ាបាវមិនមែនតែជួយឧបត្ថម្ភតែកីឡាប្រដាល់នេះទេ គឺចូលរួមជួយឧបត្ថម្ភលើច្រើនវិស័យ ដើម្បីការរីកចម្រើនរបស់វិស័យកីឡានៅកម្ពុជា ។
លោកនាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំស្ថានីយទូរទស្សន៍បាយ័ន បាននិយាយអោយដឹងថា ព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវវគ្គ៥នេះ ដែលមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប អ្នកប្រដាល់ជើងខ្លាំងថៃ៣រូបនិងឡាវ១រូបនេះ គឺតម្រូវអោយខ្មែរ-ថៃឬឡាវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយក្នុងការប្រកួតជម្រុះសន្សំពិន្ទុរើសយកអ្នកប្រដាល់ខ្មែរ២រូប ដែលជាប់លេខ១លេខ២ ហើយអ្នកប្រដាល់ថៃឬឡាវ ក៏រើសយកអ្នកជាប់លេខ១លេខ២ដែរ ។អ្នកទាំង៤(ខ្មែរ២និងថៃឬឡាវ២) នឹងត្រូវជួបប្រកួតគ្នាក្នុងពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយអ្នកលេខ១ពូលA(ពូលខ្មែរ)ជួបជាមួយអ្នកជាប់លេខ២ពូលB(ពូលថៃ-ឡាវ) ហើយលេខ២ពូលA ជួបជាមួយអ្នកលេខ១ពូលB ដោយអ្នកដែលឈ្នះនិងជួបជាមួយអ្នកឈ្នះ អ្នកចាញ់ជួបជាមួយអ្នកចាញ់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ១ដល់លេខ៤ ជើងឯកខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦១គីឡូក្រាម ។
ចំពោះរង្វាន់ជ័យលាភីលើកនេះ ក៏មិនខុសគ្នាទៅនឹងវគ្គ៤ដែរ ដោយចំណាត់ថ្នាក់ជើងឯកម្ចាស់ខ្សែក្រវាត់ ក្រៅពីពាននិងខ្សែក្រវាត់ នឹងទទួលប្រាក់រង្វាន់បាន៦.០០០ដុល្លារ ។ សម្រាប់ចំណាត់ថ្នាក់លេខ២ ទទួលបានពាន១និងប្រាក់រង្វាន់៣.០០០ដុល្លារ លេខ៣ បាន១.០០០ដុល្លារ និងលេខ៤បាន៥០០ដុល្លារ ។
លោកឧត្តមសេនីយឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ បានសំណូមពរក៏ដូចជារម្លឹកចំពោះមន្ត្រីគណៈកម្មការបច្ចេកទេស ត្រូវតែខិតខំធ្វើការដោយស្មោះត្រង់ និងធ្វើយ៉ាងណាក្នុងនាមគណៈកម្មការ អាជ្ញាកណ្តាលចៅក្រម ត្រូវតែវិនិច្ឆ័យនិងកាត់សេចក្តីអោយបានត្រឹមត្រូវ យុត្តិធម៌ ឈ្នះគឺឈ្នះ ចាញ់គឈចាញ់ ។ ជាមួយគ្នានេះ លោកប្រធានសហព័ន្ធ ក៏ព្រមានចំពោះកីឡាករដែរ ត្រូវតែរក្សាភាពថ្លៃថ្នូរជាកីឡាករ រក្សាទម្ងន់ សុខភាព ខិតខំហ្វឹកហាត់ ដើម្បីអោយការប្រកួតប្រព្រឹត្តិទៅបានដោយរលូន ។
សម្រាប់ការប្រកួតជម្រុះថ្ងៃដំបូងនេះ រិទ្ធ ភូលូ បានវាយឈ្នះ Nuth Kor Kesanonដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។ នេះជាការជ័យជំនះលើកទី១ របស់រិទ្ធ ភូលូ នៅក្នុងការប្រកួតជម្រុះលើកទី១នេះ ។
ចំពោះ ចាន់ ប៊ុនហឿន វិញ បានប្រកួតឈ្នះអ្នកប្រដាល់ឡាវ Nampetch Chhor Champion ដោយពិន្ទុដែរ ។ នេះក៏ជាការឈ្នះលើកទី១ របស់ចាន់ ប៊ុនហឿនដែរ ក្នុងការប្រកួតជម្រុះខ្សែក្រវាត់ខារ៉ាបាវវគ្គ៥ នេះ៕
Source: Kampuchea Thmey Daily
0 Comments