ភ្នំពេញ ៖ បន្ទាប់ពីត្រូវបានដោះលែង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា លោក កឹម សុខា គ្រាន់តែដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ។
លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ នៅវេលាម៉ោងប្រមាណ៣ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅគេហដ្ឋាន កាលពីរាត្រីថ្ងៃទី០២ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងមក ក្រោមបទចោទក្បត់ជាតិ។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារសុខភាពរបស់គាត់ក៏ពិតមែន ប៉ុន្តែលោក កឹម សុខា មិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការបានឡើយ ហើយចំណាត់ការរបស់ចៅក្រមស៊ើបសួរ កំពុងអនុវត្តនីតិវិធីរបស់ខ្លួនបន្ត។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា "ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឱ្យដោះលែង លោក កឹម សុខា ឱ្យនៅក្រៅឃុំ ហើយបានសម្រេចជំនួសមកវិញនូវវិធានការ នៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចតាមផ្លូវច្បាប់មួយចំនួន។ ការសម្រេចនេះ ដោយផ្អែកទៅលើហេតុផលសុខភាព និងមានការធានាខាងផ្នែកនីតិវិធីច្បាស់លាស់ថា ជនត្រូវចោទ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ"។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណឌ នៃព្រះរាជាណាចក្រកម្ពុជា។ សំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់ចៅក្រមស៊ើបសួរ ដែលកំពុងអនុវត្តនីតិវិធីរបស់ខ្លួនបន្តដោយយកចិត្តទុកដាក់បំផុត ស្របតាមច្បាប់ជាធរមាន៕
Source: Kampuchea Thmey Daily
0 Comments