Ad Code

កាត់ទោស​ស្ត្រី​អាមេរិក​ ដែល​ដឹក​ថ្នាំញៀន​ជាង​១​គីឡូ​ចូល​កម្ពុជា



ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី ០៥​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​លើកយក​សំណុំរឿង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ចូល​កម្ពុជា​របស់​ក្រុម​ជនបរទេស​៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អាមេរិកាំង​ម្នាក់​ផងដែរ មក​ធ្វើការ​ជំនុំ​ជម្រះទោស​ជា​សាធារណៈ។

ជនជាប់ចោទ​ទាំង​៣​នាក់​នេះ​ទី​១.​ឈ្មោះ FORTUNE EGWUONWU ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ២.​ឈ្មោះ MEYER NANCY LELA​ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​អាមេរិក នឹង​៣.​ឈ្មោះ TIPPAPAT MUEANCHAN ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ថៃ។



សូម​រំលឹក​ថា ​ឆ្លងតាម​កិច្ច​ប្រតិបត្តិការ​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​៣១ សីហា ដល់​ថ្ងៃទី​២ កញ្ញា ២០១៧ សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ចាប់​ឃាត់ខ្លួន​ជនបរទេស​៣​នាក់​ជា​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ដោយ​ខុសច្បាប់ នឹង​ចាប់​យក​វត្ថុ​តាង​ថ្នាំញៀន​ជាង​១​គីឡូក្រាម។

កិច្ច​ប្រតិបត្តិការ​នេះ​ ត្រូវ​បាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡឹ​ក វណ្ណៈ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​៣១ សីហា កម្លាំង​ជំនាញ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ិន សុង នាយការិយាល័យ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ នឹង​ស៊ើបអង្កេត​រក​ឃើញ​ថា មាន​ជនជាតិ​អាមេរិក​ម្នាក់ បាន​ទៅ​ស្នាក់នៅ​សណ្ឋាគារ​សំណាងល្អ​ភ្នំពេញ ស្ថិតនៅ​ផ្លូវ​លេខ​៣០៤ ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន ដោយ​សង្ស័យ​ជា​ក្រុម​ជួញដូរ​គ្រឿងញៀន។

ខណៈ​ពេល​សម​ត្ថ​កិច្ច​កំពុង​តាម​ប្រមាញ់​ជននេះ នៅ​ថ្ងៃទី​៣១ សីហា ជន​នោះ​បាន​ចេញដំណើរ​ទៅកាន់​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទៅ​ទទួលយក​ថ្នាំញៀន ដែល​បក្សពួក​ផ្ញើ​មកពី​ក្រៅប្រទេស។ ក្រោម​ការ​សហការ​ជាមួយ​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍ នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំការ​នៅ​អាកាសយាន​អន្តរជាតិ​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​បាន​ធ្វើ​ឃាត់ខ្លួន​ជនជាតិ​អាមេរិក​ម្នាក់​នោះ រួមទាំង​ដកហូត​ថ្នាំញៀន​ប្រមាណ​(១២៣៧.៥​ក្រាម​)​ជាង​១​គីឡូក្រាម ដែល​គេ​ដាក់​តាម​វ៉ា​លី​ចូលមក​ប្រទេស​កម្ពុជា។



លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡឹ​ក វណ្ណៈ បន្ត​ថា ក្រោយពេល​សម​ត្ថ​កិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ នឹង​ដកហូត​ថ្នាំញៀន​នោះ​ហើយ យើង​បាន​នាំ​ជនសង្ស័យ​ទៅ​ឆែក​ទីកន្លែង​ដែល​គេ​ស្នាក់នៅ ប៉ុន្តែ​មិន​មាន​ថ្នាំញៀន​ទៀត​ទេ ទើប​ជនសង្ស័យ​ត្រូវ​បាន​នាំទៅ​សាកសួរ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន។

ទោះជា​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នេះ​ហើយ​ក្តី ការស្រាវជ្រាវ​របស់​ស​ម​ត្ថ​កិច្ច​នៅ​បន្ត រហូតដល់​ថ្ងៃទី​២ កញ្ញា ស្រាប់​នៅ​ថ្ងៃទី​២ កញ្ញា តែ​មាន​ជនសង្ស័យ​២​នាក់ ម្នាក់​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា នឹង​ម្នាក់​ជា​ជនជាតិ​ថៃ បាន​ទៅ​គោះទ្វារ​បន្ទប់​សណ្ឋាគារ ដែល​ស្ត្រី​ជនជាតិ​អាមេរិក​ស្នាក់​នៅក្នុង​គោលបំណង​ទៅ​ទទួលយក​ថ្នាំញៀន​នោះ​បន្ត ក៏​ត្រូវ​បាន​កម្លាំង​សម​ត្ថ​កិច្ច​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដែល​ឃ្លាំមើល​ឃាត់ខ្លួន​តែម្តង​ទៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu