Ad Code

អ្នកនាំពាក្យ​រដ្ឋសភា​ស​ម្តែ​ង​ការ​សោកស្តាយ ​ចំពោះ​ការ​អវត្តមាន​របស់​តំណាង​អង្គទូត​របស់​ប្រទេស​លោកខាងលិច នៅក្នុង​កិច្ចប្រជុំសភា​លើកដំបូង



ភ្នំពេញ ​៖ នៅក្នុង​សម័យប្រជុំ​សភា​លើកដំបូង នីតិកាល​ទី​៦ ដែល​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ មាន​តំណាង​អង្គទូត​២២​ប្រទេស និង​តំណាង​អង្គការ​អន្តរជាតិ​ធំៗ​ចំនួន​៥ ដែល​ភាគច្រើន​ក្រោម​ស្លាក​អង្គការសហប្រជាជាតិ បាន​ចូលរួម​ជា​សាក្សី តាម​ការ​អញ្ជើញ​របស់​ភាគី​កម្ពុជា ប៉ុន្តែ​តំណាង​ស្ថានទូត​៩​ផ្សេងទៀត ដែល​ភាគច្រើន​ជា​តំណាង​ស្ថានទូត​នៃ​ប្រទេស​លោកខាងលិច មិនបាន​ចូលរួម​នោះទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​។



លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅក្នុង​កិច្ច​ប្រជុំ​សភា​ដំបូង​នេះ កម្ពុជា​បាន​អញ្ជើញ​ស្ថានទូត​ចំនួន​៣១ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ នៅក្នុង​អាណត្តិ​ថ្មី​នេះ ប៉ុន្តែ​មានតែ​ស្ថានទូត​ចំនួន​២២ ប៉ុណ្ណោះ បាន​ចូលរួម ចំណែក​តំណាង​ស្ថានទូត​៩​ទៀត មិនបាន​ឆ្លើយតប​នឹង​ការ​អញ្ជើញ​នេះ​ទេ ហើយ​លោក​ក៏​មិនទាន់​ដឹង​អំពី​មូលហេតុ ដែល​តំណាង​ប្រទេស​ទាំងនោះ មិន​ចូលរួម​នៅឡើយ​ទេ​។ ជាមួយគ្នា​នោះ លោក​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​អវត្តមាន​របស់​តំណាង​អង្គទូត​ទាំងនោះ ពីព្រោះ​កម្ពុជា​ចង់​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់ ហើយ​កម្ពុជា​បាន​ខិតខំ​អនុវត្ត និង​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​តាំងពី​ឆ្នាំ​១៩៩៣​មក ប៉ុន្តែ​ការខិតខំ​នេះ​មានការ​លំបាក និង​មាន​ឧបសគ្គ​ជាច្រើន​។

តាម​លោក ឡេង ប៉េងឡុង “​លោកខាងលិច​វាយតម្លៃ​មិនបាន​ត្រឹមត្រូវ​ទេ ចំពោះ​សភាពការណ៍​នៅ​កម្ពុជា បើសិនជា​ពួកគេ​ចង់​ឲ្យ​កម្ពុជា​ដូច​លោកខាងលិច គឺថា​មិនអាច​ធ្វើ​បាន​ភ្លាមៗ​ទេ ព្រោះថា​ កម្ពុជា មិន​មែនមាន​ប្រពៃណី​ដូច​លោកខាងលិច​ទេ អញ្ចឹង​យើង​ខិតខំ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​ប៉ុណ្ណឹង គួរតែ​អបអរសាទរ​ហើយ​”​។

ដោយឡែក សម្រាប់​អង្គការ​អន្តរជាតិ មាន​អង្គការ​ធំៗ​ចំនួន​៥ ក្នុងចំណោម​១១ បាន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ក្នុង​នោះ​មាន អង្គការ UNDP ខុនរ៉ាត​របស់​អាល្លឺម៉ង់ UNFPA យូ​នី​សេ​ហ្វ និង អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាដើម តំណាង​អង្គទូត ដែល​មិនបាន​ចូលរួម​ដូចជា​អូស្ត្រាលី ស៊ុយអែត ប៊ុលហ្គារី អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ និង​ប្រទេស​អង់គ្លេស​។

សូម​បញ្ជាក់​ថា សម័យប្រជុំ​លើកដំបូង បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​រួចរាល់ ពិធី​បើក​សម័យប្រជុំ​លើក​ទី​១ ចាប់ផ្តើម​ការងារ​រប​ស់​ខ្លួន​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដើម្បី​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ការ​អនុម័ត​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​នីតិកាល​ទី​៦​។ លុះ​នៅពេល​រសៀល​តំណាងរាស្ត្រ​ទាំង​១២៥​រូប ចូលទៅ​កាន់​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​ពិធី​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះ​ភក្ត្រ​មហាក្សត្រ​ខ្មែរ មុននឹង​ចាប់ផ្តើម​បំពេញការងារ​របស់ខ្លួន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu