Ad Code

Moeung Phich មក​សងសឹក​ពេជ្រ ម្ទេសខ្មាំង នៅ​សង្វៀន​SEATV



អ្នក​ប្រដាល់​ជើង​ខ្លាំង និង​ជា​ម្ចាស់​មេដាយ​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​របស់​កម្ពុជា គឺ​ពេជ្រ​ម្ទេសខ្មាំង ក្លិប​អា​រុណ​រះ​កីឡា បាន​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ Moeung Phich ដែល​បាន​សុំ​សងសឹក​វិញ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ​Boostrong Fighter On Fire នៅលើ​សង្វៀន​SEA-T V នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៩​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ។

Moeung Phich អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ បាន​វាយ​ចាញ់​ពេជ្រ ម្ទេសខ្មាំង ក្នុង​ទឹក​ទី​៣ កាលពី​ជួបគ្នា​ថ្ងៃទី​២៥​សីហា​កន្លងទៅ។ Moeung Phich ត្រូវ​ម្ទេសខ្មាំង​វាយ​ដួល​នៅ​ដើម​ទឹក​ទី​៣ ធ្វើអោយ​អាជ្ញាកណ្តាល​រាប់​៨​ម្តង​ហើយ​នៅពេល​បន្ត​ការប្រកួត​ទៀត អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏ត្រូវ​ម្ទេសខ្មាំង​ទាត់​អោយ​ខូច​ជើង​និង​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣​នេះ​តែម្តង ។​ពួកគេ​ទាំងពីរ ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។

សម្រាប់​ការជួបគ្នា​លើក​ទី​២​នេះ ពុំ​ដឹងថា​ពេជ្រ ម្ទេសខ្មាំង គេ​អាច​ផ្តួល​យកឈ្នះ Moeung Phich នេះ​បាន​ទៀត​ដែរ​អត់​នោះទេ ? ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​ស្នៀត​ទាត់​របស់គេ ហើយ​គេ​រឹងមាំ​វាយ​មិនចេះ​ហត់​ថែមទៀត ។ នេះ​បើតាម​ការ​កត់សម្គាលឃើញ​ក្នុងការ​ប្រកួត​របស់គេ​កន្លងមក។

ទោះជា​យ៉ាងណា មិនអាច​និយាយ​មុន​ថា អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​រវាង​ពេជ្រ ម្ទេសខ្មាំង​និង Moeung Phich នេះ ។ ពេជ្រ ម្ទេសខ្មាំង គេ​ក៏​ខ្លាំង​ដែរ គេ​ធ្លាប់​ជួប​ច្រើន​នាក់​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់ ជាក់ស្តែង​ការប្រកួត​ចុងក្រោយ​នេះ គេ​ឈ្នះ Moeung Phich នេះឯង។

យ៉ាងណា សំរាប់​ការជួប​ជាមួយ​ម្ទេសខ្មាំង ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់នេះ Moeung Phich មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះ​ម្ទេសខ្មាំង​គេ​វាយ​ខ្លាំង​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ ហើយ​មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​។ ចាំមើល ពេជ្រ ម្ទេសខ្មាំង​អាច​យកឈ្នះ Moeung Phich បានដែរ​ឬ​អត់​?។

ពេជ្រ ម្ទេសខ្មាំង មានកំនត់​ត្រា​ប្រកួត​ចំនួន​៩៤​លើក ក្នុងនោះ​វាយ​ឈ្នះ​៨៣​លើក ចាញ់​១០​លើក និង​ស្មើ ០១​លើក ។ ចំណែក Moeung Phich គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៥៧​លើក ឈ្នះ​៤៨​លើក ចាញ់​០៩​លើក មិនដែល​ស្មើ។

ចំពោះ​ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ត្រូវ​ជួប​ប្រកួត​សងសឹក​ជាមួយ ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។

ពីរ​នាក់​នេះ ធ្លាប់​ជួប​ប្រកួត​គ្នា​ម្តង​ហើយ​កន្លងមក​។ ដូច្នេះ ការជួបគ្នា​លើក​នេះ គឺជា​លើក​ទី​២ របស់​ពួកគេ​ទាំងពីរ ដែល​ការ​ឈ្នះ​ចាញ់ មិនដឹងថា បាន​ទៅលើ​នរណា​នោះឡើយ​? ។​

ស៊ូ វ​ណ្ណះ មាន​ស្នៀត​ទាត់​និង​កណ្តាប់ដៃ​ខ្លាំង និង​វាយ​ល្អ ហើយ​មានចិត្ត​ប្រដាល់​ធំ និង​មាន​ទិច​និ​ច​ប្រកួត​ច្រើន ដើម្បី​យកឈ្នះ​លើ​គូប្រកួត​។ ដោយសារតែ​យ៉ាង​ដូច្នេះហើយ ទើប​ឡើង​ប្រកួត​ឈ្នះ​ច្រើនជាង​ចាញ់​។ យ៉ាងណា ការប្រកួត​លើកចុងក្រោយ​នេះ ស៊ូ វ​ណ្ណះ​បាន​វាយ​ចាញ់​ម៉ន ព្រហ្ម​ម៉ាញ​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៩​សីហា​២០១៨។​

ម៉ន ព្រហ្ម​ម៉ាញ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង តែ​បច្ចុប្បន្ន​រាង​ស្រុត​ធ្លាក់ចុះ ដោយសារ​ការហ្វឹកហាត់​មិនសូវ​ជាប់លាប់ ។​គេ​ក៏មាន​ចិត្ត​ប្រដាល់​ធំ​ដែរ ប៉ុន្តែ​មាន​កម្លាំង​ស៊ុ​ហ្វ​មិនសូវ​រឹងមាំ​។ ព្រហ្ម​ម៉ាញ វាយ​មិនសូវ​សម្រុកចូល​ទេ ប៉ុន្តែ​រាល់​ការ​វាយ​ចេញ​របស់គេ ភាគច្រើន​ចំ​គោលដៅ​ល្អ​។ ការប្រកួត​ចុងក្រោយ​គេ​នេះ ម៉ន ព្រហ្ម​ម៉ាញ វាយ​ឈ្នះ​អ្នក​ប្រដាល់​ស៊ូ វ​ណ្ណះ ដោយ​ពិន្ទុ ។ ចាំមើល តើ​ស៊ូ វ​ណ្ណះ អាច​សងសឹក​ម៉ន ព្រហ្ម​ម៉ាញ បានសម្រេច​ឬ​អត់​លើក​នេះ ។​

រីឯ សំរាំង ភក្តី អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ហ៊ឹម គឹម​រៀង អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ។​ចំណែក​អៀ​ប ឆា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ជួប​ប្រកួត​ជាមួយ ធា វាសនា ក្លិប​រាជសីហ៍​ខេត្តរតនគិរី ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕ ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu