ឡុង សំណាង អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានក្លាយជាម្ចាស់ជើងឯកខ្សែក្រវាត់Wurkz រដូវកាលទី១ ទម្ងន់៦៣,៥០០គីឡូក្រាម បន្ទាប់ពីបានផ្តួលយកឈ្នះPek Thieng អ្នកប្រដាល់ថៃ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី០៩កញ្ញា២០១៨ លើសង្វៀនSEA-TVនោះ ។
ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ Wurkz រដូវកាលទី១ ទម្ងន់៦៣,៥០០ គីឡូក្រាមនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០១៨មក ដោយប្រកួតវិលជុំជម្រុះរវាងពូលខ្មែរ៤រូបនិងពូលថៃ៤រូប ជម្រុះនៅសល់២នាក់ ដែលប្រកួតគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ បានបញ្ចប់នៅថ្ងៃទី ០៩ កញ្ញា ២០១៨នេះ ។
ឡុង សំណាង អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា នៅក្នុងការប្រកួតជម្រុះ៥លើកកន្លងមក គេប្រកួតមិនដែលចាញ់ទេ ។ ចំណែក Pek Thieng ក្នុង៥ប្រកួតដូចគ្នា គេឈ្នះ៣ ចាញ់ ២ ប្រកួត គឺចាញ់ក្នុងវគ្គជម្រុះ១ម្តងនិងក្នុងវគ្គផ្តាច់ព្រ័ត្រនេះឯង។
Pek Thieng បានវាយចាញ់ ឡុង សំណាង ដាច់តែម្តង ដោយឡុង សំណាងឈ្នះដោយឯកច្ឆ័ន្ទ គឺ៥ទល់០ ពោលចៅក្រមទាំង៥រូប បានផ្តល់ពិន្ទុអោយ ឡុង សំណាងឈ្នះទាំង៥រូប ។
គួរបញ្ជាក់ថា Pek Thieng ធ្លាប់ចាញ់ឡុង សំណាង ១ លើកហើយ ក្នុងការជួបប្រកួតគ្នាក្នុងវគ្គជម្រុះកន្លងមក ដោយឡុង សំណាង ឈ្នះ Pek Thieng ក្នុងទឹកទី៤ ហើយមកដល់វគ្គផ្តាច់ព្រ័ត្រនេះ អ្នកប្រដាល់ថៃរូបនេះ នៅតែវាយចាញ់ឡុង សំណាង ដដែល តែចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ ។
ឡុង សំណាង ក្លាយជាម្ចាស់ខ្សែក្រវាត់Wurkzរដូវកាលទី១ ទម្ងន់៦៣,៥០០គីឡូក្រាម ដែលមានប្រាក់រង្វាន់២០លានរៀល ប្រហាក់ប្រហែលនឹង៥.០០០ដុល្លារ។ រីឯ Pek Thieng ដែលបានចំណាត់ថ្នាក់លេខ ២ នោះ បានរង្វាន់១២លានរៀល ប្រហាក់ប្រហែលនឹង៣.០០០ដុល្លារ ។
ចំពោះការប្រកួតជាលក្ខណះមិត្តភាពអន្តរជាតិវិញនោះ យុគ យក្សផ្លែអ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ បានវាយចាញ់អ្នកប្រដាល់ថៃ Kamlay Yuok ដែលជាអ្នកប្រដាល់ថៃជើងចាស់ ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។ យុគ យក្សផ្លែ វាយចាញ់ Kamlay Yuokនេះម្តងហើយ ដែលលើកនេះ គេត្រូវសងសឹកវិញ ប៉ុន្តែធ្វើមិនបានសម្រេច ។
វ៉ាន់ វឿន អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា បានផ្តួលរ៉ែម រាជ អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាបក្នុងទឹកទី៣ ខណះឈួន រិទ្ធី អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ វាយចាញ់ខាំ ផានី អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យក្នុងទឹកទី២ ៕
Moeung Phich សងសឹក ពេជ្រ ម្ទេសខ្មាំង មិនបានសម្រេច
អ្នកប្រដាល់ជើងខ្លាំង និងជាម្ចាស់មេដាយស៊ីហ្គេមឆ្នាំ២០១៧របស់កម្ពុជា គឺពេជ្រម្ទេសខ្មាំង ក្លិបអារុណរះកីឡា បានយកឈ្នះអ្នកប្រដាល់ថៃ Moeung Phich ជាលើកទី២ ក្នុងការដែលអ្នកប្រដាល់ថៃរូបនេះ សុំសងសឹកវិញ ក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិBoostrong Fighter On Fire នៅលើសង្វៀនSEA-T V កាលពីថ្ងៃទី០៩កញ្ញា២០១៨នោះ ។
Moeung Phich អ្នកប្រដាល់ជើងខ្លាំងថៃ បានវាយចាញ់ពេជ្រ ម្ទេសខ្មាំង ក្នុងទឹកទី៣ កាលពីជួបគ្នាថ្ងៃទី២៥សីហាកន្លងទៅ ។ប៉ុន្តែមកសងសកសឹកវិញនៅពេលនេះ Moeung Phich ចាញ់ ម្ទេសខ្មាំង ត្រឹមតែពិន្ទុប៉ុណ្ណោះ ។ ពួកគេទាំងពីរ ជួបប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ចំពោះស៊ូ វណ្ណះ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ ដែលឡើងប្រកួតសងសឹកជាមួយ ម៉ន ព្រហ្មម៉ាញ អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោកដែរនោះ ក៏ពុំបានសម្រេចដែរ ដោយបានត្រឹមស្មើគ្នាប៉ុណ្ណោះ។ ពួកគេជួបប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម ។
តាមពិត ម៉ន ព្រហ្មម៉ាញ វាយមិនអស់ពីសមត្ថភាពផងទេ ព្រោះក្នុងការប្រកួតគ្នា៥ទឹកនោះ ម៉ន ព្រហ្មម៉ាញត្រូវអាជ្ញាកណ្តាលព្រមានរូបគេអោយវ៉ៃអស់ពីសមត្ថភាព តែយ៉ាងណាម៉ន ព្រហ្មម៉ាញ នៅតែប្រកួតតាមធម្មតាៗដដែល ដោយគេអះអាងថា គេប្រកួតអស់ហើយ មិនបានប្រកួតលេងៗទេ ។
រីឯ សំរាំង ភក្តី អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ត្រូវ ហ៊ឹម គឹមរៀង អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ វាយអោយសន្លប់ក្នុងទឹកទី២។ អ្នកប្រដាល់ទាំងពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments