Ad Code

ប៉ូលិស​ស្ទាក់ផ្លូវ​ចាប់ខ្លួន​យុវជន​៧​នាក់ ជាប់​ពាក់​ព័​ន្ធ​សេព​គ្រឿងញៀន​ខុសច្បាប់



ភ្នំពេញ​ ៖ ក្រុម​យុវជន​ចំនួន​៧​នាក់​ ដែល​ងប់ងុល​នឹង​ការ​សេព​ថ្នាំ​ញៀន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន កាលពី​រំលង​អធ្រាត្រ​ថ្ងៃទី​៣០ ខែ​កញ្ញា ឈាន​ចូល​ថ្ងៃទី​០១ និង​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុង​សង្កាត់​អូរ​បែកក្អម​ និង ​សង្កាត់​ភ្នំពេញ​ថ្មី​។

តាម​ការ​បង្ហាញ​ប្រាប់​របស់​ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​សមត្ថកិច្ច​កំពុង​យាមល្បាត​តាមផ្លូវ​លេខ​២០០៤ ក្នុងភូមិ​ស្លែង​រលើង សង្កាត់ អូរ​បែកក្អម ខណ្ឌ​សែន​សុខ បាន​ប្រទះឃើញ​ជន​ក្រុម​ជនសង្ស័យ​ខាងលើ​មាន​គ្នា​៤នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ៣២៨៤ ​នៅ​វេលា​ម៉ោង​១​កន្លះ​រំលង​អធ្រា​ត្រ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​ការ​សង្ស័យ​ក៏​ឃាត់​អោយ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​មិនឃើញ​មាន​សម្ភារៈ​ល្មើសច្បាប់​ទេ​ក៏​នាំ​ពួកគេ​មក​ត្រួតពិនិត្យ​ទឹកនោម​រកឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន ទាំងអស់គ្នា​ទើប​ឃាត់ខ្លួន​តែម្តង​។



ក្រុមទី​២​ ត្រូវ​បាន​ប៉ូលិស​យាមល្បាត​ប្រទះឃើញ​ពួកគេ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា តាមផ្លូវ​១៩៨៦ នៅ​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨ នាំ​យក​មក​ត្រួតពិនិត្យ​ទឹកនោម​រកឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ទាំងអស់គ្នា​ទៀត​ទើប​ឃាត់ខ្លួន​តែម្តង។



ជនសង្ស័យ​ក្រុម​ទី​១​មាន​គ្នា​៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ ១.​ឈ្មោះ សៀង ​ឌី អាយុ​២៣​ឆ្នាំ នៅផ្ទះ​ជួល​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។ ២. ឈ្មោះ ឈុំ វណ្ណា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​។ ៣.​ឈ្មោះ ឈុំ វណ្ណៈ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក​។ ៤.​ឈ្មោះ ចាន់ រ៉ា អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដំណាក់​។ ពួកគេ​ទាំង​៤​នាក់​មាន​មុខរបរ​ជាងសំណង់​ផ្នែក​ពិ​ដាន និង​ដំបូល​ឆ្អឹង​ដែក​។ ក្រុមទី​២ មាន​គ្នា​៣​នាក់​១.​ឈ្មោះ អ៊ូ សុ​ផានី អាយុ​៣២​ឆ្នាំ គ្មាន​មុខរបរ​មាន​ទីលំនៅ សង្កាត់​ផ្សារ​ដើម​គរ​ខណ្ឌទួលគោក​។ ២.​ឈ្មោះ រ៉ា ឌី អាយុ​២០​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ៣.​ឈ្មោះ ភឿន រតនា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។

ប៉ូលិស​និយាយ​ថា ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ មានទោស​ពី​បទ​ប្រើ (​សេព​) គ្រឿងញៀន​ខុសច្បាប់ នឹងត្រូវ​បញ្ជូន​ទៅ​តុលាការ​វិនិច្ឆ័យ​ទោស ដែល​តាមច្បាប់​ប្រើប្រាស់​ឃាត់ខ្លួន​លើក​ទី​១​ត្រូវយក​ទៅធ្វើ​ការអប់រំ​និង​បន្សាប​គ្រឿងញៀន នៅ​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ យ៉ាងតិច​រយៈពេល​៣​ខែ ឬ​៦​ខែ ឬ​១​ឆ្នាំ រហូត​លុះត្រា​អស់​សារជាតិ​ថ្នាំញៀន​នៅក្នុង​ខ្លួន ទើប​អាច​ដោះលែង​បាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu