Ad Code

ផ្ដន្ទាទោស​បុរស​ជនជាតិ​ឡាវ​ម្នាក់ ​ដាក់​ពន្ធនាគារ​មួយ​ជីវិត​ក្នុង​សំណុំរឿង​គ្រឿងញៀន​៥៤​គីឡូក្រាម



ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ពេជ្រ វិជ្ជាធរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជំរះ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី ០២​តុលា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​បុរស​ជនជាតិ​ឡាវ​ម្នាក់​ជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​៥៤​គីឡូក្រាម​មក​លក់​ចែកចាយ​លើ​ទីផ្សារ​គ្រឿងញៀន​ក្នុង​រាជធានី​ភ្នំពេញ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការចោទប្រកាន់​ពី​បទ​ដឹកជញ្ជូន រក្សាទុក និង​ជួញដូរ​សារធាតុ​ញៀន តាម​មាត្រា​៤០​នៃ​ច្បាប់​ប្រឆាំង​គ្រឿងញៀន​កម្ពុជា។



ចំណែក​ជនជាប់ចោទ​ម្នាក់​ទៀត​ឈ្មោះ​ស៊ី ឡា​ឡយ ដែល​ស្លាប់​ក្នុង​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​ត្រូវបាន​រំលត់​បណ្ដឹងអាជ្ញា។

អតីត​ឧកញ៉ា ស៊ី ឡា​ឡយ ជា​ម្ចាស់​គ្រឿងញៀន​ទម្ងន់​៥៤​គីឡូក្រាម ដែល​កំពុង​ជាប់​ការស៊ើបអង្កេត​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​ទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៧ នៅ​ឯ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ដោយសារ​រោគាពាធ​។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ ស៊ី ឡា​ឡយ ពិតជា​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី​មែន បន្ទាប់ពី​ជំងឺ​បាន​ធ្វើ​ទុក្ខ ហើយ​ខាង​ពន្ធនាគារ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រុ​ស្ស៊ី​កាលពី​ថ្ងៃទី​២១ ខែសីហា។



​សូម​រំឭក​ថា កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​ចាប់ខ្លួន​ឧកញ៉ា ស៊ី ឡា​ឡយ អាយុ​៤៣​ឆ្នាំ និង​ឈ្មោះ លួ​ន សុ​ផា អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ឡាវ​ខណៈ​ពួកគេ​នាំយក​គ្រឿងញៀន​ទម្ងន់​សរុប​៥៤​គីឡូក្រាម​ចូលមក​ក្រុងភ្នំពេញ​ដើម្បី​លក់ដូរ​។

បន្ទាប់មក​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ ថ្មីៗ​នេះ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​នគរបាល​ខេត្តស្ទឹងត្រែង បាន​ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ បាន​ឃាត់ខ្លួន​ឈ្មោះ ថង វ៉ាង ពីបទ​ជួញដូរ និង រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ជនសង្ស័យ​ឈ្មោះ ថង វ៉ាង មានមុខ​របរ​ជា​នាយក​ក្រុមហ៊ុន​ដឹកជញ្ជូន ថង វ៉ាង គឺជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ពី​ខេត្តស្ទឹងត្រែង​យកមក​ឲ្យ​ឈ្មោះ ស៊ី ឡា​ឡយ នៅ​រាជធានី​ភ្នំពេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu