Ad Code

ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) សហការ​ជាមួយ វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំនាញ​ជាងសំណង់



ភ្នំពេញ​ ៖ កាលពី ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​មក​នេះ ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) និង វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា (NPIC) វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំនាញ​ជាងសំណង់ សម្រាប់​ជាង និង​មេជាង​សំណង់ នៅឯ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា ដើម្បី​លើកកម្ពស់​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​របស់​ពួកគេ​។



ជាង និង​មេជាង​សំណង់ ៣០​នាក់ ដែលជា សមាជិក​ក្លឹប​ស៊ីម៉ងត៍​អូដ្ឋ មកពី​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ចូលរៀន​វគ្គ​ដំបូង​ដែល​មាន​រយៈពេល​៤​ខែ ចាប់ពី​ខែតុលា ២០១៨ រហូត​ទៅដល់​ខែមករា ២០១៩​។ ក្រៅពី​ការចូល​រៀន​ដោយ​ឥតគិតថ្លៃ សិក្ខាកាម​ទាំងអស់​ក៏បាន​ទទួល​បាន​ការគាំទ្រ​ផ្នែក​ថវិកា​សម្រាប់​ការចាយវាយ​ប្រចាំថ្ងៃ និង​ការធ្វើដំណើរ​។ ការសិក្សា​នេះ ប្រព្រឹត្តិ​ទៅ​នៅ​ចុង​សប្តាហ៍ ហើយ​មានការ​អនុវត្ត​ផ្លា​ល់​នៅនឹងកន្លែង​ការងារ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ។



​ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នៅឯ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា លោក ទៀង សុភៈ​វិជ្ជា តំណាង​ឲ្យ​ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ដែល​ចង់​ឲ្យ​មាន​កិច្ចសហការ​រវាង​ស្ថាប័នរដ្ឋ និង​ស្ថាប័នឯកជន​ក្នុងការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បង្កើន​ស​ម​ត្ថ​ភាព និង​ជំនាញ​។



លោក​បាន​សង្កត់​ធ្ងន់​ថា “​ពួកគេ​ត្រូវតែ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ស្រប​ទៅតាម​ការវិវឌ្ឍន៍​នៃ​ជំនាញ​បច្ចេកទេស​សំណង់ ដែល​កំពុងតែ​រីកចម្រើន និង​មាន​តម្រូវការ​ខ្ពស់​។ ប្រសិនបើ​ពួកគាត់​មាន​ជំនាញ​ផ្នែក​សំណង់​ដែល​ប្រកបដោយ​ស្តង់ដារ នោះ​ពួកគេ​នឹង​អាច សាងសង់​លំនៅឋាន អគារ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ប្រកបដោយ​គុណភាព និរន្តរភាព និង​មោទនភាព​”​។ ជំនាញ ដែល​សិក្ខាកាម​ត្រូវ​រៀន ចែកចេញជា​ពីរ គឺ​ជំនាញ​សំណង់ រួមមាន​ជំនាញ​រៀប​ឥដ្ឋ ជំនាញ​បូកជញ្ជាំង លាយ​ស៊ីម៉ងត៍ ការរៀបចំ​ការដ្ឋាន និង​ជំនាញ​ទន់ ដូចជា​ជំនាញ​ទំនាក់ទំនង ដោះស្រាយ​បញ្ហា ការ​ធ្វើការងារ​ជា​ក្រុម សុវត្ថិភាព​នៅ​កន្លែង​ការងារ ការរៀបចំ​ផែនការ ការគ្រប់គ្រង​ពេលវេលា និង​ថវិកា​ជាដើម​។

លោក មួង ផាស៊ី នាយករង​សិក្សា​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​មានប្រសាសន៍ថា វិ​ទ្យា​ស្ថាន​មាន​ក្តី​រីករាយ និង​សោម​ន្ស ដែល​ក្រុមហ៊ុន​សហការ​ជាមួយ​។



លោក ខន ដា​រ៉ា អាយុ ៣៧ ឆ្នាំ ជា​មេជាង​ម្នាក់​មកពី​ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា លោក​ពិតជា សប្បាយចិត្ត​ជា​ខ្លាំង​ដែល​ក្រុមហ៊ុន​បានជ្រើសរើស​​រូបលោក​ម​ក​សិក្សា​ជំនាញ​នេះ​។ លោក​បន្ត​ថា លោក​ធ្វើ​ជាជាង និង​មេជាង​សំណង់​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ តែ​លោក​មិនដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជាងសំណង់​នោះទេ គឺ​លោក​រៀនសូត្រ​ពី​ឪពុក​របស់​លោក​តែប៉ុណ្ណោះ​។ លោក​សង្កត់ធ្ងន់ថា “​បន្ទាប់ពី​រៀន​ចេះ​ពី​វគ្គ​នេះ​ហើយ ខ្ញុំ​នឹង​អាច​បង្កើន​សមត្ថភាព​ការងារ​របស់ខ្ញុំ និង​បន្ត​បណ្តុះបណ្តាល​កូនជាង​របស់ខ្ញុំ​ជាង​២០​នាក់​ផ្សេងទៀត​ដើម្បី​បង្កើន​ជំនាញ និង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការងារ​ជាងសំណង់​នេះ​”​។

ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ ៣​ដង​ក្នុង​មួយឆ្នាំ ដែល​សិក្ខាកាម​នីមួយៗ ត្រូវ​ចូលរៀន​វគ្គ​ទ្រឹស្តី​នៅ​សាលា និង​ការអនុវត្ត​ផ្ទាល់​នៅ​ការដ្ឋាន​នានា​។ សព្វថ្ងៃ​ក្លឹប​ស៊ីម៉ងត៍​អូដ្ឋ មាន​សមាជិក​ដែលជា​ជាង និង​មេជាង​សំណង់​ចំនួន ១២០០ នាក់​មកពី​ខេត្ត និង​រាជធានី​ចំនួន​ដប់​នៅ​ប្រទេស​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu