Ad Code

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្នើ​ទៅ​រដ្ឋាភិបាល​វៀតណាម ទប់ស្កាត់ ការនាំ​អនុផល​ព្រៃឈើ​ខុសច្បាប់​ពី​កម្ពុជា​ចូលទៅ​លក់​នៅ​ប្រទេស​វៀតណាម



ភ្នំពេញ​ ៖ ក្នុង​ជំនួប​ទេ្វ​ភាគី​រវាង រដ្ឋមន្ត្រី​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​លោក ង្វៀន សួន​គឿង កាល ថ្ងៃទី​១២ តុលា ដោយបាន ស្នើ​ឲ្យ រដ្ឋាភិបាល​វៀតណាម​ឲ្យ​មាន​វិធានការ​តឹងរ៉ឹង​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ការនាំ​អនុផល​ព្រៃឈើ​ខុសច្បាប់​ពី​កម្ពុជា​ចូលទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

​ក្នុងជំនួប​នោះ លោក វេ​ង សាខុន បានស្នើ​ទៅ​ភាគី​វៀតណាម ជួយ​មាន​វិធានការ​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ពាណិជ្ជ​កម្មផល អនុផល​ព្រៃឈើ​ខុសច្បាប់ និង​ការនេសាទ​ឆ្លងដែន​ខុសច្បាប់ ដែល​ពុំមាន​ការអនុញ្ញាត និង​មិនមាន​របាយការណ៍​ទៅ​ប្រទេស​វៀតណាម​។ លោក វេ​ង សាខុន ក៏បាន​លើកឡើង​ប្រាប់​ភាគី​វៀតណាម​ផងដែរ​ថា កម្ពុជា​កំពុងតែ​ពង្រឹង​ប្រសិទ្ធភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឆ្លងដែន ដើម្បី​ឆ្លើយ​ទៅនឹង​តម្រូវការ​របស់​សហភាព​អឺរ៉ុប​។​



​ជាមួយ គ្នា​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម​ជួយ​ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើន​តម្លៃ​កៅស៊ូ ដែល​ប្រមូល​ទិញ​ពី​កម្ពុជា ដើម្បី​សម្រួល​ដល់​ជីវភាព​កសិករ​កម្ពុជា​។ ចំពោះ​ការ​ចលនា​សត្វ​ឆ្លងដែន លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ភាគី​វៀតណាម​ជួយ​ពង្រឹង​ការបង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​រវាង​ប្រទេស​ទាំងពីរ​។ ក្រៅពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​ភាគី​វៀតណាម ជួយ​មាន​វិធានការ​តឹងរឹង​បន្ថែមទៀត​ពាក់ព័ន្ធ​ដល់​ការគ្រប់គ្រង​ពាណិជ្ជ​កម្មផល អនុផល​ព្រៃឈើ​ខុសច្បាប់ និង​ការនេសាទ​ឆ្លងដែន​ខុសច្បាប់ ពុំមាន​ការអនុញ្ញាត និង​មិនមាន​របាយការណ៍ ព្រោះ​កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​រៀបចំ​លិខិតបទដ្ឋាន​នានា ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​តម្រូវ​របស់​សហភាព​អ៊ឺរ៉ុប​។​

​ជាការ​ឆ្លើយតប លោក ង្វៀន សួន​គឿង សន្យាថា​នឹង​សហការ​ជាមួយ​វិស័យ​ឯកជន​វៀតណាម​ក្នុងការ​ពិនិត្យមើល​នូវ​លទ្ធភាព​ក្នុង​ការប្រមូលទិញ​កៅស៊ូ​ពី​កម្ពុជា​ក្នុងតម្លៃ​មួយ​សមស្រប​។ ចំពោះ​បញ្ហា​ដំឡូង​មី បច្ចុប្បន្ន​វៀតណាម​ក៏​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ជំងឺឆ្លង ហើយ​ក្រសួង​និង​អ្នកជំនាញ​កំពុងមាន​វិធានការ​កំចាត់​ចោល​នូវ​ប្រភេទ​ជំងឺឆ្លង និង​កែលម្អ​ឡើងវិញ​នូវ​ការខូចខាត និង​ប្រើប្រាស់​ពូជ​ថ្មី​ដែលមាន​ភាព​ធន់​នឹង​ជំងឺ ហើយ​លោក នឹង​ជំរុញ​ដល់​វិស័យ​ឯកជន​វៀតណាម​បន្ត​រក្សា​នូវ​លំនឹង​តម្លៃ​ដំឡូង​មី​នៅ​កម្ពុជា​។ ចំពោះ​ការនេសាទ​ឆ្លងដែន និង​ការដឹកជញ្ជូន​ផល អនុ​ព្រៃឈើ​ឆ្លងដែន ខាង​ភាគី​វៀតណាម​កំពុងមាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ហើយ​រដ្ឋាភិបាល​វៀតណាម​បាន​ជំរុញ​ឲ្យ​មាន​ការដាំ​ព្រៃឈើ​ឡើងវិញ​ជា​លក្ខណៈ​ពាណិជ្ជកម្ម និង​ជួយ​ដល់​បរិស្ថាន​។ ក្រៅពី​កិច្ចការ​ដទៃទៀត ឯកឧត្តម ស្នើ​ឲ្យ​ភាគី​ទាំងពីរ​រៀបចំ​ក្រុមការងារ​កម្រិត​ជំនាញ ដើម្បី​បន្តធ្វើ​ការពិភាក្សា និង​ដោះស្រាយ​នូវ​បញ្ហា​នានា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពង្រីក​នូវ​ទំហំ​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​។​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu