Ad Code

ក្រសួងសុខាភិបាល ​បើក​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ទី​៣​នៅ​ខេត្តបាត់ដំបង



ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បើក​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ទី​៣​នៅ​ខេត្តបាត់ដំបង​ខណៈ​ពីរ​២​កន្លែង ទៀត​នៅ​រាជធានី​ភ្នំពេញ​គឺ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណ។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​មានប្រសាសន៍ថា ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ ​គឺជា​ការអនុវត្ត​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា​ក្នុង​ការ​បង្ខិត​សេវា​បង្ការ​ជំងឺ ឲ្យ​កាន់តែ​ខិត​ទៅ​ជិត​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ពួកគាត់​ត្រូវការ អាច​មក​មជ្ឈមណ្ឌល​នេះ​បាន​ដោយ​ពុំ​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ដូច​ពេល​មុនៗ​ទៀត​នោះឡើយ​។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ក​ន្ល​ង​មក​អ្នករងគ្រោះ​ដោយ​សត្វ​ខាំ នៅក្នុង​បណ្តា​ខេត្ត​នានា ដូចជា​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តពោធិ៍សាត់ ពិបាក​ក្នុង​ការ​ស្វែងរក​សេវា​ដល់​រាជធានី​ភ្នំពេញ​ដែលមាន​ចម្ងាយ​ឆ្ងាយ ហើយ​ត្រូវការ​ពេល​ធ្វើ​ដំណើរ​ក៏​យូរ​ដែរ​។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ក្រសួងសុខាភិបាល បាន​ដាក់​គោលដៅ​កាត់បន្ថយ​ឲ្យ​នៅ​កំរិត​អប្បបរមា​នូវ​ជំងឺ​ដែល​ចម្លង​តាមរយៈ​សត្វ​ឆ្កែឆ្កួត​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ ដោយ​ជំងឺ​នេះ​នឹង​បន្ត​សម្លាប់​ជីវិត​មនុស្ស​ជាច្រើន​នាក់​ក្នុង​១​ឆ្នាំៗ​។​ ជាក់ស្តែង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ផ្តល់​ថ្នាំ​បង្ការ​ដល់​អ្នករងគ្រោះ​ដោយ​សត្វ​ខាំ​ប្រមាណ​ជាង ២២០០០​នាក់​ក្នុង​១​ឆ្នាំ ដែល​ក្នុង​នោះ​ភាគច្រើន​ជា​កុមារ​។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ ប៉ុន្តែ​ក្នុងករណី​ឆ្លង​ជំងឺ​ឆ្កែឆ្កួត ហើយ​មាន​ចេញ​ជា​រោគសញ្ញា​នោះ គឺ​ការវិវត្តន៍​ទៅ​រក​សេចក្តីស្លាប់​ក៏​ខ្ពស់​ណាស់​ដែរ ប្រសិនបើ​មិនបាន​ទទួល​ថ្នាំ​បង្ការ​ក្រោយ​សត្វ​ខាំ​ទេនោះ​។



លោកស្រី​វេជ្ជបណ្ឌិត​បាន​ថ្លែងអំណរគុណ​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ ចំពោះ​កិច្ចសហការ​ដ៏​មាន​សារប្រយោជន៍​នេះ​ ដែល​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ​ព្រោះថា​មជ្ឈមណ្ឌល​នេះ​ក៏​មាន​គោលដៅ​បណ្តុះបណ្តាល ផ្តល់​ចំណេះដឹង និង​ផ្សព្វផ្សាយ​ជូន​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​អំពី​ជំងឺ​ឆ្កែឆ្កួត និង​អំពី​វិធី​ចៀសវាង​ផ្សេងៗ​អំពី​ជំងឺ​នេះ​ផងដែរ​។

លោកស្រី​វេជ្ជបណ្ឌិត​បាន​ជំរុញ​ឲ្យ មានការ​គាំទ្រ​ពី​ផ្នែក​ផ្សេងៗ​ទៀត និង​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​មជ្ឈមណ្ឌល​នេះ ឲ្យ​បាន​ច្រើន​ដើម្បី​ជា​ផលប្រយោជន៍​ការពារ​ជំងឺ​ឆ្កែឆ្កួត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បណ្ឌិត Didier FONTENILLE ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក៏បាន​សំដែង​នូវ​អំណរគុណ​ជូន​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​ជា​និច្ចកាល​តែងតែ​គាំទ្រ លើកទឹកចិត្ត និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ចេញ​ជា​ផ្លែផ្កា​ដូច​យើង​បានឃើញ​នូវ​សមិទ្ធផល​នា​ថ្ងៃនេះ​ស្រាប់ ហើយនឹង​បន្តសកម្មភាព​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​លាយ​ថែមទៀត​។

គួរ​កត់សម្គាល់ថា មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ខេត្តបាត់ដំបង​នេះ គឺជា​ការសហការ​រវាង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត និង​អនុវត្តតាម​និយាម​បច្ចេកទេស​បង្ការ​ជំងឺ​ដូច​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ភ្នំពេញ​ដែរ ដើម្បី​អាច​ការពារ​ប្រជាជន​ក្នុង​ខេត្តបាត់ដំបង​ផ្ទាល់ ក៏ដូចជា​ខេត្ត​ដែល​នៅជាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu